បើតាមក្រុមហ៊ុននេះនៅក្នុងរយៈពេល២ខែកន្លងមកនេះក្រុមហ៊ុនលក់ផ្ទះជូនអតិថិជនថ្មីបានជាង១០០ផ្ទះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន បុរីពិភពថ្មី កាលពីពេលកន្លងទៅបានប្រកាសប្រមូលទិញយកលំនៅដ្ឋានពីអតិថិជនដែលអស់លទ្ធភាពបង់ប្រាក់រំលស់ជាមួយក្រុមហ៊ុន ដោយផ្ដល់ជូនតម្លៃ៥០%នៃប្រាក់ដើម ដែលអតិថិជនបានបង់ជាមួយក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនមិនទទួលទិញផ្ទះពីបុគ្គលណាដែលមានផ្ទះចាប់ពី២ផ្ទះឡើងទៅនោះទេ។ ការប្រកាសទិញបែបនេះធ្វើឡើងក្រោយមានការតវ៉ាពីអតិថិជនមួយចំនួន ដែលអស់លទ្ធភាពបង់ប្រាក់ឱ្យក្រុមហ៊ុនបន្ត ក្រោយពួកគេជួបបញ្ហាសេដ្ឋកិច្ច។
ជុំវិញបញ្ហាវិវាទរវាងអ្នកទិញ និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជានេះដែរ មានប្រជាពលរដ្ឋជាច្រើនបានដាក់ពាក្យបណ្តឹងមកកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីសុំអន្តរាគមន៍។ បើតាមទិន្នន័យរបស់និយ័តករនេះ យ៉ាងហោចណាស់មានបណ្ដឹងប្រមាណ១ពាន់៧រយករណី ត្រូវបានដាក់មកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីសុំឱ្យជួយសម្របសម្រួលបញ្ហាជាមួយបុរីប្រមាណ៣០ ទៅ៤០ ប៉ុន្តែជំនួបខ្លះពុំទទួលបានផ្លែផ្កាឡើយ ដោយសារភាគីអ្នកទិញ និងអ្នកលក់ពុំយល់ស្របនូវលក្ខខណ្ឌដែលបានដាក់រៀងៗខ្លួន៕