កសិដ្ឋានចិញ្ចឹមជ្រូក

ហេតុអ្វីតម្លៃសត្វជ្រូក និងគោរស់ធ្លាក់ថ្លៃ តែសាច់ដាក់លក់នៅលើទីផ្សារនៅតែមានតម្លៃខ្ពស់?


នៅមួយរយៈពេលចុងក្រោយនេះ តម្លៃជ្រូក និងគោរស់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលបង្ខំឱ្យកសិករចិញ្ចឹមសត្វខ្នាតតូចជាច្រើនបោះបង់ការចិញ្ចឹម និងកសិដ្ឋានធំៗមួយចំនួនកាត់បន្ថយបរិមាណសត្វ ក្រោយមិនទទួលបាននប្រាក់ចំណេញ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់និងជាចម្ងល់របស់ប្រជាពលរដ្ឋនោះ គឺសាច់ជ្រូក និងសាច់គោ ដែលដាក់លក់នៅលើទីផ្សារនៅតែស្ថិតក្នុងកម្រិតតម្លៃមួយខ្ពស់ ពោលគឺសាច់ជ្រូកមានតម្លៃចន្លោះពី១ម៉ឺ៥ពាន់រៀលដល់១ម៉ឺន៧ពាន់រៀល ខណៈសាច់គោមានតម្លៃចន្លោះពី៣ម៉ឺ៥ពាន់រៀលដល់៣ម៉ឺន៧ពាន់រៀលក្នុង១គីឡូក្រាម។
កសិដ្ឋានចិញ្ចឹមជ្រូក
ដោយ

ហេតុអ្វីតម្លៃសត្វជ្រូក និងគោរស់ធ្លាក់ថ្លៃ តែសាច់ដាក់លក់នៅលើទីផ្សារនៅតែមានតម្លៃខ្ពស់?

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នជ្រូករស់ត្រូវបានឈ្មួញចុះទិញក្នុងតម្លៃចន្លោះពីជាង៥ពាន់ ទៅ៦ពាន់រៀលក្នុង១គីឡូក្រាម និងគោរស់ចន្លោះពី៧ពាន់ទៅ៨ពាន់រៀលប៉ុណ្ណោះ។ ប៉ុន្តែសាច់ជ្រូកដែលដាក់លក់នៅលើទីផ្សារមានតម្លៃចាប់ពីជាង១ម៉ឺនរៀលទៅជិត២ម៉ឺនរៀលក្នុង១គីឡូក្រាម ខណៈសាច់គោមានតម្លៃជាង៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលបញ្ហានេះពុំបានផ្ដល់ផលចំណេញដល់អ្នកទទួលទាននោះទេ។ លើសពីនេះបញ្ហានេះ ក៏បានជះឥទ្ធិពលអវិជ្ជមានដល់អ្នកចិញ្ចឹម និងមកលើវិស័យចិញ្ចឹមសត្វទាំងមូលនៅកម្ពុជាផងដែរ។

បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យតម្លៃជ្រូករស់ចុះថោក តែការលក់នៅលើទីផ្សារនៅតែមានតម្លៃថ្លៃ គឺអាចបណ្តាលមកពីការលក់របស់អាជីវករនៅលើទីផ្សារមានការធ្លាក់ចុះបរិមាណ ដែលជំរុញឱ្យពួកគេត្រូវលក់ក្នុងកម្រិតតម្លៃមួយខ្ពស់ដើម្បីរក្សាប្រាក់ចំណូល។ ម្យ៉ាងទៀតដោយសារផ្នែកខ្លះនៃជ្រូកដូចជាត្រចៀក អណ្ដាត គ្រឿងក្នុង និងឆ្អឹងជាដើមលក់បានក្នុងតម្លៃថោក ដោយសារការហូរចូលនៃគ្រឿងក្នុងបង្កក បានជំរុញឱ្យអាជីវករត្រូវពង្រឹងតម្លៃនៃការលក់សាច់ និងផ្នែកមួយចំនួនទៀត។

ពាក់ព័ន្ធបញ្ហានេះដែរ អាជីវករលក់សាច់ជ្រូក សាច់គោនៅផ្សារដើមគរ បានប្រាប់ខេមបូណូមីសថា ការលក់សាច់ជ្រូកបច្ចុប្បន្នមានតម្លៃចន្លោះពី១ម៉ឺន៥ពាន់រៀលដល់១ម៉ឺន៧ពាន់រៀល និងសាច់គោមានតម្លៃចន្លោះពី៣ម៉ឺន៥ពាន់រៀលដល់៣ម៉ឺន៧ពាន់រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែក្រុមអាជីវករអះអាងថា តម្លៃនេះលក់បានតែពេលព្រឹកប៉ុណ្ណោះ។ យ៉ាងណាមិញក្រុមអាជីវករបានរអ៊ូរទាំថា បច្ចុប្បន្នការលក់សាច់របស់ពួកគេពុំសូវដាច់ដូចមុននោះទេ ដោយមានការថយចុះជាងពាក់កណ្ដាល ខណៈពេលខ្លះត្រូវបានលក់បញ្ចុះដល់ថ្លៃដើម ឬលក់ខាតក៏មានដែរ ដើម្បីយកថវិកាទៅទិញសាច់មកបង្វិលសម្រាប់លក់បន្ត។ជុំវិញបញ្ហាសាច់លើទីផ្សារលក់ក្នុងតម្លៃថ្លៃ ហើយសាច់សត្វរស់ត្រូវបានឈ្មួញទិញក្នុងតម្លៃទាបនេះ ត្រូវបានក្រុមអាជីវករវាយតម្លៃថា អាចបណ្ដាលមកពីការឆ្លងកាត់ឈ្មួញកណ្ដាលច្រើននាក់ពេក និងការដឹកជញ្ជូនមានតម្លៃថ្លៃ ព្រមទាំងការបង់សេវាផ្សេងៗជាដើម។

សូមបញ្ជាក់ដែរថា ជុំវិញបញ្ហាតម្លៃសត្វរស់នៅកម្ពុជានេះដែរ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចូលសាច់បង្កក អ្នករកស៊ីពាក់ព័ន្ធ និងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមរបស់អ្នកចិញ្ចឹមសត្វក្នុងស្រុក ដែលកំពុងជួបបញ្ហាការធ្លាក់ចុះតម្លៃសត្វរស់។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានចាត់ទុកការជួបពិភាក្សាគ្នានេះ គឺជាការផ្តល់ក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់កសិករចិញ្ចឹមសត្វនៅកម្ពុជា៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការសម្រុកទិញស្រូវកម្ពុជាពីឈ្មួញវៀតណាម ជារឿងវិជ្ជមាន ឬអវិជ្ជមានសម្រាប់វិស័យស្រូវអង្ករកម្ពុជា?

ព័ត៌មាន
ប្រទេសវៀតណាម គឺជាទីផ្សារនាំចេញផលិតផលកសិកម្ម ជាពិសេសស្រូវ ដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញស្រូវក្នុងបរិមាណដ៏ច្រើ…

តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនយក្ស Microsoft ហក់ឡើងលើស៣ទ្រីលានដុល្លារជាលើកដំបូង

ព័ត៌មាន
តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនយក្ស Microsoft កាលពីថ្ងៃពុធ ទី២៤ ខែមករា បានហក់ឡើងលើស៣ទ្រីលានដុល្លារជាលើកដំបូងមិនធ្លាប់មាន ប៉ុន្តែនៅតែមិនអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ