ជាក់ស្តែង នៅថ្ងៃព្រឹកថ្ងៃអង្គារទី២៤ឧសភា គ្រាដែលលោកកំពុងអង្គុយជជែកជាមួយនឹងសម្ព័ន្ធមិត្តចតុភាគី Quad ក្នុងទីក្រុងតូក្យូ ចិននិងរុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំងរួមមគ្នាមកហោះកៀកកិតដែនអាកាសជប៉ុន បង្កជាការក្តៅក្រហាយជាខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងតូក្យូ ដោយបានចាត់ទុកជាទង្វើបង្កហេតុ និងគំរាមកំហែង ហើយក្រោយកមកទៀតក៏មានការសម្ញែងសាច់ដុំដាក់គ្នាទៅវិញទៅមកផងដែរ។ នេះបើតាមប្រភព័ត៌មានពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោកចូ បៃឌិនបិទបញ្ចប់បេសសកម្ម និងត្រឡប់មកដល់ទឹកដីកំណើតវិញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកូរ៉េខាងជើងឯណោះ បានផ្គើនបាញ់មីស៊ីលប៉ាលិស្ទិកដល់ទៅ៣គ្រាប់ ក្រោយការបិទបញ្ចប់បេសសកម្មរបស់លោកចូ បៃឌិននៅកូរ៉េខាងត្បូង និងជប៉ុន។
នៅមិនទាន់ចប់ទេ ដំណើរទស្សនកិច្ចរបស់លោកបៃឌិន ក្នុងប្រទេសកូរ៉េខាងត្បូងក៏បានដុតកំដៅ ដល់តំបន់ច្រកសមុទ្រតៃវ៉ាន់ឲ្យកាន់តែតានតឹងជាងមុនមួយកំរិតទៀត។ ថ្លែងសារនៅទីក្រុងសេអ៊ូល ដោយបញ្ជាក់ថា អាមេរិកនឹងចូលទៅជួយតៃវ៉ាន់ បើចិនឈ្លានពាន បានធ្វើឲ្យក្រុងប៉េកាំងមិនសប្បាយចិត្ត ចោទអាមេរិកថា កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
ដើម្បីបញ្ជាក់ពីការខឹងសម្បាររបស់ខ្លួនចំពោះជំហររបស់សហរដ្ឋអាមេរិក កងទ័ពរំដោះប្រជាជនចិនបានអះអាងកាលពីថ្ងៃពុធថា ពួកគេក៏បានធ្វើសមយុទ្ធយោធាមួយនៅជិតកោះតៃវ៉ាន់ដែរ។ វរសេនីយ៍ឯក Shi Yi នៃកងទ័ពចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖ សមយុទ្ធដែលចិនបានធ្វើនៅក្បែរកោះតៃវ៉ាន់ គឺជាការហ្វឹកហាត់ល្បាត និងត្រៀមប្រយុទ្ធ ដោយហាត់សមទាំងតាមផ្លូវអាកាស និងផ្លូវសមុទ្រ។ លោកបន្តថា នេះគឺជាការព្រមានដោយបើកចំហអំពីការឃុបឃិតគ្នានាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ យ៉ាងណាមិញ ទីក្រុងប៉េកាំងគ្រាន់តែបានបញ្ជាក់ថា បានធ្វើសមយុទ្ធនៅក្បែរតៃវ៉ាន់ តែមិនបានប្រាប់ថាសមយុទ្ធនេះត្រូវបានធ្វើឡើងនៅពេលណានោះទេ។
ជារួមដំណើរទស្សនកិច្ចរបស់លោកបៃឌិន បាននាំមកនូវភាពតានតឹងដល់តំបន់អាស៊ីលើសពីការរំពឹងទុក។ លើសពីនេះអាមេរិកខ្លួនឯងនិងសម្ព័ន្ធមិត្ត បានឆ្លើយតបទៅនឹងស្ថានការណ៍ដែលកំពុងតានតឹងស្រាប់នេះ តាមរយៈសកម្មភាពសងសឹក ដែលរុញឲ្យស្ថានការណ៍កាន់តែតានតឹងបន្ថែមលើសដើម។
ជាក់ស្តែង យោធាសហរដ្ឋអាមេរិក និងកងកម្លាំងស្វ័យការពាររបស់ជប៉ុន បានអះអាងនៅថ្ងៃព្រហស្បតិ៍ទី២៦ឧសភាថា ពួកគេបានបើកយន្តហោះចម្បាំងរួមគ្នាពីលើដែនសមុទ្ររបស់ជប៉ុនដើម្បីបង្ហាញពីកម្លាំងឆ្លើយតប បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងមីស៊ីលបីគ្រាប់ចូលទៅក្បែរដែនសមុទ្រជប៉ុន និងឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនេះ ទ័ពអាកាសអាមេរិក និងជប៉ុនក៏ចង់ឆ្លើយតប ទៅនឹងសកម្មភាពយន្តហោះចម្បាំងចិននិងរុស្ស៊ីបានហោះរួមគ្នាមកក្បែរដែនដីជប៉ុន អំឡុងពេលកិច្ចប្រជុំ Quad ផងដែរ។
យោងតាមប្រភពពីទ័ពអាកាសរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ការហោះហើររួមគ្នារវាងអាមេរិកនិងជប៉ុន រួមបញ្ចូលនូវយន្តហោះចម្បាំងចំនួនប្រាំបីគ្រឿង ពីមូលដ្ឋានទ័ពក្នុងប្រទេសជប៉ុន មានដូចជាយន្តហោះចម្បាំងប្រភេទ F16 របស់អាមេរិកចំនួន៤គ្រឿង និងយន្តហោះចម្បាំង F15 របស់ជប៉ុនចំនួន ៤គ្រឿងផងដែរ។
គួររំឭកថា អាមេរិកនិងកូរ៉េខាងត្បូងកាលពីថ្ងៃពុធក៏បានឆ្លើយតបភ្លាមៗដែរ ទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងដែរ តាមរយៈការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ពិសេសគឺការសាកល្បង មីស៊ីលបាញ់ពីលើដីសំដៅគោលដៅ ប្រភេទ ហ៊ីយន្តម៉ូ(Hyunmoo) របស់កូរ៉េខាងត្បូង។
តាមរយៈព្រឹត្តិការណ៍ទាំងអស់នេះ គេអាចទោះទាយបានថា តំបន់អាស៊ី និងពិសេសអាស៊ីប៉ាស៊ិហ្វិក មិនបានបង្ហាញពីសញ្ញាធូរស្រាលស្ថានការណ៍ឡើយ ហើយវាក៏នៅតែជាសង្វៀងប្រទាញប្រទូងគ្នារវាងពួកមហាអំណាចដដែល នៅគ្រាដែលស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនកំពុងធ្វើឲ្យស្ថិរភាពពិភពលោកកំពុងរង្គោះរង្គើកាន់តែឡើង៕