វិស័យដឹកជញ្ជូន

កម្ពុជា និងវៀតណាម មិនទាន់ឯកភាពគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ នៅឡើយទេ


មកទល់ពេលនេះកម្ពុជា និងវៀតណាម នៅមិនទាន់បានឯកភាពគ្នាលើការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ នៅឡើយទេ ខណៈគម្រោងផ្លូវល្បឿនលឿនប្រវែង១៣៥គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា មួយនេះ បានបើកការដ្ឋានសាងសង់អស់រយៈពេលជាង១ឆ្នាំមកហើយ។ បើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នកម្ពុជា នៅរង់ចាំភាគីវៀតណាម ដើម្បីរៀបចំក្រុមការងារចូលរួមប្រជុំដោះស្រាយបញ្ហានេះ។
វិស័យដឹកជញ្ជូន
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងស្ថិតក្នុងដំណើរការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ពោលគឺពុំទាន់ទទួលបានវឌ្ឍនភាពលើការសាងសង់គួរឱ្យកត់សម្គាល់នៅឡើយទេ​។ ជាមួយគ្នានេះ គម្រោងតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា ជាមួយវៀតណាមត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៦៤បាវិត - ហូជីមិញ ម៉ុកបៃ ក៏នៅមិនទាន់ឯកភាពគ្នានោះដែរ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នភាគីកម្ពុជាកំពុងរង់ចាំភាគីវៀតណាម រៀបចំក្រុមការងារចូលរួមប្រជុំដោះស្រាយ ដើម្បីពន្លឿនលើកិច្ចការនេះ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ផ្លូវដែលមានតម្លៃវិនិយោគជាង១ពាន់៣រយលានដុល្លាមួយនេះ សាងសង់ឡើងក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ក្នុងនោះ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង៨០ភាគរយជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលគ្រោងចំណាយថវិកាជាង២៣២លានដុល្លារ ជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៦ ឬនៅដើមឆ្នាំ២០២៧៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


កម្ពុជា ចំណាយថវិកាអស់ជាង៣២២លានដុល្លារ លើការនាំចូលជីកសិកម្មកើនឡើងជាង២២%

អ្នកជំនាញក្នុងវិស័យកសិកម្ម កត់សម្គាល់ឃើញថា ការប្រើប្រាស់ជីកសិកម្មរបស់ប្រជាកសិករនៅឆ្នាំ២០២៤នេះ ហាក់មានកំណើនខ្ពស់បើធៀបនឹងឆ្នាំមុន ដែលកត្តា…

តើលោក Scott Bessent ដែលត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជារដ្ឋមន្ត្រីរតនាគារជានរណា និងមានប្រវត្តិអស្ចារ្យបែបណា?

ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានតែងតាំងលោក ស្កុត បេសឹន (Scott Bessent) វ័យ៦…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ