វិស័យអាកាសចរណ៍

អាកាសចរណ៍ស៊ីវិលចាត់ទុកការចុះផ្សាយរិះគន់ព្រលានយន្តហោះសៀមរាបថ្មី ជាចេតនាទុច្ចរិត


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាត់់ទុកការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គមតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋាន។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបកស្រាយបំភ្លឺថា ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ(ថ្មី) ដោយលើកយកការបញ្ចេញមតិដែលមានកាលបរិច្ឆេទតាំងពីជាង២ទៅ៩ខែមុនមក ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ(ថ្មី) ទើបតែសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ។ ជាមួយគ្នានេះឯកឧត្តមចាត់ទុក ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គមតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋានតែប៉ុណ្ណោះ

យ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ជុំវិញការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន តែយ៉ាងណាក្នុងនាមជាស្ថាប័នក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ អាកាសចរណ៍ស៊ីវិលបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំ ផ្សព្វផ្សាយ និងក្រើនរំលឹកបន្ថែមដល់បុគ្គលិករបស់អាកាសយានដ្ឋានទាំងអស់ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការណ៍ស្តង់ដា ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាដល់អតិថិជនឱ្យកាន់តែល្អប្រសើរផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ចំពោះការរិះគន់ ឬការបញ្ចេញមតិដោយការផ្តល់ពិន្ទុ និងវាយតម្លៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានកម្រិតផ្កាយប៉ុន្មាននោះ គឺមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់របស់បុគ្គលទាំងនោះឡើយ។ ពោលគឺស្កាយត្រាក (Skytrax) គឺជាស្ថាប័នអន្តរជាតិឈានមុខគេ ដែលធ្វើការស្រាវជ្រាវ និងវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាពនៃសេវាកម្ម និងកិច្ចដំណើរការរបស់អាកាសយានដ្ឋានទាំងនោះ។ យ៉ាងណាមិញ ឯកឧត្តមចាត់ទុក ការសរសេររិះគន់មន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋានពាក់ព័ន្ធនឹងអំពើពុករលួយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាននេះរួចហើយដែរ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

បើតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានខិតខំប្រឹងប្រែងក្នុងការសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាដល់អ្នកដំណើរ ភ្ញៀវទេសចរ ក៏ដូចជាអតិថិជនទាំងអស់ ដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសទាក់ទាញវិនិយោគិនក្នុងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមក មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា អាកាសយានដ្ឋានបានបង្ហាញសមត្ថភាព និងលទ្ធភាពរបស់ខ្លួនក្នុងការជំរុញកំណើនភ្ញៀវទេសចរ ចេញ-ចូលខេត្តសៀមរាបមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ី និងអ៊ីរ៉ង់ឈប់ប្រើប្រព័ន្ធផ្ទេរ និងទូទាត់ប្រាក់អន្តរជាតិ SWIFT ហើយងាកមកផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារក្នុងស្រុក

ព័ត៌មាន
រុស្ស៊ី ដែលជាមហាអំណាចខាងយោធាលំដាប់ទី២ និងសមភាគីអ៊ីរ៉ង់ ដែលជាមហាអំណាចទាំងសេដ្ឋកិច្ច និងយោធានៅមជ្ឈិមបូព៌ា បានប្រកាសបញ្ចប់ការប្រើប្រព័ន្…

ក្រសួងរ៉ែប្តេជ្ញាបោសសម្អាតការរុករករ៉ែខុសច្បាប់ ខណៈមន្ត្រីអះអាងថា ការរុករកបែបនេះមានការថយចុះ

ព័ត៌មាន
សកម្មភាពអាជីវកម្មរុករករ៉ែខុសច្បាប់នៅកម្ពុជា ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អះអាងថា បានថយចុះជាបន្តបន្ទាប់ ក្រោយអាជ្ញាធរបានប្រើវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ