ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីរាជរដ្ឋាភិបាលបានផ្តល់ជម្រើសឲ្យក្រុមហ៊ុននេះ តភ្ជាប់ទឹកចេញពីក្រុងសៀមរាប ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ប៉ុន្ដែ ការតភ្ជាប់នេះ ត្រូវចំណាយថវិកាពី១២ ទៅ ១៣លានដុល្លារអាមេរិក ខណៈភាគីក្រុមហ៊ុនកំពុងពិចារណាលើជម្រើសមួយនេះនៅឡើយ។
បើមិនមានអ្វីប្រែប្រួលទេ តាមផែនការគម្រោងព្រលានយន្ដហោះអន្តរជាតិសៀមរាបថ្មីនឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ខណៈបច្ចុប្បន្នការសាងសង់កំពុងបន្ដធ្វើឡើងយ៉ាងសស្រាក់សស្រាំ និងសម្រេចបានជាង ៤៥%ហើយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ព្រលានយន្តហោះដែលមានតម្លៃជាង១ពាន់លានដុល្លារមួយនេះ គ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ ខាងមុខ។
ប៉ុន្ដែ ការអភិវឌ្ឍន៍គម្រោងព្រលានយន្ដហោះនេះ កំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់ទឹកស្អាត ហើយភាគីខាងអាជ្ញាធរ និងក្រុម៊ុនអភិវឌ្ឍន៍កំពុងស្វែងរកដោះស្រាយលើបញ្ហានេះ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ខេមបូណូមីសថា ក្រោយទស្សនាការធ្វើបទបង្ហាញ និងពិភាក្សាគ្នាអស់រយៈពេលជាច្រើនម៉ោង ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានផ្តល់ជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដល់ក្រុមហ៊ុន AIAI ដែលជាអ្នកអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិសៀមរាបថ្មី ដោយអនុញ្ញាតឲ្យក្រុមហ៊ុននេះ តទឹកចេញពីក្រុងសៀមរាប បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ខាងភាគីក្រុមហ៊ុនមិនទាន់ផ្តល់ចម្លើយយ៉ាងណានោះទេ ខណៈការសម្រេចចិត្តកំពុងស្ថិតក្នុងការពិចារណានៅឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃថា ជម្រើសតភ្ជាប់ទឹកស្អាតចេញពីក្រុងសៀមរាបទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ ក្រុមហ៊ុន AIAI អាចចំណាយចន្លោះពី១២លានដុល្លារទៅ១៣លានដុល្លារអាមេរិក ហើយមានសមត្ថភាពអាចផ្គង់ផ្គង់ទឹកស្អាត៥ពាន់ម៉ែត្រគូបទៅ១ម៉ឺនម៉ែត្រគូប ប្រសិនបើទុយោដើមទីទំហំ៦០០មីលីម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងព្រលានយន្តហោះសៀមរាបថ្មី គម្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៥រយលានដុល្លារអាមេរិក ក្រោមលក្ខខណ្ឌវិនិយោគ សាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេល៥៥ឆ្នាំ។ ព្រលានយន្តហោះនេះ ដែលមានទីតាំងស្ថិតនៅស្រុកសូត្រនិគមនេះ មានចម្ងាយ៥០គីឡូម៉ែត្រពីក្រុងសៀមរាប និង៤០គីឡូម៉ែត្រពីព្រលានយន្តហោះចាស់៕