ការផលិតអំបិល

ក្រសួងឧស្សាហកម្ម៖ អំបិល៨,៨ម៉ឺនតោនត្រូវបានផលិតនៅ៤ខែឆ្នាំនេះ និងអាចប្រើគ្រប់គ្រាន់ដោយមិនចាំបាច់នាំចូល


យោងតាមរបាយការណ៍ ដែលសារព័ត៌មានខេមបូណូមីស ទទួលបានពីនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្មបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាផលិតអំបិលបាន ៨,៨ ម៉ឺនតោន ខណៈដែលកាលពី៤ខែឆ្នាំ២០១៩ផលិតបានតែ ១,៨ ម៉ឺនតោនប៉ុណ្ណោះ។
ក្រសួងឧស្សាហកម្ម៖ អំបិល៨,៨ម៉ឺនតោនត្រូវបានផលិតនៅ៤ខែឆ្នាំនេះ និងអាចប្រើគ្រប់គ្រាន់ដោយមិនចាំបាច់នាំចូល(រួបភាព ពីក្រសួងឧស្សាហកម្ម)
ដោយ

លោក ហួ​ន សុ​រង្សី ប្រធាន​នាយក​កិច្ចការ​សិប្បកម្ម នៃ​ក្រសួង​ឧស្សាហកម្ម បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា នៅ​ឆ្នាំ​នេះ ដោយសារ​តែ​អាកាសធាតុ​អំណោយផល បាន​ជំរុញ​ឲ្យ​ទិន្នផល​អំបិល​មាន​កំណើន​យ៉ាង​គំហុក​បែប​នេះ​។

លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា « អ​ញ្ចឹ​ង​ឆ្នាំ​ហ្នឹង អំណោយទាន ទី​១​ដោយសារ​អាកាសធាតុ ទី​២​ប្រជាពលរដ្ឋ​យើង គាត់​មាន​កម្លាំង​ពលកម្ម​អត់​សូវ​ខ្វះ​ដូច​ឆ្នាំ​មុន​ដែរ បាន​គាត់​ធ្វើ​បាន​ច្រើន​ហ្នឹង​»​។

លោក​បាន​បន្ត​ថា «​អំបិល​ដែល​សល់​នៅ​ក្នុង​ឃ្លាំង​មក​ដល់​បច្ចុប្បន្ន​សល់​ជាង​៤៨​ពាន់​តោន​ទៀត ប៉ុន្តែ​ជា​រួម​មក វា​នៅ​សល់​តែ​៧​ខែ​ទៀត​ទេ អ​ញ្ចឹ​ង​ការ​ប្រើប្រាស់​យើង​អស់​ខ្ទង់​ប្រហែលជា​ជាង ៣០​ពាន់​តោន​ទៀត​ទេ ព្រោះ​យើង​គិត​ជា​មធ្យម​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​យើង​ជាង ១៣៥​តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​អ្នក​បរិភោគ ហើយ​នៅ​ក្នុង​ខែ​១០-១១-១២ អីហ្នឹង យើង​ដល់​រដូវ​ប្រហុក​ផ្អក​ហ្នឹង ត្រូវការ​ខ្ទង់​៥​ពាន់​ទៅ​១​ម៉ឺន​តោន ក្នុង​រយៈពេល​នៃ​ការ​ធ្វើ​ប្រហុក​ផ្អក​នេះ តែ​វា​អាស្រ័យ​លើ​ទិន្នផល​ត្រី​ផង​ដែរ​»​។

លោក ហួ​ន សុ​រង្សី ប្រធាន​នាយក​កិច្ចការ​សិប្បកម្ម នៃ​ក្រសួង​ឧស្សាហកម្ម

បើ​តាម​លោក​ប្រធាន​នាយក​កិច្ចការ​សិប្បកម្ម ឆ្នាំ​មុន​ផលិត​បាន​តិច ឈាន​ដល់​ការ​នាំ​អំបិល​ចូល​ពី​ក្នុង​ក្រៅប្រទេស តែ​ឆ្នាំ​នេះ នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​៥០០​តោន តែ​លក់​មិន​ចេញ​ទេ គឺ​ទុក​នៅ​ក្នុង​ឃ្លាំង​ដដែល​។

ចំពោះ​តម្លៃ​វិញ សម្រាប់​អំបិល​លក់រាយ តម្លៃ​ពី​១.៣០០​រៀល​ទៅ​២.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​សម្រាប់​អំបិល​ដែល​មាន​ជាតិ​អ៊ីយ៉ូត​។ ចំណែក​តម្លៃ​អំបិល​នៅ​កំពត និង​កែប ១​តោន ៦៥​ដុល្លារ សម្រាប់​អំបិល​គ្រួ​ស ចំណែក​អំបិល​កែ​ច្នៃ​មួយ​តោន​តម្លៃ ១៣០​ទៅ​១៨០​ដុល្លារ​អា​មេ​រិ​ក ។

លោក នួន វ៉ា​ន់​ឌី បាន​ចាប់​មុខ​បរ​ផលិត​អំបិល​នេះ មិន​តិច​ជាង​មួយ​ទស​វត្ស​នោះ​ទេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​កំពត ខេត្តកំពត​តែ​ម្តង  ។ លោក​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ទិន្នផល​អំបិល​របស់​លោក​ឆ្នាំ​នេះ បាន​ប្រមាណ​ជា ១​ពាន់​តោន នៅ​លើ​ផ្ទៃដី​៧០​ហិ​កតា ខណៈ​ដែល​ឆ្នាំទៅ​បាន​ប្រមាណ​តែ ៨០០​តោន​ប៉ុណ្ណោះ ។ ចំពោះ​តម្លៃ​អំបិល គឺ​សមរម្យ ប៉ុន្តែ ការ​នាំ​អំបិល​ចូល​ពី​ប្រទេស​ជិតខាង​នៅ​តែ​បញ្ហា​សម្រាប់​កសិករ​រូប​នេះ​។ លោក​វ៉ា​ន់​ឌី បញ្ជាក់​ថា «​តម្លៃ​អត់​អី​ទេ ប៉ុណ្ណឹង​សមរម្យ ក៏​ប៉ុន្តែ​កុំ​ឲ្យ​អំបិល​ខាងគេ ចូល​មក​ច្រើន យើង​អាច​លក់​បាន​តម្លៃ​គ្រាន់បើ បើ​អំបិល​ប្រទេស​គេ​ចេះ​តែ​ចូល​មក យើង​ពិបាក​លក់​»​។

អ្នកស្រី គង់ ផា​នី ជា​អ្នក​ផលិត​អំបិល​មួយ​រូប​ទៀត នៅ​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ឯណេះ​វិញ ក៏​លើក​ឡើង​មិន​ខុស​ពី​លោក នួន វ៉ា​ន់​ឌី​ដែរ ដោយ​អ្នក​អះអាង​ថា ការ​បើក​ឲ្យ​នាំ​ចូល​អំបិល​ពី​ថៃ ឬ​វៀតណាម​ច្រើន​ពេក នាំ​ឲ្យ​អំបិល​របស់​ខ្មែរ​មិនសូវ​មាន​ទីផ្សារ ។

អ្នក​បាន​ស្នើ​យ៉ាង​ដូច្នេះ​ថា «​សុំ​ជួយ​ពង្រឹង​កុំ​ឲ្យ​គេ​នាំ​អំបិល​ចូល​ទៅ ដើម្បី​ឲ្យ​អំបិល​ខ្មែរ​យើង​បាន​ថ្លៃ​ហ្នឹង​ណា អ​ញ្ចឹ​ង​យើង​ចេះ​តែ​ទៅ​មុខ​រួច​ហើយ ហើយ​បើកាលណា​គេ​នាំ​ចូល​ច្រើន វា​បាន​ថោក ព្រោះ​អំបិល​យើង​វា​មិនសូវ​ស​ដូច​អំបិល​គេ តែ​អំបិល​មិនដឹង​ដាក់​អី​ខ្លះ​បាន​ស​អ​ញ្ចឹ​ង មិន​ធម្មជាតិ​ដូច​អំបិល​ខ្មែរ​យើង​ទេ​»​។

បើ​តាម​កសិករ​ទាំង​២​នេះ ការ​ខ្វះខាត​កម្លាំង​ពលកម្ម​និង​តម្លៃ​ជួល​កម្លាំង​ពលកម្ម ក៏​ជា​បញ្ហា​មួយទៀត ដែល​អាច​នាំ​ឲ្យ​រាំងស្ទះ​ដល់​ផលិត​អំបិល​នៅ​ក្នុងស្រុក​ដែរ ព្រោះថា អំបិល​អាច​ធ្វើ​បាន​ចាប់ពី​ខែមករា ដល់​ខែឧសភា ប៉ុណ្ណោះ​។ កសិករ​ផលិត​អំបិល​អះអាង​ទៀត​ថា ចាប់ពី​ខែ​៦​ទៅ កម្មករ​នឹង​ចំណាកស្រុក​ទៅ​ការងារ​ផ្សេង​ធ្វើ យូរ​ៗ​ទៅ​កម្លាំង​ពលកម្ម​កាន់តែ​ហោចទៅ ហើយ​កម្លាំង​ដែល​នៅ​សេសសល់​ក៏​ទារ​ថ្លៃ​ទៀត ហើយ​បើ​អំបិល​មិនសូវ​បាន​ថ្លៃ​ផង​នោះ អ្នក​ផលិត​អំបិល​គ្មាន​កម្លាំង​នឹង​ផលិត​បន្ត​នោះ​ទេ ដែល​អាច​ឈាន​ដល់​ការ​បោះបង់​មុខរបរ​នេះ នៅ​ថ្ងៃ​ណាមួយ​។

ចំពោះ​បញ្ហា​ដែល​កសិករ​លើក​ឡើង​នេះ​ដែរ ត្រូវ​បាន​លោក ហួ​ន សុ​រង្សី ប្រធាន​នាយក​កិច្ចការ​សិប្បកម្ម នៃ​ក្រសួង​ឧស្សាហកម្ម ឆ្លើយ​តប​ថា អំបិល​ខ្មែរ​យើង​ជា​អំបិល​ធម្មជាតិ​គ្មាន​ការ​លាយ​សារធាតុ​ធ្វើ​ស ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទេ តែ​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ​មួយ​ចំនួន មិន​ទាន់​បាន​យល់​អំពី​អំបិល​ដែល​ល្អ​នៅឡើយ​។ លោក​ថា «​អំបិល​គាត់​បើ​ចង់បាន​ល្អ ប្រកួតប្រជែង​ជាមួយ​បរទេស ជាមួយ​អំបិល​ដែល​នាំ​ចូល លុះត្រាតែ​គាត់​សម្រាំងខ្លួន​គាត់​ដែរ ទាំង​គុណភាព ធ្វើ​ដោយ​សម្រិតសម្រាំង ឬ​លាង​សម្អាត​អំបិល​ដែល​ខ្មៅ អោ​យស​ស្អាត​ជាដើម តែ​មិនមែន​ជា​ដាក់​ថ្នាំ​ឲ្យ​ស​ដូច​អំបិល​មួយ​ចំនួន​ដែល​នាំ​ចូល​ទេ​»​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ សក្តានុពល​ធំ​សម្រាប់​ផលិត​អំបិល​មាន​២​ខេត្ត កំពត និង​កែប ដោយឡែក​ខេត្តកោះកុង​វិញ គឺ​ផលិត​បាន​តិចតួច ដោយ​ផលិត​បាន​ប្រមាណ​តែ​១៥០​តោន​ប៉ុណ្ណោះ ចំណែក​កំពត​បាន ៧៦​ពាន់​តោន កែប​បាន​១២​ពាន់​តោន នៅ​ក្នុង​រយៈពេល​៤​ខែ​នេះ​៕

None



អត្ថបទបន្ទាប់


កំណើនការដឹកជញ្ជូនឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ ថយចុះមកនៅ ៧,៨៤% នៅ៤ខែឆ្នាំនេះ

នៅក្នុងរយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ កំណើននៃការដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការថយចុះមកនៅត្រឹម ៧,៨៤…

GMAC ៖ ការបើកឲ្យមានការនាំចេញម៉ាស់ អាចនឹងស្រូបទាញអ្នកវិនិយោគថ្មីៗបង្កើតរោងចក្រផលិតម៉ាស់នៅកម្ពុជា

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការដកបម្រាមបណ្ដោះអាសន្ននៃការតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ