ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជិត៦០% ដោយបានចាយទុនអស់ប្រមាណ៨៥០លានដុល្លារ ហើយជាមធ្យមការចំណាយទៅលើគម្រោងប្រចាំថ្ងៃអស់ចន្លោះពីជាង២លាន៥សែនដុល្លារទៅ៣លានដុល្លារក្នុងមួយថ្ងៃ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ អាកាសយានដ្ឋានអន្តរជាតិនេះ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ហើយបើគ្មានការប្រែប្រួលទេនោះ ព្រលាយន្តហោះនេះ អាចនឹងដាក់ឲ្យដំណើរការដំណាក់កាល់ទី១នៅអំឡុងឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ការសាងសង់ អាកាសយានដ្ឋាននេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានចន្លោះពី១១លាននាក់ ទៅ១៥លាននាក់។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល ហើយវាក៏ជាប្រភពចំណូលដ៏ធំសម្រាប់ខេត្តនេះផងដែរ។ ហើយក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ អភិបាលខេត្តរូបនេះរំពឹងថា វានឹងរួមចំណែកជួយជំរុញកំណើន GDP សម្រាប់ពលរដ្ឋម្នាក់ៗ ដែលបច្ចុប្បន្នមានជាង២ពាន់ដុល្លារក្នុងម្នាក់ឱ្យមានការកើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕