កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»នៅកម្ពុជា

សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្ននឹងមេរោគបំប្លែងថ្មី «អូមីក្រុង» តែកុំស្លន់ស្លោជ្រុល


ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈវីរុសបំប្លែងថ្មីនេះទើបរកឃើញករណីដំបូង នៅកម្ពុជា លើស្រ្តីជនជាតិខ្មែរម្នាក់ ដែលទើបត្រឡប់មកពីប្រទេសហ្គាណា។ ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការប្រុងប្រយ័ត្នត្រូវតែមាន តែយ៉ាងណាមិនត្រូវភ័យស្លន់ស្លោជ្រុលពេកទេ ព្រោះការភ័យខ្លាចជ្រុលធ្វើឲ្យមានការវាយតម្លៃខុស។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ (រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជា កម្ពុជា បានរកឃើញវីរុសបំប្លែងថ្មី ដែលអង្គការសុខភាពពិភពលោក និងប្រទេសមួយចំនួនផ្សេងទៀត មានការព្រួយបារម្ភក្តី ក៏កម្ពុជាមិនបិទប្រទេសនោះដែរ ដោយសម្ដេចបានបន្តថា អ្វីដែលត្រូវធ្វើចំពោះមុខ គឺការប្រុងប្រយ័ត្នខ្ពស់ រួមទាំងអនុវត្តឲ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល។ បើតាមសម្ដេច ហ៊ុន សែន វ៉ាក់សាំងតែមួយមុខមិនអាចទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលមានហានិភ័យនៃការចម្លងរហ័សជាងកូវីដ១៩ ធម្មតា។

ជាមួយគ្នានោះ សម្ដេចក៏បានបង្ហាញពីភាពមិនសប្បាយចិត្ត ចំពោះការប្រកាសអាសន្ន ពីអង្គការសុខភាពពិភពលោក ក៏ដូចជា ប្រទេសមួយចំនួនពីបញ្ហាមេរោគបំប្លែងថ្មី អូមីក្រុង ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង រហូតមានភាពចលាចលឈានដល់ការរើសអើងប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រភពរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង មុនគេ។ បន្ថែមនោះ សម្ដេចក៏បានសង្កត់ធ្ងន់ទៀតថា ដ្បិត អូមីក្រុង មានសន្ទុះឆ្លងរហ័ស តែរហូតមកដល់ពេលនេះ មិនទាន់មានការរាយការណ៍ថា មានករណីស្លាប់ដោយសារមេរោគបំប្លែងថ្មី អូមីក្រុង នៅឡើយទេ។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ខាងលើបានធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី១៤ ខែធ្នូ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានលើស្ត្រីមានផ្ទៃពោះម្នាក់ មានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង។ ស្រ្តីវ័យ២៣ឆ្នាំរូបនេះ បានធ្វើដំណើរតាមជើងហោះហើរ ចេញពីប្រទេសហ្គាណា(អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើយ នៅព្រលានយន្តហោះទីក្រុងបាងកក ប្រទេសថៃ ទើបបន្តដំណើរមកដល់កម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ដ្បិតថា បច្ចុប្បន្ន កម្ពុជា បានចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ជាង៨៨% ក៏ដោយចុះ តែសម្ដេច ហ៊ុន សែន នៅតែបន្តជំរុញឱ្យអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ទៅទទួលវ៉ាក់សាំងកូវីដ១៩ ពិសេសបន្តជំរុញពលរដ្ឋឱ្យចាក់ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់គ្នា ដើម្បីបន្តពង្រឹងភាពស៊ាំក្នុងសហគមន៍ និងឈានសម្រេចបានជោគជ័យលើការប្រទេស និងសេដ្ឋកិច្ចឡើងវិញ។ ខណៈគិតត្រឹមថ្ងៃទី១៤ ខែធ្នូ កម្ពុជា បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋសរុប ជាង១៤លាននាក់ ក្នុងចំណោមប្រជាជនជនសរុប ១៦លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ប្រៃសណីយ៍កម្ពុជា និង ទ្រូម៉ាន់នី សហការគ្នា ផ្តល់សេវាដាក់ប្រាក់ចូលគណនីធនាគារកាន់តែទូលំទូលាយ ទូទាំងប្រទេស

ព័ត៌មាន
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ …

នាយករដ្ឋមន្ត្រីកម្ពុជា៖ ចំណូលជាតិចាប់ផ្ដើមកើនឡើងវិញក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជាធូរស្បើយ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅតែមានក្ដីរំពឹងខ្ពស់ថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រារង្វង់ ៣% ក្នុងឆ្នាំ២០២១ ខណៈដែលនៅប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ