លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន OCIC បានប្រាប់ក្រុមការងារខេមបូណូមីស តាមទូរស័ព្ទថា បើទោះបីជា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តរីករាលខ្លាំងយ៉ាងណាក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា មិនបានផ្អាកដំណើរក្នុងការអភិវឌ្ឍន៍នោះ គឺបន្តការសាងសង់ជាធម្មតាដដែល ដោយសារភាគច្រើនគម្រោងប្រើប្រាស់គ្រឿងចក្រ ច្រើនជាងប្រើកម្លាំងមនុស្ស។
ទីក្រុងរណបកោះនរា មានទីតាំងស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ។ គម្រោងទីក្រុងរណបមួយនេះ គ្រោងអភិវឌ្ឍក្នុងទំហំទឹកប្រាក់ប្រមាណ២ពាន់៥រយលានដុល្លារ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។
កាលពីខែតុលាឆ្នាំ២០២០ ក្រុមហ៊ុន OCIC ក៏បានសម្ពោធសាងសង់ស្ពានបេតុងខ្សែកាបចំនួន២ខ្សែ ដោយ១ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ទីក្រុងរណបកោះនរា និងមួយខ្សែទៀតពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា។ បើតាមការអះអាងរបស់ លោក ទូច សំណាងនាយកគ្រប់គ្រងក្រុមហ៊ុន OCIC បច្ចុប្បន្ន ស្ពានបេតុងខ្សែកាបចំនួន២ខ្សែ ក៏អាចនឹងសាងសង់រួចរាល់មុនផែនការកំណត់ដែរ ខណៈដែលមកទល់នឹងពេលនេះ ការសាងសង់បានប្រមាណជាង១០%ហើយ៕