មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានអះអាងថា ភាគីពាក់ព័ន្ធ បានសម្រេចចរចាស្រុះស្រួលគ្នា ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រេង ដើម្បីចែកគ្នា ហើយប្រេងទាំងនោះ ក៏បានលក់និងផ្ទេរប្រេងពីកប៉ាល់ MT Strovolos ទៅកាន់កប៉ាល់អ្នកទិញរួចរល់ហើយតាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២មកម្ល៉េះ។ តាមរយៈការព្រមព្រៀងគ្នានោះ កម្ពុជាទទួលបានចំណែក៧០% នៃតម្លៃប្រេងដែលបានលក់ជិត៣០ម៉ឺនបារ៉ែលនោះ ហើយបន្ទាប់ពីទូទាត់ចំណាយផ្សេងៗរួច ការទូទាត់ប្រាក់នឹងធ្វើឡើងនៅ ៣០ថ្ងៃក្រោយការលក់។ នេះបើតាមការអះអាងរបស់ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសនៅថ្ងៃទី ២៩ ខែកញ្ញា។
ឯកឧត្តម ជៀប សួរ បានគូសបញ្ជាក់បន្ថែមថា ភាគីរាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណែក ៧០% ពីការលក់ប្រេងជិត៣០ម៉ឺនបារ៉ែលនេះ បន្ទាប់ពីធ្វើការទូរទាត់ចំណាយពាក់ព័ន្ធផ្សេងៗ ដូចជាចំណាយលើការវាស់វាល់ប្រេង ចំណាយលើកប៉ាល់ដែលមកដឹកជញ្ជូនប្រេង និងចំណាយលើការថែទាំគុណភាពប្រេងជាដើម។ ហើយប្រាក់ចំណូលពីការលក់ប្រេងនេះដែរ នឹងទទួលបានក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីការផ្ទេរលក់ប្រេងនោះ។
បើតាម ឯកឧត្តម ជៀប សួរ ការទទួលបានចំណែក៧០% ពីការលក់ប្រេងជិត ៣០ម៉ឺនបារ៉ែលនោះ គឺមិនទាន់អាចកំណត់អំពីចំនួនទឹកប្រាក់នៅឡើយទេ ដោយឯកឧត្តម បានពន្យល់ថា ដោយសារតែតម្លៃប្រេងមានការប្រែប្រួលឡើងចុះៗទៅតាមម៉ោង ទៅតាមថ្ងៃខុសគ្នាៗជានិច្ច។ ហេតុនេះហើយ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាលើតម្លៃសម្រាប់លក់ប្រេងនេះ គឺត្រូវកំណត់តាមមធ្យមភាគតម្លៃប្រេងនៅក្នុងខែកញ្ញា ដែលជាខែដែលបានលក់ប្រេងនេះតែម្ដង។ ហើយចំពោះមធ្យមភាគ ដែលកំណត់តម្លៃលក់ក្នុង១ធុងបារ៉ែលប៉ុន្មាននោះ គឺត្រូវរហូតដល់ដាច់ខែកញ្ញាទើបអាចធ្វើការគណនាបាន។
យ៉ាងណាក៏ដោយចុះ បើតាមទូរទស្សន៍ក្នុងស្រុក ដែលបានស្រង់ប្រសាសន៍ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលនៅខេត្តកែប កាលពីថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ផលប្រយោជន៍៧០% ដែលកម្ពុជាបានមកពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះ គឺអាចទទួលបានប្រាក់ចំណូលប្រហែល ១០ទៅ ២០លានដុល្លារ ហើយថវិកានោះ នឹងជាចូលជាថវិការបស់រដ្ឋ។
គួររំលឹកថា នាវាផ្ទុកប្រេង MT Strovolos បានលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលបូមបានពីអណ្តូងអប្សរាក្នុងឈូងសមុទ្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅប្រទេសថៃ ដោយគ្មានឆ្លងកាត់នីតិវិធីច្បាប់របស់កម្ពុជា។ ក្រោយមក កប៉ាល់ដឹកប្រេងនេះ បានធ្វើដំណើរចេញពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានអាជ្ញាធរប្រទេសនេះចាប់ឃាត់ទុក។ កម្ពុជា បានប្រើប្រាស់ពេលវេលាយូររហូតជាង១ឆ្នាំ ក្នុងការប្ដឹងទាមទារប្រេងឆៅត្រឡប់មកវិញ។ សូមបញ្ជាក់ផងដែរថា ការលួចដឹកប្រេងចេញពីដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាតនេះ គឺធ្វើឡើងក្រោមហេតុផលក្រុមហ៊ុន KrisEnergy ជំពាក់បំណុលរបស់ ម្ចាស់នាវា MT Strovolos បានជួលកប៉ាល់នេះឲ្យមកស្តុកប្រេង ដែលបូមបាននៅកម្ពុជា៕