អចលនទ្រព្យ

ក្មេងលក់កាសែតម្នាក់ ក្លាយជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោនៅកម្ពុជា


ប្រិយមិត្តអ្នកអានធ្លាប់តែឃើញលោកឧកញ៉ា នួន រិទ្ធី ពាក់អាវខ្វាស៊េរ និងចាប់ដៃជាមួយអ្នកវិនិយោគជាតិនិងអន្តរជាតិ ប៉ុន្ដែ មុនក្លាយជាអ្នកជំនួញដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង លោកឧកញ៉ា នួន រិទ្ធី ក៏ជាជនក្រីក្រដូចពលរដ្ឋមួយចំនួនទៀតដែរកាលពីវ័យកុមារភាព។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA (រូបថត៖សៃ វណ្ណដា)
ដោយ

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលរៀនបឋមសិក្សា ខ្ញុំបានឆ្លៀតជួយជីវភាពគ្រួសារ ដោយដើរលក់កាសែតអស់រយៈពេលជិត៥ឆ្នាំ។ ហើយនៅវ័យរៀនអនុវិទ្យាល័យ ខ្ញុំបានឆ្លៀតធ្វើការសំណង់ដោយមិនប្រកាន់ខ្លួននោះទេ ព្រោះ យើងអត់ ពេលខ្លះទៅទិញអេតចាយ និងរើសអេតចាយចឹងទៅ»។   

ឧកញ៉ា នួន រិទ្ធី ជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់ក្នុងគ្រួសារមួយនៅភ្នំពេញដែលមានឪពុកជាមន្ត្រីចូលនិវត្តន៍ និងម្តាយលក់ដូរតូចតាច។ ការតស៊ូយ៉ាងស្វិតស្វាញនៅក្នុងជីវិតរបស់លោកកាលពីវ័យកុមារ និងវ័យជំទង់ បានធ្វើឲ្យលោករួចផុតពីសំណាញ់អវិជ្ជា ដោយលោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសំណង់ស៊ីវិល និងបញ្ចប់អនុបណ្ឌិតផ្នែកធុរកិច្ច។   រៀនបណ្តើរ ធ្វើការបណ្តើរ និងរកស៊ីបណ្តើរ បានធ្វើឲ្យជីវិតរបស់លោកមានភាពរីកចម្រើនជាបន្តបន្ទាប់។  

លោកឧកញ៉ារម្លឹកបែបនេះថា៖ «យើងមានដីមួយដុំ ក៏សង់ផ្ទះប្រវ៉ាស់គេ ដោយបានពីរល្វែងម្នាក់។ ដូច្នេះ ឪពុកម្តាយចាស់ហើយ ខ្ញុំបានលក់ផ្ទះមួយល្វែង ដើម្បីយកលុយធ្វើដើមទុន។ កាលជំនាន់នោះ នៅទួលស្វាយព្រៃ អត់មានហាងឆេងនោះទេ មួយល្វែងខ្ញុំលក់បានតែ២ម៉ឺន៩ពាន់៥រយដុល្លារ។ ដូច្នេះ បានដើមទុននេះ ខ្ញុំបានដើរទិញដីស្រែបីបួនប្រាំពាន់ ក៏ចំណេញ ហើយម្តាយឪពុកមានបំណុលខ្លះ ក៏សងគេ ហើយសល់លុយមួយចំនួន ក៏យកមកវិនិយោគលើដីធ្លី ដោយមានគំនិតថា ដីមិនកើត តែមនុស្សកើត ដូច្នេះមានតែដីធ្លី ទើបធ្វើឲ្យយើងទប់ទល់នឹងជីវភាពបាន»។    

ក្រោយបញ្ចប់បរិញ្ញាបត្រ យុវជន នួន រិទ្ធី បានប្រឡូកការងារជាមួយក្រុមហ៊ុនអចលនទ្រព្យ ប៊ុនណា រៀលធី គ្រុប អស់រយៈពេល៩ឆ្នាំ។ ដោយសារពូកែនិយាយ លោកត្រូវបានក្រុមហ៊ុនឲ្យទទួលខុសត្រូវផ្នែកទីផ្សារបានមួយគ្រា និងក្រោយមកបានប្តូរទៅជាអ្នកវាយតម្លៃអចលនទ្រព្យ ដែលស្របនឹងជំនាញរបស់លោក ហើយលោកក៏ទទួលបានទំនុកចិត្តពីក្រុមហ៊ុនដោយបានផ្តល់តំណែងកំពូលដល់លោកទៀតផង។

លោកឧកញ៉ាបានអត្ថាធិប្បាយបន្តថា៖ «នៅពេលធ្វើការជាមួយក្រុមហ៊ុនប៊ុនណា ខ្ញុំបានឆ្លៀតឱកាសរកស៊ីផ្ទាល់ខ្លួន ដូចជា ទិញដី ដូរដី ទិញផ្ទះ លក់ផ្ទះ ខ្ញុំដឹងទីតាំង​ណាល្អ តម្លៃសមរម្យ ខ្ញុំទិញលក់ៗ ទើបខ្ញុំមានទុន។ នៅក្នុងនោះ ខ្ញុំបានខ្ចីធនាគារវឌ្ឍនៈ៣ម៉ឺនដុល្លារ ជាដើមទុនដំបូង ដែលខ្ញុំហ៊ានខ្ចីគេ ដោយមើលលំហូរសាច់ប្រាក់របស់ខ្ញុំថា អាចបង់ឲ្យគេបាន។ ខ្ញុំបានដើមទុននេះមករកស៊ីជាបន្តបន្ទាប់ ហើយក្នុងពេលធ្វើការក៏ចេះតែមានសំណាង…»។  

ក្រោយទទួលបានបទពិសោធក្រែលដែរនៅក្នុងវិស័យវាយអចលនទ្រព្យ នៅឆ្នាំ២០១៥ លោកបានបង្កើតក្រុមហ៊ុនអចលនទ្រព្យឈ្មោះថា Khmer Foundation Appraisal (KFA) ដែលមានភាគហ៊ុន១០០ភាគរយជារបស់ខ្លួន និងផ្តើមមានឈ្មោះបោះសំឡេងរហូតទទួលបានពានជាបន្តបន្ទាប់ពីថ្នាក់ជាតិនិងអន្តរជាតិ ជាក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យឈានមុខមួយនៅកម្ពុជា និងមានគម្រោងពង្រីកសាខានៅប្រទេសឡាវ និងមីយ៉ាន់ម៉ាទៀតនៅពេលខាងមុខទៀតផង។ តាមពិតទៅ ក្រុមហ៊ុន KFA បានដំណើរការបានជាង៣ឆ្នាំមកហើយ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកគ្រប់ជំនាញសរុបជិត៥០នាក់។

ក្រោយទទួលបានភាពជោគ​ជ័យនៅក្នុងមុខជំនួញ បុរសវ័យ៣៦ឆ្នាំ និងមានកូន៤នាក់ក្នុងបន្ទុករូបនេះ បានចូលរួមបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួនជួយក្នុងវិស័យព្រះពុទ្ធសាសនា ជួយជនក្រីក្រ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងកន្លងទៅថ្មីៗនេះ ជួយមន្ទីរពេទ្យគន្ធបុផ្ផាក្នុងទឹកប្រាក់២ម៉ឺនដុល្លារជាដើម។ ការចូលរួមជួយសង្គមជាបន្តបន្ទាប់នេះ បានធ្វើឲ្យរូបលោកទទួលបានងារជាឧកញ៉ាពីព្រះមហាក្សត្រនៃប្រទេសកម្ពុជាទៀតផង។ 

លោកឧកញ៉ាពន្យល់យ៉ាងដូច្នេះថា៖ «អ្វីក៏ដោយ ដែលយើងទទួលបានសង្គមមួយនេះ យើងចង់ចែករំលែកទៅវិញ ពីព្រោះ មនុស្សទាំងអស់ មិនសុទ្ធតែមានវាសនាដូចគ្នានោះទេ គឺមានជោគវាសនាខុសគ្នា។ ហើយបើសិនយើងមានឱកាសជួយមនុស្សបានកាន់តែច្រើន យើងបានបុណ្យកាន់តែច្រើន។ យើងនៅមានភារកិច្ចច្រើនទៀត ទីមួយ យើងជួយផ្តល់ការងារដល់បុគ្គលិកដែលមានសមត្ថភាព ទីពីរ យើងជួយជនទីទាល់ក្រខ្សត់ ដើម្បីជួយចូលរួមក្នុងការលុបបំបាត់ភាពក្រីក្រជាមួយរដ្ឋាភិបាល។ យើងឃើញថា នៅប្រទេសជឿនលឿនដទៃទៀត អ្នកដែលមានធនធានគេគិតលើមនុស្សធម៌ មានន័យថា កើតមកអត់យកអីមកទេ ស្លាប់ទៅ ក៏មិនអាចយកអ្វីទៅបានដែរ។ ដូច្នេះ បន្ទាប់ពីយើងបានហូបឆ្អែតហើយ យើងត្រូវគិតដល់អ្នកខ្សត់ ថា តើគាត់មានអីហូបដូចយើងដែរអត់? ដូច្នេះ យើងចែកតែមួយចំណែកដែលយើងមាន គឺយើងបានក្តីសុខហើយ»៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការជំពាក់​បំណុល​ធនាគារ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជារឿង​ល្អ ឬ អាក្រក់?

ព័ត៌មាន
ការខ្ចីបុលលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វាជារឿងអាក្រក់ ឬជាក៏ជារឿងល្អ? អ្នក ឯកទេសផ្នែកហិរញ្ញវត្ថុសុទ្ធតែបានលើកឡើងប្រហាក់ប្រហែល…

ទីបំផុត ចិនយល់ព្រមឲ្យកម្ពុជា នាំចូលចេកអំបូងលឿងមួយឆ្នាំ ៣០ម៉ឺនតោនទៅចិន

ព័ត៌មាន
លោក ហ៊ាន វណ្ណហន ប្រធាននាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីនេះថា បន្ទាប់ពី​រាជ​រដ្ឋាភិបាលកម្ពុជាបានចរច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ