តាមការអះអាងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងថា នឹងខំជំរុញឲ្យអនុក្រឹត្យនេះចេញជាផ្លូវការនៅត្រីមាសទី១ឆ្នាំ២០១៨នេះ ខណៈដែលកន្លងមក ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនេះ ត្រូវបានធ្វើឡើងតាមរយៈប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដាក់ចេញប៉ុណ្ណោះ។
បើតាមឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា សេចក្ដីព្រាងអនុក្រឹត្យនេះត្រូវបានប្រជុំពិភាក្សាជាច្រើនលើកច្រើនសារួចមកហើយ ហើយក្រោយពីកិច្ចប្រជុំចុងក្រោយ សេចក្ដីព្រាងអនុក្រឹត្យនេះ នឹងត្រូវដាក់បន្តជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅត្រីមាសទី១ឆ្នាំ២០១៨នេះ ដើម្បីពិនិត្យនិងអនុម័ត។
ឯកឧត្តមបន្ថែមថា អនុក្រឹត្យនេះនឹងមានទម្ងន់ជាងប្រកាសដែលមាននាពេលកន្លងមក សម្រាប់ការអនុវត្តក្នុងការប្រមូលនិងគ្រប់គ្រងចំណូលសារពើពន្ធ ហើយវាក៏មានប្រសិទ្ធភាពកាន់តែប្រសើរជាងមុនផងដែរ។
ឯកឧត្តម ងី តាយី បានគូសបញ្ជាក់ទៀតថា ការបង្កើតនូវអនុក្រឹត្យស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនេះឡើង គឺស្របពេលទៅនឹងការរីកលូតលាស់នៃវិស័យនេះ ខណៈដែលនៅឆ្នាំ២០១៧ ក្រសួងហិរញ្ញវត្ថុបានប្រមូលចំណូលមិនមែនសារពើពន្ធនេះ បានរហូតដល់ ១៥% ឬស្មើនឹងប្រមាណ ៦រយលានដុល្លារនៃចំណូលជាតិសរុប។
ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងដែរថា អនុក្រឹត្យដែលត្រូវបានជជែកពិភាក្សាយ៉ាងផុសផុលនេះ នឹងជំរុញឲ្យការប្រមូលចំណូលមិនមែនសារពើពន្ធកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្កើនការរកចំណូលជូនរដ្ឋកាន់តែច្រើនឡើងផងដែរ ខណៈដែលបច្ចុប្បន្ន ចំណូលមិនមែនសារពើពន្ធនេះមានប្រមាណជាង ៥ពាន់ប្រភេទ និងមានមួយចំនួន បាននិងកំពុងធ្វើឡើងបែបព័ត៌មានវិទ្យាផងដែរ តួយ៉ាង ការធ្វើផែនការចំណូល ប្រមូលចំណូល កត់ត្រាចំណូល និងតាមដានចំណូល ជាដើម។ ឆ្លងតាមការពិភាក្សាកន្លងរវាងអន្តរក្រសួងពាក់ព័ន្ធ ឯកឧត្តមរំពឹងថា នឹងខិតខំជំរុញឲ្យអនុក្រឹត្យនេះ ត្រូវបានអនុម័តនៅត្រីមាសទី១ឆ្នាំនេះ។
សូមជម្រាបដែរថា តាមផែនការកំណត់ នៅឆ្នាំ២០១៧ ចំណូលថវិការដ្ឋសរុបមានប្រមាណជាង ៤ពាន់លានដុល្លារ ដែលក្នុងនោះ ចំណូលមិនមែនសារពើពន្ធ មានប្រមាណ ៦រយលានដុល្លារ។
ចំណូលមិនមែនសារពើពន្ធ គឺសំដៅដល់ចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានពីសម្បទាន កម្រៃបានមកពីសេវាសាធារៈ ផលពីការពិន័យ និងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយ ផលហិរញ្ញវត្ថុ ផលផ្សេងៗ និងផលពិសេស និងចំណូលផ្សេងទៀត ដែលត្រូវបានកំណត់ថា ជាចំណូលមិនមែនសារពើពន្ធដទៃទៀត៕