អគារកញ្ចក់ និងក្រូម៉េដ៏ស្កឹមស្កៃមួយដែលមានរាងជាបក្សីគ្រុឌត្រដាងស្លាបយ៉ាងអំណាចអស្ចារ្យកំពុងតែផុសឡើងយ៉ាងត្រដែតចេញពីក្នុងព្រៃនៃកោះប័រណេអូ (Borneo) ដែលជាកោះធំបំផុតទី៣ ក្នុងពិភពលោកនៃប្រទេសឥណ្ឌូនេស៊ី។
កាលពី២ឆ្នាំមុន ទីតាំងនេះគ្រាន់តែជាចម្ការដ៏ធំល្វឹងល្វើយដែលមានសភាពស្ងាត់ជ្រងំប៉ុណ្ណោះ ប៉ុន្តែត្រឹមតែក្នុងរយៈពេល៧ខែសោះ ស្រាប់តែអគារបក្សីគ្រុឌត្រដាងស្លាបនេះផុសត្រដែតឡើងយ៉ាងរហ័ស ខណៈក្រុមការងារកំពុងសម្រុកសាងសង់អគារនេះឱ្យចប់រួចរាល់ទាន់បុណ្យឯករាជ្យរបស់ប្រទេសនេះនៅខែសីហា ខាងមុខ។ អគារគ្រុឌត្រដាងស្លាបដែលស្ថិតនៅក្នុងគម្រោងសាងសង់រដ្ឋធានីថ្មីដែលមានឈ្មោះថា នូសានតារា (Nusantara) នេះនឹងក្លាយជាវិមានប្រធានាធិបតីរបស់ប្រទេសឥណ្ឌូណេស៊ី។
គម្រោងរដ្ឋធានីថ្មីទាំងមូលដែលរដ្ឋមន្ត្រីឥណ្ឌូនេស៊ី មួយរូបបានបង្ហើបប្រាប់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg ថា គ្រោងចំណាយដល់ទៅចន្លោះពី៣០ទៅ៤០ពាន់លានដុល្លារ និងដែលគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០៤៥ នេះ គឺជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ចូកូវី ដែលបានចាប់ផ្ដើមគម្រោងដ៏មហិច្ឆតានេះក្នុងឆ្នាំ២០១៩ ជាពេលចាប់ផ្ដើមអាណត្តិទី២ នៃការកាន់អំណាចរបស់លោក។
ប៉ុន្តែឈានដល់ការបញ្ចូលបន្ថែមនូវគម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា អនាគតនៃគម្រោងរដ្ឋធានីថ្មីនេះបែរជាស្ថិតក្នុងភាពមិនប្រាកដប្រជា និងហាក់នៅឆ្ងាយពីការសម្រេចបានតាមគោលដៅកំណត់ ទាំងដែលមន្ត្រីរាជការប្រមាណ៣.០០០នាក់ត្រៀមផ្លាស់ទៅកាន់រដ្ឋធានីថ្មីនូសានតារា (Nusantara) នៅចុងឆ្នាំនេះ។ ទាំងនេះ ក៏ដោយសារតែប្រធានាធិបតី ចូកូវី ត្រូវចុះចេញពីអំណាចនៅខែតុលា ឆ្នាំនេះ បន្ទាប់ពីកាន់អំណាចបាន២អាណត្តិ ពោលគឺគម្រោងនេះនឹងរបូតចេញពីដៃរបស់លោក ចូកូវី។
អ្នកបន្តវេនពីលោក ចូកូវី នឹងត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកុម្ភៈ ប៉ុន្តែភាគច្រើនរំពឹងថា ការបោះឆ្នោតនេះនឹងធ្វើឡើងនៅអំឡុងខែមិថុនា។ ខណៈបេក្ខជនប្រធានាធិបតីសំខាន់២រូបក្នុងចំណោមបេក្ខភាពប្រធានាធិបតីទាំង៣រូប បានគាំទ្រផែនការរើរដ្ឋធានីចាស់ទៅកាន់រដ្ឋធានីថ្មី គេនៅតែយល់ថា អ្នកបន្តវេនថ្មីនឹងពិបាកអនុវត្តចក្ខុវិស័យរបស់លោក ចូកូវី ឱ្យសម្រេចខ្លាំងណាស់។
ទន្ទឹមនឹងនេះ សន្ទុះនៃការកៀរគរប្រមូលមូលនិធីដើម្បីសាងសង់រដ្ឋធានីថ្មីនេះក៏បានជាប់គាំង ដោយមានវិនិយោគិនតិចតួចណាស់ដែលមានឆន្ទៈផ្ដល់មូលនិធិ រហូតទាល់តែជ្រើសរើសបានមេដឹកនាំបន្តវេនថ្មី និងថា តើមេដឹកនាំបន្តវេនថ្មីនោះមានជំហរច្បាស់លាស់កម្រិតណាចំពោះគម្រោងរដ្ឋធានីថ្មីនេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្តល់ហិរញ្ញប្បទានត្រឹមតែ២០%ប៉ុណ្ណោះនៃការផ្ដល់ហិរញ្ញប្បទានសរុបសម្រាប់គម្រោងសាងសង់រដ្ឋធានីថ្មីនេះ ហើយ៨០%ទៀតគឺត្រូវការការវិនិយោគពីវិស័យឯកជន៕
ដោយ: តែម សុខុម