ធនាគារ SME

ធនាគារ SME រំពឹង ទុនកម្ចី៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបនឹងបញ្ចេញអស់នៅឆ្នាំនេះ


ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា រំពឹងទុន ៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប នឹងបញ្ចេញអស់នៅឆ្នាំនេះ ខណៈកន្លងមកធនាគារសហគ្រាសធុនតូច និងមធ្យម ក៍បានបញ្ចេញទុនអស់ជិត ៦០ លានដុល្លារ ដល់អាជីវកម្មប្រភេទនេះ ក្រោមគម្រោងសហហិរញញប្បទាន រួចមកហើយផងដែរ។
ធនាគារ SME
ដោយ

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញវិស័យទេសចរណ៍ ដែលមានទំហំ១៥០លានដុល្លារ សម្រាប់ជួយដល់អាជីវកម្មទេសចរណ៍ ដែលរងគ្រោះដោយសារកូវីដ-១៩ ទើបបញ្ចេញអស់ចំនួនជិត៦០លានដុល្លារ ឬស្មើនឹងជិត៤០% នៃទំហំទឹកប្រាក់សរុបប៉ុណ្ណោះ។

ភាពយឺតយ៉ាងនេះ ត្រូវបានថ្នាក់ដឹកនាំរូបនេះអះអាងថា ដោយសារបច្ចុប្បន្នការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាហាក់នៅមានកម្រិត ដែលមិនទាន់អាចឆ្លើយតបតាមការរំពឹងទុកនៅឡើយ ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។ ម្យ៉ាងវិញទៀត ដោយសារគម្រោងសហហិរញ្ញប្បទាននេះ មានការចូលរួមថវិកាបដិភាគពាក់កណ្តាលពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាដៃគូផ្សេងទៀត ដូច្នេះហើយការផ្តល់ឥណទានទៅដល់អតិថិជន ធនាគារត្រូវមានការទទួលខុសត្រូវ និងមានភាពជាក់លាក់ ដើម្បីធានាថាបន្ទាប់ពីការផ្តល់ឥណទាននេះហើយ គឺមិនមានហានិភ័យដល់ធនាគារ។

បើតាមលោកបណ្ឌិត លឹម អូន បន្ទាប់ពីមើលឃើញពីភាពលំបាក និងភាពស្មុគស្មាញក្នុងការទទួលបានកម្ចីឥណទានពីធនាគារជាដៃគូបែបនេះ ថ្មីៗនេះរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការអនុវត្តកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងទឹកប្រាក់ចំនួន៥០លានដុល្លារបន្ថែម។

យ៉ាងណាមិញ តាមរយៈវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីលើកស្ទួយ និងជំរុញវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២៤ ជាពិសេសជំរុញទេសចរណ៍ក្នុងខេត្តសៀមរាបនេះ លោកបណ្ឌិត លឹម អូន ជឿជាក់ថា ទុនកម្ចីថ្មីបន្ថែម៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបនឹងអាចបញ្ចេញអស់នៅឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់៦០ម៉ឺនដុល្លារក្នុងអត្រាការប្រាក់៦,៥%ក្នុងមួយឆ្នាំ និងមានរយៈពេលរហូតដល់៨ឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកដាក់ទណ្ឌកម្មបុគ្គលនិងស្ថាប័នរុស្ស៊ីចំនួន៥០០ នៅថ្ងៃខួប២ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អាម៉េរិកបានដាក់ចេញទណ្ឌកម្មលើបុគ្គល និងស្ថាប័នរបស់រុស្ស៊ីចំនួន៥០០ ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនអស់រយៈពេលពីរឆ្នាំកន្ល…

តើកម្ពុជាសម្រេចបានលទ្ធផលអ្វីខ្លះពីការចូលរួមនៅលើឆាកអន្តរជាតិនៅ៦ខែកន្លងមកនេះ?

ព័ត៌មាន
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់បណ្ដាប្រទេសជាដៃគូរនានានៅមួយរយៈចុងក្រោយនេះ ត្រូវបានគេកត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ