ផលិតកម្មរ៉ែមាស

រដ្ឋរកចំណូលបានជាង ១៥លានដុល្លារពីផលិតកម្មរ៉ែមាស ៥,៣លានតោន នៅឆ្នាំ២០២២


គិតចាប់តាំងពីបានចាប់ផ្ដើមឧស្សាហកម្មរ៉ែមាសលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាចម្រាញ់រ៉ែមាសបាន ៥,៣ តោន ដែលផ្ដល់ចំណូលសួយសារ និងចំណូលពន្ធដារចូលរដ្ឋសរុបប្រមាណជាង ១៥លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់ មន្រ្តីនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល នៅក្នុងវេទិកាសាធារណៈ «ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។
រដ្ឋរកចំណូលបានជាង ១៥លានដុល្លារពីផលិតកម្មរ៉ែមាស ៥,៣លានតោន នៅឆ្នាំ២០២២
ដោយ

នៅក្នុងវេទិកាសាធារណៈ «ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣» តាមការចង្អុលបង្ហាញរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម​ន្រ្តីមួយរូបនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជា​ចម្រាញ់រ៉ែមាសបានប្រមាណ ៥,៣ តោន ដោយទទួលបានថវិកា​ចូលរដ្ឋ​ជាសួយសារអាករ​ជាង ៨លានដុល្លារ។ ជាមួយគ្នានេះ តំណាងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានលើក​ឡើងដែរថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល​ពី​វិស័យរ៉ែមាស​នេះ បានចំនួន ៦,៥លានដុល្លារបន្ថែមទៀតផងដែរ។ ដូច្នេះ សរុបជារួម រដ្ឋទទួលបានចំណូល​ប្រមាណ ១៥លានដុល្លារ ពីការចម្រាញ់មាសបាន ៥,៣តោនគិតត្រឹមចុងឆ្នាំ២០២២កន្លងទៅនេះ។ យ៉ាងណាមិញ ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ចំណូលរបស់វិស័យរ៉ែមាសនេះ នៅដំណាក់កាលដំបូងៗគឺមានចំនួនតិចតួចមែន ក៏ប៉ុន្តែ ឯកឧត្តមមានក្តីរំពឹងថា ចំណូលវិស័យរ៉ែមាសកម្ពុជានឹងមានការកើនឡើងបន្តបន្ទាប់ទៀតនាពេលអនាគត។

ពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន ម​ន្រ្តីនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ក៏បានគូសបញ្ជាក់ដែរថា ដោយសារតែបច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល មានមូលនិធិអភិវឌ្ឍន៍សហគមន៍ ដោយគ្រប់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់ មានកាតព្វកិច្ចត្រូវបង់ថវិកាទៅកាន់ក្រសួងរ៉ែ និងថាមពលជាអ្នកគ្រប់គ្រង ដូចនេះ ចំណូលខ្លះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយត្រឡប់ទៅវិញ ទៅលើការអភិវឌ្ឍនៅតាមមូលដ្ឋានដែលធ្វើអាជីវកម្មរ៉ែមាសទាំងនោះ។

បើតាមការបញ្ជាក់ របស់មន្រ្តីនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ ដែលទទួលបាន​ អាជ្ញាប័ណ្ណធ្វើ​អាជីវកម្មឧស្សាហកម្មរ៉ែមាស នៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និង ព្រះវិហារ។ ក៏ប៉ុន្តែក្រុម​ហ៊ុន ដែល​ធ្វើអាជីវ​កម្មដើរដោយរលូន និងទទួលបានផលិតផលច្រើនជាងគេនោះគឺក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់ប្រទេសអូស្ត្រាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី ដោយឡែកក្រុមហ៊ុនដទៃទៀត ដែលកំពុងធ្វើអាជីវកម្មដែរ តែទទួល​បានសមិទ្ធផលតិចតួចប៉ុណ្ណោះ។​

គួររំលឹកថា រដ្ឋាភិបាលកម្ពុជា​បានប្រកាស​ដាក់​ឲ្យដំណើរការ​រោង​ចក្រ​ចម្រាញ់​រ៉ែមាស​លក្ខណៈ​ឧស្សាហកម្មជាលើក​ដំបូងនៅកម្ពុជា គឺរោងចក្រ​ដែល​ប្រតិបត្តិការ​ដោយក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់ប្រទេសអូស្ត្រាលី ដោយ​រំពឹងថាក្រុមហ៊ុនមួយនេះ ​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​ ៣​តោន​ក្នុង​១​ឆ្នាំ និង​រំពឹង​​អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម ​១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ផងដែរ៕




អត្ថបទបន្ទាប់


ក្រុមទេសចរចិនជាង ១០០នាក់ បានធ្វើដំណើរទៅដល់ក្រុងព្រះសីហនុជាលើកដំបូង ក្រោយអាកខានជាង២ឆ្នាំ

ក្ដីរំពឹងរបស់កម្ពុជាក្នុងការទទួលបានភ្ញៀវទេសចរជនជាតិចិនកំពុងមានពន្លឺកាន់តែប្រសើរឡើងហើយ ខណៈដែលនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ មានអ្នកដំណើរ…

ហេតុអ្វីកម្ពុជាត្រូវរៀបចំនីតិវិធីធ្វើបច្ចុប្បន្នភាពដីស្រែអំបិលនៅខេត្តកំពត-កែបឡើងវិញ?

កម្ពុជាកំពុងរៀបចំនីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពដីស្រែអំបិលនៅខេត្តកំពត និងកែបឡើងវិញ ដើម្បីកំណត់ឲ្យដឹងពីដីយុទ្ធសាស្ត្រសម្រាប់ផលិតអំបិល ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ