
នៅក្នុងកម្មវិធីជួបជុំជាមួយអតិថិជន និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កាលពីពេលថ្មីនេះ លោក ចេង វុទ្ធី ប្រធានផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ CPL ឲ្យដឹងថា រយៈពេល៥ឆ្នាំមកនេះ តម្លៃដីនៅតំបន់ខណ្ឌដង្កោ មានការឡើងថ្លៃជាលំដាប់ ទោះបីស្ថិតនៅនៅក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩នេះក៏ដោយ។
លោកថា «នៅក្នុងតំបន់នេះបច្ចុប្បន្ន មានគម្រោងធំៗដែលគ្រោងនឹងធ្វើមានដូចជា ផ្សារប៉េងហួត អេកូម៉ល ហើយមួយទៀតគឺផ្សារអ៊ីអន៣ ដែលនឹងលេចរូបរាងនៅក្នុងពេលឆាប់ៗនេះ និងមានគម្រោងយក្សមួយទៀតរបស់ក្រុមហ៊ុនING City ដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ១.៥០០លានដុល្លារដែលមានផ្សារ មន្ទីរពេទ្យ រួមនឹងហាងទំនើបផងដែរ»។ លោកអះអាងថា កត្តាទាំងនេះហើយ ដែលជំរុញតម្លៃដីធ្លី នៅក្នុងខណ្ឌដង្កោ និងតំបន់ជុំវិញនេះ មានការឡើងថ្លៃជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL បានមានប្រសាសន៍ថា នៅបទពិសោធន៍ជាង២ទសវត្សរ៍មកនេះ តម្លៃដីធ្លីឡើងថ្លៃជាលំដាប់ មិនដែលមានឆ្នាំណាដែលចុះមកវិញទេ ទោះប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចយ៉ាប់យ៉ឺនប៉ុនណាក៏ដោយ។

ឧកញ៉ា ចេង ខេងមានប្រសាសន៍ថា « ពាក់ព័ន្ធនឹងវិស័យដីធ្លីនេះ ដោយសារតែខ្ញុំបាទបានធ្វើកិច្ចការងារហ្នឹងជាង២០ឆ្នាំ ហើយយើងឃើញថា មានអ្នកស្តាយក្រោយច្រើនណាស់ ដោយសារតែគាត់គិតល្អិតល្អន់ពេក គាត់បារម្ភច្រើនពេក គាត់គិតច្បាស់ពេក រហូតដល់លែងហ៊ានវិនិយោគ ពេលខ្លះថា លុយមិនទាន់គ្រប់ ដល់អញ្ចឹងទៅវាធ្វើឲ្យឱកាសកន្លងហួសទៅ ទម្រាំចាំលុយគ្រប់ ដីកាន់តែឡើងថ្លៃថែមទៀត»។ ក្នុងន័យនេះ លោកឧកញ៉ា ចេង ខេង ចង់ឲ្យពលរដ្ឋចេះចាប់យកឱកាស នឹងសំលឹងមើលទីផ្សារជាសំខាន់មុននឹងសម្រេចចិត្តវិនិយោគ។
ក៏ព្រោះតែភាពហ្មត់ចត់ និងជំនាញរបស់ក្រុមហ៊ុនអចលនទ្រព្យ CPLនេះហើយបានជំរុញ ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ថ្មីសន្លាងមួយទៀត ជ្រើសរើសយក CPL ជាដៃគូ ក្នុងការផ្តល់សិទ្ធិផ្តាច់មុខឲ្យក្រុមហ៊ុននេះលក់គម្រោងដែលមានឈ្មោះថា Gold Residence។

លោក ដែង តារា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យCPL បានអះអាងថា សន្ទុះនៃការសាងសង់សំណង់ថ្មីៗ រួមទាំងសក្តានុពលនៅក្នុងខណ្ឌដង្កោ ក៏ដូចជាតំបន់នៅជុំវិញនេះ នឹងជំរុញឲ្យការលក់គម្រោងកាន់តែលឿន និងងាយស្រួលក្នុងការលក់។
លោកបញ្ជាក់ថា « គម្រោងGold Residenceនេះ បានបោះទីតាំងនៅក្នុងតំបន់មួយដែលល្អមែនទែន គឺនៅក្នុងតំបន់មួយដែលជាតំបន់សម្បូរទៅដោយបុរីលំនៅឋានច្រើនជាងគេ យើងមើលនៅខណ្ឌដង្កោ គ្មានខណ្ឌណា ដែលសម្បូរបុរីជាងខណ្ឌដង្កោទេ អញ្ចឹងបានន័យថា សក្តានុពលវាកើនឡើងលឿនមែនទែន»។
តាមរយៈការធ្វើបទបង្ហាញរបស់ប្រធានផ្នែកលក់នៃក្រុមហ៊ុនអចលទ្រព្យCPL បានបង្ហាញថា ក្នុងឆ្នាំ២០១៩ តម្លៃដីធ្លីក្នុងសង្កាត់ទាំង១២ របស់ខណ្ឌដង្កោ មានការឡើងជាលំដាប់ គឺចន្លោះពី២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ រហូតដល់ជិត៣ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។




តម្លៃនេះ គឺជាតម្លៃជាក់ស្តែងដែលក្រុមការងាររបស់ CPL បានធ្វើការវាយតម្លៃដោយយោងទៅតាមការទិញលក់ និងការរីកចម្រើនក្នុងតំបន់ ដោយការវាយតម្លៃនេះ ត្រូវបានទទួលស្គាល់ដោយធនាគារស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា៕