លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នអ្នកផលិតក្នុងស្រុកកំពុងជួបការលំបាកក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ដែលបញ្ហានេះបានជំរុញឱ្យថ្លៃដើមផលិត និងការចំណាយលើថ្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើជាតម្លៃប្រេងឥន្ធនៈនៅបណ្តាប្រទេសក្នុងតំបន់មានតម្លៃទាបជាង ចង់ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ទន្ទឹមនេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ បានធ្វើប៉ះពាល់ទូទាំងសកលលោករួមទាំងកម្ពុជា ដែលកត្តានេះទាមទារឱ្យអ្នកផលិតក្នុងស្រុកផ្ដោតលើការផលិតទំនិញដែលចាំបាច់បំផុត។ លោកស្រី ក៏បានស្នើឱ្យមានការរៀបចំបញ្ចុះតម្លៃអគ្គិសនី ទោះបីជាដឹងថា វាជារឿងលំបាកក៏ដោយ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់កសិករ និងអ្នកផលិតដែលធ្លាប់ប្រើប្រាស់ប្រេងឥន្ធនៈច្រើន។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ជឿជាក់ថា តម្លៃប្រេងឥន្ធនៈនឹងមិនងាយធ្លាក់ចុះឡើយ ដរាបណាសន្តិសុខនៅច្រកសមុទ្រហ័រម៉ូសនៅតែរងការគំរាមកំហែងសម្រាប់នាវាដឹកប្រេង។ ទន្ទឹមនឹងស្នើឱ្យរដ្ឋាភិបាលសិក្សាលទ្ធភាពបញ្ចុះតម្លៃអគ្គិសនី អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា ការងាកមកប្រើអគ្គិសនីជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈក្នុងកាលៈទេសៈ វាជាវិធីសាស្ត្រមួយដ៏ល្អបំផុតសម្រាប់ពលរដ្ឋ និងម្ចាស់អាជីវកម្មនានា។ ទន្ទឹមនឹងនេះ លោកក៏បានក្រើនរំលឹកដល់ពលរដ្ឋឱ្យបន្តគាំទ្រផលិតផលខ្មែរ និងរក្សាជំហរមិនប្រើប្រាស់ផលិតផលថៃក្នុងកាលៈទេសៈ ដែលកម្ពុជា រងការឈ្លានពានពីប្រទេសជិតខាងមួយនេះ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១-១៣ ខែមីនា តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៥,២០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៦,០៥០រៀលក្នុងមួយលីត្រ។ ក្រសួងរ៉ែ និងថាមពល បានព្រមានថា ស្ថានីយប្រេងឥន្ធនៈអាចប្រឈមនឹងការដកអាជ្ញាបណ្ណ ប្រសិនបើធ្វើអាជីកម្មមិនត្រឹមត្រូវ ឬឆ្លៀតឱកាសកេងចំណេញហួសហេតុក្នុងគ្រាមានវិបត្តិនេះ៕
អត្ថបទ៖ ជា ម៉ារ៉ា