វិស័យអាកាសចរណ៍

ព្រលានយន្តហោះតារាសាគរខេត្តកោះកុងគ្រោងបញ្ចប់ការសាងសង់នៅខែតុលា


ទោះបីការរាតត្បាត នៃជំងឺកូវីដ-១៩ បានបង្កឲ្យមានបញ្ហារាំងស្ទះមួយចំនួនក៏ដោយ ប៉ុន្តែវាមិនបានបន្ទច់បង្អាក់បង្កការរាំងស្ទះធ្ងន់ធ្ងរដល់ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិនៅតារាសាគរក្នុងខេត្តកោះកុងនោះទេ។ បើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះ ដែលមានតម្លៃជាង ៣រយលានដុល្លារអាមេរិកមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងខែតុលាខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៩០% ហើយ។ តាមគម្រោងព្រលានយន្តហោះលំដាប់អន្តរជាតិមួយនេះ គ្រោងនឹងបើកការហោះហើរសាកល្បងនៅចុងឆ្នាំនេះ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះ

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា ក្រោយព្រលានយន្តហោះនេះបើកដំណើរការ វានឹងជួយរួមចំណែកស្តារវិស័យដឹកជញ្ជូន ទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។  

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បើគ្មានការប្រែប្រួលទេ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសាគរនៅខេត្តកោះកុងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ៩៨% ហើយ។ ឯកឧត្តមបានបន្ថែមថា តាមគម្រោងព្រលានយន្តហោះនេះ គ្រោងបើកការហោះហើរសាកល្បងនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ ប្រសិនបើគ្មានបញ្ហារាំងស្ទះអ្វីមួយ ដែលបង្កដោយមេរោគកូវីដ-១៩ កើតមានឡើង។ 

អ្នកនាំពាក្យរូបនេះ រំពឹងថា ក្រោយព្រលានយន្តហោះលំដាប់អន្តរជាតិមួយនេះ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការវានឹងក្លាយជាចលករដ៏សំខាន់មួយក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងដឹកជញ្ជូន ដែលបាននិងកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានគូសបញ្ជាក់បន្ថែមថា ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏បានបង្កការរាំងស្ទះមួយចំនួនផងដែរ ដល់ដំណើរការសាងសង់ព្រលានយន្តហោះនេះ ប៉ុន្ដែបញ្ហាទាំងនោះត្រូវបានដោះស្រាយជាបន្តបន្ទាប់។

ព្រលានយន្តហោះលំដាប់អន្តរជាតិតារាសាគរខេត្តកោះកុងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន Tianjin Union Development Group ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។ ព្រលានយន្តហោះដ៏ធំមួយនេះ មានផ្លូវរត់បណ្តោយចម្ងាយជាង៣គីឡូម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទប៊ូអ៊ីង(Boeing)777 និងប្រភេទអ៊ាប៊ើស(Airbus) A340 ឲ្យចុះចតបាន៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យកសិករចិញ្ចឹមជ្រូកព្រៃ ដ្បិតវាមានតម្លៃខ្ពស់មិនចាញ់ជ្រូកកណ្ដុរ

ព័ត៌មាន
អ្នកជំនួញកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជា ឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យកសិករចិញ្ចឹមពូជជ្រូកព្រៃ ព្រោះជ្រូកប្រភេទនេះ បច្ចុប្បន្នមានតម្រូវការទីផ្សារ…

ផលិតផលសក្ដានុពលខ្ពស់របស់កម្ពុជាចំនួន៣មុខសម្រេចបានកំណើននាំចេញដល់ទៅ៣ខ្ទង់ក្នុង៨ខែឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជា ស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនកូវីដ១៩ ប៉ុន្ដែ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាជារួមនៅតែសម្រេចបានកំណើនខ្ពស់។ ក្នុង ចំណោមផលិតផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ