ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងដដែលនេះ បានអះអាងទៀតថា សមយុទ្ធយោធាទាំងលើកមុនៗ មុននិងលើកចុងក្រោយនេះ សុទ្ធសឹងជាផ្នែកមួយដ៏គ្រោះថ្នាក់សម្រាប់តំបន់ ឆ្ពោះទៅរកការបង្កើតអង្គការសម្ព័ន្ធយោធាក្នុងតំបន់អាស៊ី ដែលមានទម្រង់ដូចទៅនឹងអង្គការណាតូនៅអឺរ៉ុបដូច្នោះដែរ។
សេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នេះធ្វើឡើង ត្រឹមតែតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនត្រូវទៅចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូ ក្នុងនាមជាអ្នកសង្កេតការណ៍ និងជាលើកដំបូងផងដែរ សម្រាប់សម្ព័ន្ធមិត្តធំៗនៅអាស៊ីទាំងពីររបស់អាមេរិក។ ប្រមុខដឹកនាំក្រុងព្យុងយ៉ាង និងតូក្យូក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិកចូ បៃឌិនលក្ខណត្រីភាគីផងដែរ ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង ដែលជាកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។
ក្រៅពីជំនួបអង្គការណាតូនៅសប្តាហ៍ក្រោយហើយ សម្ព័ន្ធមិត្តចាក់ទឹកមិនលេចទាំងបី គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាមួយនៅខែសីហាឆ្នាំនេះ នៅក្បែររដ្ឋហាវ៉ៃ ទឹកដីសហរដ្ឋអាមេរិក។ សមយុទ្ធនៅខែសីហាមានឈ្មោះថា សមយុទ្ធនាគប៉ាស៊ីហ្វិក (Pacific Dragon) ដែលនឹងផ្តោតទៅលើការហ្វឹកហាត់ស្ទាក់ចាប់ និងតាមដានគ្រាប់មីស៊ីលរបស់សត្រូវ។
នេះមិនមែនជាលើកទីមួយឡើយ ដែលប្រទេសទាំងបី គឺកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នា ប៉ុន្តែសម្រាប់គម្រោងសមយុទ្ធនៅឆ្នាំនេះ ទទួលបានប្រតិកម្មខ្លាំងជាងមុនពីសំណាក់ទីក្រុងព្យុងយ៉ាង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានបន្តផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងមានចេតនាដ៏អាក្រក់តាមរយៈកិច្ចសហប្រតិបត្តិការយោធាជាមួយអាយ៉ងរបស់ខ្លួន ហើយមិនបានមិនយកចិត្តទុកដាក់លើតម្រូវការសន្តិសុខ និងការព្រួយបារម្ភចម្បងរបស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកឡើយ។
ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីចុងសប្តាហ៍មុន ក្រសួងការបរទេសរបបក្រុងព្យុយ៉ាងបាននិយាយថា សមយុទ្ធយោធានឹងបង្ហាញពីភាពលាក់ពុតរបស់អាមេរិក ក្នុងការដែលកន្លងមក តែងអះអាងថាអាមេរិកចង់ដោះស្រាយជាមួយកូរ៉េខាងជើងតាមការទូត និងការសន្ទនាដោយគ្មានលក្ខខណ្ឌជាមុន។
គួរជម្រាបថា របបផ្តាច់ការក្រុងព្យុងយ៉ាង បានសាកល្បងកាំជ្រួចមីស៊ីលជាច្រើនលើកនៅក្នុងឆ្នាំនេះ រួមទាំងមីស៊ីលប្រភេទអន្តរទ្វីបរបស់ខ្លួនផងដែរ។ ការណ៍នេះបានបង្កក្តីព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងត្រៀមធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីការសាកល្បងលើកចុងក្រោយកាលពីឆ្នាំ២០១៧។
ទោះបីទាំងកូរ៉េខាងត្បូង និងជប៉ុន សុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយចុះ ប៉ុន្តែបើមើលលើទំនាក់ទំនងរវាងប្រទេសអាស៊ីទាំងពីរ ហាក់មានភាពតានតឹង។ តានតឹងក៏ដោយសារតែ មូលហេតុប្រវត្តិសាស្ត្រជុំវិញការអំពើព្រៃផ្សៃរបស់ជប៉ុនមកលើប្រទេសកូរ៉េអំឡុងសម័យអាណាគម ១៩១០-១៩៤៥។
យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនតែងដើរតួជាអ្នកសម្របសម្រួល ដោយជំរុញឱ្យទីក្រុងសេអ៊ូល និងតូក្យូសហការគ្នាបន្ថែមទៀត ដើម្បីប្រឈមមុខនឹងការគម្រាមកំហែងពីប្រទេសកូរ៉េខាងជើង ក៏ដូចជាដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន៕