វិស័យកីឡា

ខេត្តសៀមរាបគ្រោងរៀបចំព្រឹត្តិការណ៍កីឡាធំមួយ ដើម្បីបង្ហាញពីការបើកតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ទេសចរអន្តរជាតិឡើងវិញ


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសសម្រេចរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នៅខេត្តសៀមរាបឡើងវិញ ក្រោយមើលឃើញពីភាពធូរស្បើយនៃការឆ្លងជំងឺកូវីដ-១៩ គួបផ្សំចំនួនអ្នកបានចាក់វ៉ាក់សាំងនៅកម្ពុជាមានកំណើនខ្ពស់។ ការរៀបចំដោយកំណត់ចំនួនអ្នកចូលរួមតែជាង២ពាន់នាក់នេះ វាជាឆ្លើយតបមួយទៅនឹងការបើកសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងគម្រោងបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងបរទេសនៅចុងឆ្នាំខែវិច្ឆិកា នេះ របស់រាជរដ្ឋាភិបាល។
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅខេត្តសៀមរាប ឆ្នាំ ២០១៩ ​ រូបភាព៖ Angkor Wat International Half Marathon

មន្ត្រី និង​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ចាត់​ទុក​ការ​បើក​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ឡើង​វិញ​នេះ​ថា វា​ជា​ការ​បង្ហាញ​ពី​ការ​បើក​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ ក៏​ដូច​ជា​រួមចំណែក​ជួយ​ស្តា​វ​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ កន្លង​មក​ផង​ដែរ​។ 

បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ក្រសួងទេសចរណ៍​ក្រោម​ការ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​លើក​ទី​២៦​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទឹកដី​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ដែល​ខកខាន​រៀបចំ​ម្តង​កាលពី​ឆ្នាំ​២០២០ ឡើង​វិញ​នេះ គឺ​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង NOCC សង្កេត​ឃើញ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្បើយ គួប​ផ្សំ​អត្រា​អ្នក​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​សម្រេច​បាន​ជិត​១០០% លើ​ប្រជាជន​សរុប​។ 

ខុស​ប្លែក​ពី​លើក​មុន​ៗ​ដែល​អនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ចូលរួម​ដោយ​សេរី តែ​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​នៅ​ឆ្នាំ​នេះ​គណៈកម្មការ​រៀបចំ​អនុញ្ញាត​ឲ្យ​មាន​អ្នកចូលរួម​តែ​ចំនួន​២​ពាន់​៥​រយ​នាក់​តែ​ប៉ុណ្ណោះ ហើយ​អ្នកចូលរួម​ត្រូវ​តែ​ជា​ពលរដ្ឋ និង​ជនបរទេស ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា និង​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​មូលដ្ឋាន​រួច​។ 

ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ចាត់​ទុក​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​នេះ​ថា ជា​ការ​បង្ហាញ​ពី​ការ​បើក​តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ឡើង​វិញ ក៏​ដូច​ជា​បង្ហាញ​ពី​សមត្ថភាព​កម្ពុជា​ក្នុង​ការ​បើក​តំបន់​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ដល់​ពិភពលោក​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​យល់​ឃើញ​ថា ទោះបី​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​នៅ​ចុងឆ្នាំ​នេះ​មានការ​កំណត់​ចំនួន​អ្នកចូលរួម​ក៏​ដោយ តែ​វា​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ផ្ទៃក្នុង ឲ្យ​មក​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តសៀមរាប​។

ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​នៅ​ឆ្នាំ​នេះ​ទទួល​បានការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ រួច​ហើយ ខណៈ​បច្ចុប្បន្ន NOCC កំពុង​រង់ចាំ​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​រំពឹង​ថា នឹង​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​អង្គការ​មនុស្សធម៌​នានា​។ ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និង​ការ​បំផុស​បរិស្ថាន​បៃតង​ដល់​ប្រជាពលរដ្ឋ ក៏​ស្ថិត​ក្នុង​គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃជ្រូករស់ក្នុងស្រុកចាប់ផ្ដើមប្រសើរឡើងវិញបន្តិច ក្រោយការនាំចូលជ្រូកពីខាងក្រៅបានថយចុះ

ព័ត៌មាន
តម្លៃជ្រូករស់នៅកម្ពុជា កំពុងចាប់ផ្ដើមប្រសើរឡើងវិញបន្តិច បើប្រៀបនឹងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលកន្លងមក។ ជាក់ស្ដែង បច្ចុប្បន្ន ជ្រូករស់ក្នុងស្…

នៅខែតុលាចិននាំចូលប្រេងឆៅធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ការនាំចូលប្រេងឆៅរបស់ចិន នៅក្នុងខែតុលាបានធ្លាក់ចុះទាបបំផុត គិតចាប់តាំងពីខែកញ្ញាឆ្នាំ២០១៨មក ដោយសារតែក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់រដ្ឋចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ