ចិនប្រាប់អាមេរិកឲ្យកែកំហុសខ្លួនឯង

ចិនប្រាប់អាមេរិកឲ្យកែកំហុសខ្លួនឯងឲ្យបានសិន ជាជាងមកចេះអត្ថាធិប្បាយគ្មានមូលដ្ឋានជុំវិញជម្លោះរវាងចិន និងអូស្រ្ដាលី


ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រាប់ទៅកាន់អាមេរិកថា គួរតែកែកំហុសរបស់ខ្លួនឲ្យបានសិន ជាជាងចេញមុខមកធ្វើអត្ថាធិប្បាយគ្មានមូលដ្ឋាន ជុំវិញបញ្ហាជម្លោះរវាងចិន និងអូស្ត្រាលី ដែលកំពុងឆេះឆួលកាន់ក្ដៅគគុកនោះ។ ការលើកឡើងរបស់ប្រទេសចិនយ៉ាងដូច្នេះ គឺបន្ទាប់ពីតំណាងពាណិជ្ជកម្មរបស់អាមេរិក លោកស្រី ខាត់ធើរិន តៃ (Katherine Tai) បានលើកឡើងដោយ បង្ហាញពីការគាំទ្រជាខ្នងបង្អែកសម្រាប់អូស្ត្រាលីទាក់ទងនឹងរឿងជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិននេះ។
ជម្លោះរវាងចិន និងអូស្ត្រាលី ដែលកំពុងឆេះឆួលកាន់ក្ដៅគគុកនោះ

សារព័ត៌មានរ៉យទ័រ បាន​ស្រង់សម្ដី លោក ចៅ លីចៀន (Zhao Lijian) អ្នកនាំពាក្យ​ក្រសួងការបរទសចិន បាន​ឲ្យដឹងថា ការអត្ថាធិប្បាយ​របស់​អាមេរិក គឺសុទ្ធតែខុស​ ហើយ​ភាពតានតឹង​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន និងអូស្ត្រាលី គឺបណ្ដាលមកពី​​អូស្ត្រាលី​ខ្លួនឯង​ ដែលបានជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ចិន។

ការឆ្លើយតប​ពីសំណាក់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនយ៉ាងដូច្នេះ គឺធ្វើឡើង​នៅក្រោយពេល​លោកស្រី ខាតធើរិន តៃ តំណាង​ពាណិជ្ជកម្មអាមេរិក បាន​និយាយក្ដែងៗ​កាលពីថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក គឺកំពុង​សង្កេតមើលយ៉ាងយកចិត្តទុកដាក់​បំផុត ចំពោះភាពតានតឹង​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី និងចិន ហើយ​អាមេរិក​នឹង​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុងកង់បេរ៉ា ក្នុងការ​ដោះស្រាយ​បញ្ហាទាំងអស់នេះ។

សូមបញ្ជាក់ថា បញ្ហា​រកាំរកូស​រវាង​អូស្ត្រាលី និងចិននេះ គឺបាន​ចាប់ផ្ដើម និងបន្ដអូសបន្លាយមក​តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលដំបូង​ផ្ដើមចេញឡើង ពីការហាមឃាត់​របស់អូស្ត្រាលី​ចំពោះក្រុមហ៊ុនចិន Huawei អភិវឌ្ឍបណ្ដាញ 5G នៅក្នុងប្រទេស​របស់ខ្លួន។ ក្រោយមក ភាគីទាំងពីរ​ ក៏កើតមាន​ការពាក់មុខយក្ស​ដាក់គ្នា​កាន់តែខ្លាំងថែមទៀត នៅក្រោយពេលដែល អូស្ត្រាលី ទទូច​ឲ្យមានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ អំពីប្រភពដើមនៃជំងឺកូវីដ-១៩។ តាំងពីនោះ មកជម្លោះពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរបន្ដមានជាហូរហែ ដោយមានការដំឡើងពន្ធលើទំនិញសំខាន់ៗរវាងគ្នា​ជាបន្ដបន្ទាប់ ពិសេស​ គឺចិន​បានដំឡើងពន្ធកប់ក្ដោងដល់ទៅជាង​២០០% ​លើមុខទំនិញស្រាក្រហមនាំចូលពីអូស្ត្រាលី។

ថ្មីៗនេះដែរ រដ្ឋាភិបាលអូស្ត្រាលី ក៏ទើបបានប្រកាសដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីប្រឆាំងនឹងការដំឡើងពន្ធនាំចូលយ៉ាងច្រើនគំហុករបស់ចិននេះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart ចេញមុខឆ្លើយតប ទៅនឹងវិធានការរបស់ក្រសួងប្រៃសណីយ៍

ព័ត៌មាន
ក្រោយពីរងនូវវិធានការពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៏ ចំពោះកំហុសឆ្គងរបស់ខ្លួនពាក់ព័ន្ធនឹងកាត់ផ្ដាច់លេខទូរសព្ទរបស់អតិថិជន ដែលកំពុងប្រើ…

វៀតណាមចាប់ផ្ដើមរឹតបន្ដឹងចំពោះការផ្សាយពាណិជ្ជកម្មនៅលើ Google និង Facebook

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះបានដាក់ចេញនូវអនុក្រឹត្យថ្មីមួយ ដើម្បីបញ្ញាត្តិរឹតបន្ដឹងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មឆ្លងដែន ដែលមាននៅលើបណ្ដាញ ភ្លែតហ្វមរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ