ប្រទេសចិន និងអូស្ត្រាលីប្រជែងគ្នា ដើម្បីឥទ្ធិពលកាន់តែខ្លាំងនៅតំបន់ប៉ាស៊ីហ្វិក


នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអូស្ត្រាលីលោក អេនតូនី អាល់បានីស (Anthony Albanese) បាននិយាយថា ទីក្រុងកង់បេរ៉ាចាំបាច់ត្រូវតែ«ដើរទៅមុខគឺមិនថយក្រោយ»ទេក្នុងការគាំទ្រប្រជុំកោះប៉ាស៊ីហ្វិក ខណៈដែលរដ្ឋមន្ត្រីការបរទេសចិនបានមកដល់ក្នុងតំបន់នេះ ក្នុងគោលបំណងដើម្បីស្វែងរកកិច្ចព្រមព្រៀងក្នុងតំបន់ដ៏ធំទូលាយមួយស្តីពីសន្តិសុខ និងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
ប្រទេសចិន និងអូស្ត្រាលីប្រជែងគ្នា ដើម្បីឥទ្ធិពលកាន់តែខ្លាំងនៅតំបន់ប៉ាស៊ីហ្វិក

គ្រាន់តែ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ពី​សេចក្តីថ្លែងការណ៍​បែកធ្លាយ​មួយ ដែល​បង្ហាញ​ថា ប្រទេស​ចិន​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​បណ្ដា​ប្រទេស​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​១០​គ្របដណ្តប់​លើ​លើ​វិស័យ​ប៉ូលិស សន្តិសុខ ពាណិជ្ជកម្ម ទំនាក់ទំនង​សមុទ្រ និង​ទិន្នន័យ​ហើយ​ភ្លាម លោក អាល់​បា​នី​ស នាយក​រដ្ឋមន្ត្រី​ថ្មី​អូស្ត្រាលី បាន​និយាយ​ថា ប្រទេស​អូស្ត្រាលី "​ត្រូវការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​"​។

លោក Albanese បាន​និយាយ​ថា រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត​ចេញពី​គណបក្ស​ពលករ​របស់​លោក​បាន​សន្យា​ថា នឹង​ចាត់វិធានការ​ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​ប្រទេស​កោះ​មួយ​ចំនួន​លើ​វិស័យ​សន្តិសុខ​ដែនសមុទ្រ ការ​ប្រែប្រួល​អាកាសធាតុ ការ​បង្កើន​ជំនួយ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អូស្ត្រាលី​ត្រូវ​តែ​ដើរទៅ​មុខ គឺ​មិន​ថយក្រោយ​នោះ​ទេ មិន​ដូច​អ្វីមួយ​ដែល​បាន​កើតឡើង​នៅ​ក្រោម​អតីត​រដ្ឋាភិបាល​កាលពីមុន​ឡើយ​។

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​លោកស្រី Penny Wong បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វី​ជី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​កោះ​នេះ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោកស្រី​នៅ​ប៉ា​ស៊ី​ហ្វិ​ក​តាំងពី​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ចន្ទ​ដើម​បស​ប្ដា​ហ៍​នេះ​មក​។

លោក ហ្វ្រេ​ង បៃ​នី​ម៉ា​រ៉ា​ម៉ា (Frank Bainimarama) នាយក​រដ្ឋមន្ត្រី​ប្រទេស​ហ្វី​ជី​បាន​និយាយ​ថា លោក​នឹង​ជួប​លោកស្រី Wong របស់​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ ហើយនឹង​ជួប​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​ក្រោយ​។

នៅ​ថ្ងៃនេះ​ដែរ​លោក Wang Yi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កោះ​សូ​ឡូ​ម៉ុង ដែល​ជា​ជើង​ដំបូង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់ ៨ ប្រទេស ហើយ​លោក វ៉ាង ក៏​នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ប្រទេស​ហ្វី​ជី​នៅ​ស​ប្តា​ហ៍​ក្រោយ ជា​កន្លែង​ដែល​លោក​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​លើ​ផែនការ​សកម្មភាព​រយៈពេល ៥ ឆ្នាំ​ផង​ដែរ​។

រដ្ឋាភិបាល​កោះ​សូ​ឡូ​ម៉ុង​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក វ៉ាង យី នឹង​ចុះហត្ថលេខា​នៅ​លើ​កិច្ចព្រមព្រៀង​សហ​ប្រ​តិ​ប​តិ្ត​ការ​មួយ​ចំនួន​រវាង​ប្រទេស​ចិន និង​ប្រទេស​កោះ​ស​ឡូ​ម៉ុង នេះ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ២ ថ្ងៃ​របស់​មន្ត្រី​កំពូល​ចិន​នេះ​។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ចិន​រូប​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ប្រទេស​ចិន​ចង់ឱ្យ​ប្រទេស​ប៉ា​ស៊ី​ហ្វិ​ក​តូច​ៗ​ចំនួន​១០​គាំទ្រ​កិច្ចព្រមព្រៀង​ដ៏​ទូលំទូលាយ​មួយ ដែល​គ្របដណ្ដប់​ចាប់ពី​វិស័យ​សន្តិសុខ​រហូត​ដល់​វិស័យ​ជលផល​នៅ ជា​អ្វី​ដែល​គេ​មើលឃើញ​ថា ជា​ចំណុច​គន្លឹះ​មួយ​របស់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ដណ្តើម​ការ​គ្រប់គ្រង​ក្នុង​តំបន់​នេះ​។

សេចក្តី​ព្រាង​នៃ​កិច្ចព្រមព្រៀង​ដែល​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​AP បាន​បង្ហាញ​ថា ប្រទេស​ចិន​ចង់​បណ្តុះបណ្តាល​មន្ត្រី​ប៉ូលិស​ប៉ា​ស៊ី​ហ្វិ​ក សហការ​គ្នា​លើ​វិស័យ​"​សន្តិសុខ​បែប​ប្រពៃណី និង​មិនមែន​ប្រពៃណី​" និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​។

ប្រទេស​ចិន​ក៏​ចង់​រួម​គ្នា​បង្កើត​ផែនការ​សមុទ្រ​សម្រាប់​វិស័យ​ជលផល​រួម​បញ្ចូល​ទាំង​ការ​ចាប់​ត្រី​ធូ​ណា​ដែល​រក​កម្រៃ​បាន​ច្រើន​សម្រាប់​តំបន់​ប៉ា​ស៊ី​ហ្វិ​ក បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ដំណើរការ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​តំបន់ និង​បង្កើត​វិទ្យាស្ថាន​វប្បធម៌​ខុ​ង​ជឺ​និង​ថ្នាក់រៀន​ចិន ហើយ​ចិន​ក៏​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្ដា​ប្រទេស​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានការណ៍តំបន់កាន់តែតានតឹងនៅអំឡុងពេល និងក្រោយដំណើរទស្សនកិច្ចលោកចូបៃឌិននៅអាស៊ី

ព័ត៌មាន
លោកចូ បៃឌិន បានបិទបញ្ជប់ទៅហើយនូវបេសសកម្មបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ីជាលើកទីមួយរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក ដោយបានអញ្ជើញទៅ…

អគ្គនាយិកា IMF ថា និន្នាការបែកខ្ញែកសេដ្ឋកិច្ច និងនយោបាយពិភពលោក កំពុងកើតមានកាន់តែខ្លាំងឡើងៗគួរឲ្យបារម្ភ

ព័ត៌មាន
អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)លោកស្រី ហ្គីស្តាលីណា ហ្គូគីវ៉ា (Kristalina Georgieva) បាននិយាយកាលពីថ្ងៃទី ២៥ឧសភា ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ