ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានប្រកាសពន្ធគយថ្មីលើផលិតផលបន្ទះសូឡារាប់ចាប់ពីបំណែកបន្ទះសូឡារហូតដល់ផលិតផលបន្ទះសូឡាសម្រេច ដោយបានពង្រីកវិធានការប្រឆាំងការលក់បង្ខូចថ្លៃបន្ទះសូឡានៅអាស៊ីអាគ្នេយ៍។
លោក ព្យែរ ឡូ (Pierre Lau) អ្នកវិភាគនៅធនាគារវិនិយោគអាម៉េរិក Citi Group បានធ្វើការកត់សម្គាល់ថា ចំណាត់ការដំឡើងពន្ធនេះ គឺស្របគ្នាទៅនឹងការរំពឹងទុក ហើយវានឹងជួយជំរុញផលិតកម្មបន្ថែមទៀតរបស់សហរដ្ឋអាម៉េរិក ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតបន្ទះសូឡាជាច្រើននៅសហរដ្ឋអាម៉េរិក រួមមានទាំងក្រុមហ៊ុន Hanwha Qcells និងក្រុមហ៊ុន First Solar របស់កូរ៉េខាងត្បូងផង បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា បណ្ដាក្រុមហ៊ុនចិន លក់ផលិតផលបន្ទះសូឡានៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងតម្លៃទាបជាងទីផ្សារខ្លាំង ដែលធ្វើឱ្យពួកគេពិបាកនឹងឈរជើង។
លោកស្រី យ៉ាណា រីស្កូ (Yana Hryshko) ប្រធានផ្នែកស្រាវជ្រាវខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះសូឡាសកលនៅក្រុមហ៊ុនអង់គ្លេស Wood Mackenzie បានលើកឡើងថា បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាដែលរងផលប៉ះពាល់អាចនឹងងាកទៅទិញបន្ទះសូឡាពីប្រទេសឡាវ និងឥណ្ឌូនេស៊ី ដើម្បីទប់ការធ្លាក់ចុះប្រាក់ចំណេញរបស់ពួកគេ។
បណ្ដាក្រុមហ៊ុនចិន បានបង្កើតរោងចក្រផលិតបន្ទះសូឡាជាច្រើនរួចមកហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវ ដែលមិនទាន់រងផលប៉ះពាល់ពីពន្ធគយនៅឡើយ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ប្រទេសទាំងនេះ ក៏អាចប្រឈមមុខនឹងពន្ធគយដែរ នៅពេលដែលបរិមាណនាំចេញកើនឡើង។
ទិន្នន័យផ្លូវការបង្ហាញថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ៨០%នៃការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាម៉េរិក គឺមានប្រភពចេញពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។ សូមបញ្ជាក់ថា ការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាម៉េរិក បានកើនឡើងរហូតដល់១៥ពាន់លានដុល្លារកាលពីឆ្នាំមុន៕
ដោយ: តែម សុខុម