
លោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា នៅក្នុងបរិបទបច្ចុប្បន្ននេះ តំបន់មួយចំនួនជាប់ព្រំដែនជាមួយថៃ អាចនឹងជួបឧបសគ្គខ្លះនៃការឡើងថ្លៃលើបន្លែ និងផ្លែឈើ ដោយសារកម្ពុជា ពុំទាន់បានត្រៀមខ្លួនជាមុនក្នុងការបិទការនាំចូលទំនិញទាំងនេះពីប្រទេសថៃ។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះស្នើឱ្យអាជ្ញាធរ នៅតាមតំបន់គួរមានម្ចាស់ការក្នុងការទិញបន្លែ និងផ្លែឈើពីកសិករក្នុងស្រុកយកទៅផ្គត់ផ្គង់នៅតាមទីផ្សារនានា ឬអាចនាំចូលពីទីផ្សារផ្សេងក្រៅពីប្រទេសថៃ ដើម្បីកុំឱ្យឈ្មួញដំឡើងថ្លៃ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់កុំឱ្យឈ្មួញដំឡើងថ្លៃលើបន្លែ និងផ្លែឈើ លុះណាតែរដ្ឋាភិបាលដាក់ចេញវិធានការកំណត់តម្លៃលក់នៅលើទីផ្សារ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ស្ថិតក្នុងអន្តរកាលនៃការបិទការនាំចូលបន្លែ និងផ្លែឈើពីថៃនេះ កសិករគួរបង្កើនការដាំដុះបន្លែ និងនាំយកផ្លែឈើដែលកំពុងទទួលផលស្រាប់ទៅផ្គត់ផ្គង់នៅលើទីផ្សារនានា ឱ្យស្របទៅតាមតម្រូវការ។ បើតាមអ្នកជំនាញរូបនេះ នៅពេលមានការផ្គត់ផ្គង់នៅតាមទីផ្សារបានគ្រប់គ្រាន់ ហើយអាចមានការនាំចូលសម្រាប់បំពេញបន្ថែមពីប្រទេសផ្សេងក្រៅពីប្រទេសថៃ នោះតម្លៃនឹងមិនមានការឡើងថ្លៃនោះទេ ប៉ុន្តែត្រូវតែមានការចូលរួមពីក្រុមអាជីវករផងដែរ។ បើតាមលោកបណ្ឌិត ឈត ប៊ុនថង ស្ថិតក្នុងស្ថានភាពនេះ ក្រុមអ្នកផលិត និងអាជីវករនានា ពុំគួរឆ្លៀតឱកាសលក់ដំឡើងថ្លៃនោះទេ ហើយគួរយកកាលៈទេសៈនេះជួយដល់សង្គមជាតិ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រសួងពាណិជ្ជកម្មនឹងប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីធ្វើការពង្រឹងលើមុខទំនិញយុទ្ធសាស្រ្ត ក្នុងនោះក៏មានការសម្របសម្រួលរបស់មន្ទីរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីសម្រួលឱ្យមានលំហូរទំនិញទៅកាន់ទីផ្សារ និងការអន្តរាគមន៍លើថ្លៃទំនិញផងដែរ។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ស្នើឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់កសិផល និងទំនិញផលិតក្នុងស្រុក ហើយជៀសវាងការដំឡើងថ្លៃណាមួយនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងមានបញ្ហាប្រឈមនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បានបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ មកកាន់ទីផ្សារកម្ពុជា ទាំងស្រុង ក្រោយភាគីថៃ មិនបានដោះស្រាយបញ្ហានៅតាមច្រកព្រំដែនឱ្យមានភាពល្អប្រសើរដូចការចង់បានរបស់កម្ពុជា។ ការបិទការនាំចូលបន្លែ និងផ្លែឈើពីថៃនេះ ធ្វើឡើងនៅមួយថ្ងៃក្រោយការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលទាមទារឱ្យភាគីថៃ បើកច្រកព្រំដែនដែលខ្លួនបានជាឯកតោភាគីឱ្យមានសភាពដូចដើមវិញក្នុងរយៈពេល២៤ម៉ោង។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាជីវករកុំឡើងថ្លៃលើបន្លែ និងផ្លែឈើក្នុងអំឡុងពេលបិទការនាំចូលបន្លែ និងផ្លែឈើពីថៃនេះ៕
អត្ថបទ៖ បូ ដូឡា