Advertisement
ជំនួប​មេដឹកនាំអាមេរិក និងកូរ៉េ​ខាងជើង​

វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះផ្លូវការ ក្នុងជំនួបលើកទី២ រវាង Donald Trump និង Kim Jong Un


វាហាក់បីដូចជារឿងមួយ ដែលមានមុខមានមាត់ណាស់ដែរ សម្រាប់ប្រទេសវៀតណាម ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងជំនួបលើកទី២ រវាងកំពូលមេដឹកនាំអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។ បើតាមការប្រកាសរបស់លោក Trump ជំនួបនេះលើកទី២ ដ៏កម្រនេះ នឹងធ្វើឡើងនៅថ្ងៃទី ២៧-២៨ កុម្ភៈ ឆ្នាំ២០១៩នេះ។
ជំនួប​រវាង​លោក Donald Trump និង លោក Kim Jong Un លើកទី១ នៅប្រទេសសាំងហ្គាពួ (https://www.cnbc.com/)
ដោយ
Advertisement

លោក Trump បាន​​និយាយ​​នៅ​​ទីក្រុង​វ៉ាស៊ីនតោន កាល​ពីថ្ងៃអង្គារ​​ទី​​០២ កុម្ភៈនេះថា «ការសាកល្បង​នុយក្លែអែរ ត្រូវ​បាន​បញ្ឈប់ ហើយ​ក៏មិន​មាន​ការ​​បង្កើត​មីស៊ីល​​នៅ​​ក្នុង​រយៈពេល ​១៥ខែ​ទៀត​នោះដែរ ​។ ប្រសិន​បើ​ខ្ញុំ​មិន​បាន​​ជាប់ឆ្នោត​​ជាប្រធានា​ធិបតី​​អាមេរិកទេ តាម​ការ​គិត​របស់ខ្ញុំ យើង​​ឥឡូវនេះ ប្រហែល​ជា​ត្រូវ​​ស្ថិតនៅ​ក្នុង​​សង្គ្រាម​​ធំមួយ ជាមួយ​នឹង​កូរ៉េ​ខាងជើង​ហើយ»។

លោក Trump បន្ថែម​ទៀតថា នៅមាន​​កិច្ចការ​ច្រើន​ទៀត ដែលមិន​ទាន់​បាន​​ធ្វើ ប៉ុន្ដែ ​ទំនាក់​ទំនង​​រវាង​លោក និង​លោក Kim Jong Un គឺនៅ​ល្អជាមួយគ្នា។

ត្រូវបាន​​ស្រង់​​សម្ដី ដោយ​សារ​ព័ត៌មាន Asian Nikkei Review លោក Nguyen Khac Giang អ្នកស្រាវជ្រាវ​​នយោបាយ​​ជាន់ខ្ពស់ នៅវិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច និងនយោបាយ នៅទីក្រុង​​ហាណូយ បានលើក​ឡើង​​ពីហេតុផល ដែល​​វៀតណាម​ត្រូវបាន​ជ្រើស​​ធ្វើ​ជាម្ចាស់​ផ្ទះ​​នៅក្នុង​​ជំនួប​​នេះ​ថា  ប្រទេសចិន និងវៀត​ណាម គឺកាន់​របប​កុម្មុយ​នីស​តែមួយ ដែល​ទទួល​បាន​ជោគជ័យ​ទាំងពីរ​ក្នុងការ​ការពារ នូវ​ឥទ្ធិពល និងការអភិវឌ្ឍ​​សេដ្ឋកិច្ច។ កូរ៉េខាងជើង ក៏មាន​​ហេតុផល​​ផ្សេង​ទៀត ដើម្បី​​រៀន​ពី​វៀតណាម និងចិនផងដែរ។

ត្រូវបាន​ស្រង់សម្ដី ដោយ​សារព័ត៌មាន Vietnam Express លោក Le Thi Thu Hang អ្នក​នាំពាក្យ​​ក្រសួង​​ការបរទេស​​វៀតណាម បានឲ្យដឹងថា កាលពី​ខែ​មុន​នេះថា វៀតណាម​ជឿលើ​សមត្ថភាព​របស់​ខ្លួន​​ក្នុងការ​​រៀប​ចំ​នូវ​​កម្មវិធី​ជំនួប​កំពូល​រវាងមេ​ដឹកនាំ​អាមេរិក និងកូរ៉េ​ខាងជើង​នេះ ខណៈដែល​វៀតណាម​​ធ្លាប់បាន​​រៀបចំ កម្មវិធី​ធំៗ​ជាច្រើន​​បាន​ទទួលជោគជ័យ​ដូចជា ព្រឹត្តិការណ៍​​កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​​អាស៊ី​​ប៉ាស៊ី​ហ្វិក (APEC) កាលពី​ឆ្នាំ​២០១៧ជាដើម។

ដោយឡែក តាម​សេចក្ដី​រាយការណ៍​មួយពី AFP ដែលបាន​ស្រង់​សម្ដី ពីមន្ត្រី​រដ្ឋាភិបាល​​វៀតណាម​​ដែរនោះ បានបញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​វៀតណាម​​កំពុង​​រៀបចំ​​ខ្លួន​ហើយ ហើយជំនួប​នេះ អាច​នឹង​ធ្វើ​ឡើង​នៅ​​រដ្ឋធានី​ហាណូយ​​របស់​វៀតណាម ឬ​ក៏នៅ​ទីក្រុង​​តំបន់​​ឆ្នេរ​សមុទ្រ​នៃទី​​ក្រុង Da Nang។ តែយ៉ាងណា បើតាម សារព័ត៌មាន Bloomberg ទីក្រុង​ហូជីមិញ ក៏ជា​ជម្រើស​មួយ​​ផងដែរ ក្នុងការរៀប​ចំនូវ​ជំនួប​កំពូល​នេះ។

គួរបញ្ជាក់ថា វៀតណាម មាន​ទំនាក់​ទំនង​​ល្អ​​ជាមួយ​នឹង​​កូរ៉េខាងត្បូង កូរ៉េខាងជើង និង​អាមេរិក​​ផងដែរ ហើយក៏​មាន​​បទពិសោធន៍​ជោគជ័យ​ជាច្រើន​​លើការ​​រៀប​ចំ​​នូវ​​​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ធំៗជា​ច្រើន​ផងដែរ។ 

គួរបញ្ជាក់ថា លោក Kim និង Trump ធ្លាប់​បានជួប​គ្នា​ម្ដង​រួចហើយ កាលពី​ខែមិថុនា ឆ្នាំមុននេះ នៅប្រទេស​​សាំងហ្គាពួរ ដែល​មេដឹក​នាំកំពូល​ទាំងពីរ​នេះ ក៏បាន​​ចុះហត្ថលេខា​លើ​​ឯកសារ​​សំខាន់​ៗ​ជាច្រើន​​ទាក់ទង​​នឹង​​ការលុប​បំបាត់​​នូវ​អាវុធ​​នុយ​ក្លេអ៊ែ​​នៅ​ឧបទ្វីប​​កូរ៉េ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងលំនៅដ្ឋានតម្លៃសមរម្យ របស់លោក សៀ ឫទ្ធី នឹងចាប់ផ្ដើមប្រគល់ផ្ទះជូនអតិថិជនចាប់ពីខែ មីនា តទៅ

ព័ត៌មាន
គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ស្ថិតក្នុងទីក្រុងរណបសិរីមង្គលរបស់លោកឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងចាប់ផ្ដើមប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្ដើរៗ ចាប់ពីខែ...

ឧកញ៉ា សៀ ឫទ្ធី៖ កំណើនវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០១៩ អាចនឹងថយចុះ

ព័ត៌មាន
សេដ្ឋីអចលនទ្រព្យលេចធ្លោជាងគេនៅកម្ពុជា លោកឧកញ៉ា សៀ ឫទ្ធី បានប្រមើលមើលថា នៅឆ្នាំ២០១៩នេះ កំណើននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចនឹងថយចុះជា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ