វិស័យពាណិជញ្ជកម្ម

ចំនួនហាងអាហារ និងភេសជ្ជៈចិន នៅតំបន់អាស៊ាន រីកដូចផ្សិត ដោយកើនឡើងរហូតដល់ទៅជាង១គុណនឹង៣ដងត្រឹមតែរយៈពេល២ឆ្នាំ


របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ម៉ាកយីហោចំណីអាហារ និងភេសជ្ជៈរបស់ប្រទេសចិន កំពុងវាយលុកទីផ្សារក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ាន ដោយចំនួនហាងអាហារ និងភេសជ្ជៈចិន នៅក្នុងតំបន់អាស៊ាន បានរីកដូចផ្សិតយ៉ាងឆាប់រហ័ស ដោយបានកើនឡើងរហូតដល់ទៅជាង១គុណនឹង៣ដងក្នុងរយៈពេលត្រឹមតែ២ឆ្នាំ ខណៈដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅទីផ្សារក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យពាណិជញ្ជកម្ម
ដោយ

របាយការណ៍មួយដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាយោបល់ Momentum Works ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានរកឃើញថា ម៉ាកយីហោចិន ប្រហែល៦០ រួមទាំងម៉ាកយីហោភេសជ្ជៈ មីស៊ា (Mixue) និងឡាក់ឃីន ខូហ្វី (Luckin Coffee) និងភោជនីយដ្ឋាន ហត ផត ហៃទីឡៅ (Hot Pot Haidilao) ផងមានហាងរហូតដល់ទៅជាង៦,១០០ហាងឯណោះនៅក្នុងតំបន់អាស៊ាន គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៣ ដោយកើនឡើងជាង៣ដង បើធៀបនឹងប្រមាណ១,៨០០ហាង ដែលពួកគេមាននៅក្នុងឆ្នាំ២០២២។

លោក ជាំងកាន លី (Jianggan Li) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាយោបល់ Momentum Works បានប្រាប់សារព័ត៌មាន Nikkei Asia ថា តំបន់អាស៊ាន មានភាពទាក់ទាញចំពោះម៉ាកយីហោចំណីអាហារនិងភេសជ្ជៈរបស់ចិន ព្រោះវាមានភូមិសាស្រ្ត និងវប្បធម៌ជិតស្និទ្ធជាមួយប្រទេសចិន ហើយម្យ៉ាងវិញទៀត ការស្វែងរកដៃគូសហការនៅក្នុងប្រទេសទាំងនេះ គឺមានភាពងាយស្រួល។

របាយការណ៍ដដែលបានចង្អុលបង្ហាញថា ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី មានចំនួនម៉ាកយីហោចិនច្រើនជាងគេដោយសារតែនៅក្នុងប្រទេសទាំងនេះមានពលរដ្ឋចេះនិយាយភាសាចិនច្រើន។ របាយការណ៍ដដែលក៏បញ្ជាក់ដែរថា ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម រួមបញ្ចូលគ្នាមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ២ភាគ៣នៃហាងចិន ទាំងអស់ ជាពិសេសសម្រាប់ម៉ាកយីហោដែលមានទីផ្សារធំ។

របាយការណ៍នេះបានបញ្ជាក់ទៀតថា នៅក្នុងប្រទេសចិន ភោជនីយដ្ឋានរហូតដល់ទៅជាង១លានកន្លែងត្រូវបានបិទទ្វារគ្រាន់តែក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ដោយកើនឡើង៧០% បើធៀបនឹងឆ្នាំ២០២៣ ដោយសារតែការប្រកួតប្រជែងដ៏ខ្លាំងក្លា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងប្រទេសនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើសហភាពអឺរ៉ុប កំពុងប្រឈមនឹងបញ្ហាអ្វីនៅក្នុងទីផ្សារការងារ?

សហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងកង្វះធនធានមនុស្សសម្រាប់បម្រើការងារនៅតាមទីក្រុងមួយចំនួន ក្រោយតម្លៃលំនៅឋានឡើងថ្លៃ បានជំរុញឱ្យពលរដ្ឋចាកចេញពីទី…

តើមានកត្តាអ្វីជួយជំរុញឱ្យការនាំចេញរបស់ចិន ទៅអាម៉េរិក និងអាស៊ាន ហក់ឡើងខ្ពស់កាលពីខែធ្នូ កន្លងទៅ?

ការនាំចេញទំនិញរបស់មហាយក្សចិន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអាស៊ាន មានការកើនឡើងគួរឱ្យកត់សម្គាល់កាលពីខែធ្នូ ចុងឆ្នាំ២០២៤ កន្លងទៅនេះ។ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ