រយៈពេលធ្វើចត្តាឡីស័ក

ប្រទេសចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម ៧ ថ្ងៃសម្រាប់អ្នកដំណើរក្រៅប្រទេស


ប្រទេសចិនកាលពីថ្ងៃអង្គារ ទី ២៨ មិថុនា បានប្រកាសជាលើកដំបូងពីការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលក្នុងប្រទេសរបស់ខ្លួនពី១៤ថ្ងៃ មកនៅត្រឹម ៧ ថ្ងៃវិញ ដែលវាជាការបន្ធូរបន្ថយដ៏សំខាន់នៃវិធានការការពារកូវីដ ១៩ ដ៏តឹងតែងបំផុតរបស់ប្រទេសមួយនេះ។
ប្រទេសចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម ៧ ថ្ងៃសម្រាប់អ្នកដំណើរក្រៅប្រទេស

ទន្ទឹម​នឹង​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង​គ្រោង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ចេញពី​ចិនដីគោក​ជា​លើក​ដំបូង​ផង​ដែរ បន្ទាប់​ពី​អាក់ខាន​អស់​រយៈពេល ២ ឆ្នាំ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ជប៉ុន Nikkei​។

នៅ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ថា​ទីក្រុង​ប៉េ​កាំ​ង​បាន​បន្ធូ​បន្ថយ​វិធាន​រឹត​បន្តឹង​កូ​វី​ដ ១៩ មួយ​ចំនួន​នៃ​គោលនយោបាយ​សូន្យ​កូ​វីត ១៩ ដែល​បង្កើត​ឡើង​ដោយ​ប្រធានាធិបតី​លោក ស៊ី ជី​ន​ពីង ខណៈ​គោលនយោបាយ​នេះ បាន​ជំរុញ​ឱ្យ​មានការ​បិទ​ខ្ទប់ ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​ប្រទេស​ចិន​យ៉ាង​តឹងរ៉ឹង ដើម្បី​លុប​បំបាត់​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ​១៩ ហើយ​វា​ក៏​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស និង ធ្វើ​ឱ្យ​មានការ​ខឹងសម្បារ​ពី​សំណាក់​សាធារណជន​ជា​ខ្លាំង​ផង​ដែរ​។

គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន​បាន​និយាយ​ថា ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​រយៈពេល ១៤ ថ្ងៃ​សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​ក្រៅប្រទេស​ចូល​ប្រទេស​ចិន​នឹង​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​មួ​យស​ប្តា​ហ៍​វិញ​។

ការ​ផ្លាស់​ប្តូរ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ មិថុនា​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ទីក្រុង​សៀង​ហៃ និង​ទីក្រុង​ប៉េ​កាំ​ង បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ គួរ​ឲ្យ​កត់សម្គាល់ កាលពី​ស​ប្តា​ហ៍​មុន ខណៈ​ទីក្រុង​ទាំង​ពីរ​នេះ​ក៏​បាន​ប្រកាស​ថា មិន​មានការ​ឆ្លង​ថ្មី​នៅ​ថ្ងៃ​អង្គារ​ទី ២៨ មិថុនា​នេះ​ផង​ដែរ​។

ក្រុង​សៀង​ហៃ​ក្នុង​ខែ​នេះ បាន​រួច​ផុត​ពី​ការ​បិទ​ខ្ទប់ បន្ទាប់​ពី​រង​នូវ​វិធានការ​តឹងរ៉ឹង ក៏​ដូច​ជា​ការ​បិទ​ខ្ទប់ នៅ​រយៈពេល ២ ខែ​កន្លង​មកនេះ ដែល​បាន​បង្ខាំង​មនុស្ស​ភាគច្រើន​នៃ​ប្រជាជន ២៥ លាន​នាក់​ក្នុង​តំបន់​នេះ​ត្រូវ​ស្នាក់​នៅ​ក្នុងផ្ទះ មិន​អាច​ចេញ​ដើរហើរ​ដោយ​សេរី​បាន​នោះ​ឡើយ​។

បន្ថែម​ពី​នេះ ស្ថានទូត​ចិន​នៅ​ក្រៅប្រទេស​ក៏​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ទិដ្ឋាការ​សម្រាប់​ទេសចរ​ដែល​ចង់ទៅ​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។

មន្ត្រី​កំពូល​នៃ​បក្សកុម្មុយនិស្ត​នៅ​ទីក្រុង​សៀង​ហៃ លោក Li Qiang កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា ទីក្រុង​សៀង​ហៃ​បាន​យកឈ្នះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ហើយ ខណៈ​ដែល​សម​ភាគី​របស់​លោក​នៅ​ទីក្រុង​ប៉េ​កាំ​ង លោក Cai Qi បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា​នឹង ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​ថ្មី ហើយ​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ អាជ្ញាធរ​ហុងកុង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រ៍ស​ប្ដា​ហ៍​នេះ​ថា លោក ស៊ី ជី​ន​ពីង នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២៥ នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​ផង​ដែរ​។ ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក ស៊ី ជី​ន​ពីង ទៅ​កាន់​ទីក្រុង​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ចិន​មួយ​នេះ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា គឺជា​ការ​ធ្វើ​ដំណើរ​លើក​ដំបូង​របស់​លោក​ទៅ​កាន់​តំបន់​នេះ រាប់​ចាប់ពី​មាន​ជំងឺ​កូ​វី​ដ ១៩ បាន​រាតត្បាត​ខ្លាំង​តាំងពី​ឆ្នាំ​២០២០​មក​។

គួរ​ជម្រាប​ថា ការ​គម្រាមកំហែង​នៃ​ការ​ចាត់វិធានការ​បិទ​ខ្ទប់​មេរោគ​កូ​វីត ១៩ នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​ខ្លាំង ខណៈ​រដ្ឋាភិបាល​កំពុង​សម្លឹង​មើល​ការ​បង្កើត​វិធានការ​គោលនយោបាយ​បន្ថែម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​ផង​ដែរ​៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងចោទអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងបោះជំហានឆ្ពោះទៅបង្កើត “អង្គការណាតូនៅអាស៊ី”

ព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃពុធថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន…

សិង្ហបុរីត្រូវតែប្រឹងប្រែងថែមទៀត ដើម្បីធ្វើពិពិធកម្មប្រភពស្បៀងអាហារ ខណៈដែលការផ្គត់ផ្គង់អាហារនៅតែបន្តមានការរំខាន

ព័ត៌មាន
ចំពេលដែលពិភពលោកកំពុងច្របូកច្របល់ជាមួយនឹងបញ្ហាចាក់ស្រេះជាច្រើននោះ ប្រទេសសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ចធំមួយនៅតំបន់អាស៊ីអាគ្នេយ៍នោះ កំពុងប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ