នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី ជាសញ្ញាបង្ហាញពីការព្យាយាមស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរមានភាពតានតឹងនឹងគ្នាអស់ជាច្រើនឆ្នាំ។ មេដឹកនាំទាំងពីរបានប្តេជ្ញាសហការឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌ និងអាចទទួលយកបានទៅវិញទៅមកសម្រាប់បញ្ហាព្រំដែនមានជម្លោះ ហើយលោក ណារិនដ្រា ម៉ូឌី ក៏បានអំពាវនាវឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់។
ជំនួបនេះកើតឡើង៦ឆ្នាំបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវតាមព្រំដែននៅតំបន់ភ្នំហិមាល័យ។ ទោះជាទំនាក់ទំនងមួយចំនួនបានចាប់ផ្តើមឡើងវិញក៏ដោយ ក៏ការមិនទុកចិត្តគ្នានៅតែមាន ខណៈប្រទេសទាំងពីរនៅតែដាក់ពង្រាយកងទ័ពយ៉ាងច្រើនតាមព្រំដែនប្រវែងប្រមាណ៣,៥០០គីឡូម៉ែត្រ។
ទន្ទឹមនេះការគំរាមកំហែងដំឡើងពន្ធដោយលោក ត្រាំ និងការប្រឆាំងចំពោះកិច្ចខិតខំរបស់ប្លុកប្រទេស BRICS ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក កំពុងដាក់សម្ពាធលើប្លុកនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្លុកប្រទេស BRICS តំណាងឱ្យប្រមាណ៤៩% នៃប្រជាជនពិភពលោក ៤០% នៃផលិតផលក្នុងស្រុកសរុប និង២៦% នៃពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែប្រទេសជាសមាជិករបស់ប្លុកនេះនៅតែមានការខ្វែងគំនិតគ្នាអំពីថា តើគួរប្រឈមមុខនឹងទីក្រុងវ៉ាស៊ីនតោន ខ្លាំងកម្រិតណា៕
ដោយ: តែម សុខុម