ទំនាក់ទំនង​ពាណិជ្ជកម្មកម្ពុជា-ជប៉ុន

កម្ពុជាកំពុងរំពឹងអាចពង្រីកទីផ្សារ និងទាក់ទាញវិនិយោគិនជប៉ុន​កាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន


កម្ពុជារំពឹងពង្រីកទីផ្សារទៅកាន់ប្រទេសជប៉ុន និងទាក់ទាញបានវិនិយោគិនជប៉ុនកាន់តែច្រើនក្រោយពីកិច្ចព្រមព្រៀងស្តីពី ភាព ជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជប៉ុនចូលជាធរមាន។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)
ដោយ

ថ្លែងលើកឡើង​នៅក្នុងសម័យ​ប្រជុំពេញ​អង្គរដ្ឋសភា លើកទី៥ នីតិកាលទី៦ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម និងជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា​បានគូស​បញ្ជាក់ថា ​កម្ពុជា​រំពឹង​ពង្រីក​ទីផ្សារ​របស់ខ្លួន​ទៅកាន់​ប្រទេស​ជប៉ុន ព្រមទាំង​ឱកាស​ក្នុង ការទាក់ទាញ​វិនិយោគិន​ជប៉ុន​ចូលមក​បណ្តាក់​ទុន​កាន់តែ​ច្រើន​ តាមរយៈ​កិច្ច​ព្រមព្រៀងស្តី​ពីភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាងរដ្ឋ​ជាសមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) និងជប៉ុន ដែល​ទើបត្រូវ​បាន​អង្គរដ្ឋសភា​ជាតិ​អនុម័ត​យល់​ព្រម​ជា​ផ្លូវការ កាលពី​ថ្ងៃចន្ទ។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ការធ្វើឱ្យ​ពាណិជ្ជកម្ម​អាស៊ាន-ជប៉ុន នឹង​មានភាព​ល្អប្រសើរ​ឡើង ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃសេដ្ឋកិច្ច​ពិភពលោក តាមរយៈ​ការធ្វើ​សេរី​ភាវូបនីយកម្ម​លើ​ពាណិជ្ជកម្ម​សេវាកម្ម​ បម្លាស់​ទីរូប​វន្តបុគ្គល និង​ការវិនិយោគ។

ឯកឧត្តម​រដ្ឋមន្ត្រី អះអាងថា ​កិច្ចព្រម​ព្រៀង​ស្តីពីភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ នឹងផ្ដល់​នូវ​ប្រយោជន៍​ជាសារវ័ន្ដ​ដល់សង្គម​ជាតិ​ទាំងមូល និងជំរុញ​កំណើន​សេដ្ឋកិច្ច​នៃប្រទេស​កម្ពុជា​ឱ្យកាន់តែ​ប្រសើរ​ឡើង​ តាមរយៈការ​មកបណ្តាក់​ទុន​របស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា​ដោយនឹង​នាំ​បច្ចេកវិទ្យា​កាន់តែ​មានភាព​ល្អប្រសើរ​នៅកម្ពុជា។

លើសពីនេះទៀត កម្ពុជាក៏នឹង​អាចមាន​កាលានុវត្ត​ភាព​កាន់តែ​ច្រើន​ក្នុងការទទួល​បាន​ផលប្រយោជន៍​ពីពិធី​សារ​អនុវត្ត​កញ្ចប់​សន្យាទី១០ ក្រោមកិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្ដីពី​សេវាកម្ម ដោយសារ​អាស៊ាន គឺជាទីផ្សារ​តំបន់​ដ៏ធំមួយ ព្រមទាំង​អាចទាក់ទាញ​អ្នកវិនិយោគ​ និងធុរជន​ពីប្រទេស​នានា​ក្នុង​អាស៊ាន មកវិនិយោគ​លើវិស័យ​សេវាកម្ម​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ជួយបង្កើត​ឱកាស​សម្រាប់​ធុរជន​កម្ពុជា ដែលមាន​បំណង​ពង្រីក​ទីផ្សារ​សេវាកម្ម​របស់ខ្លួន​ទៅកាន់​ប្រទេស​នានា​ក្នុង​អាស៊ានផងដែរ។

ទន្ទឹមជាមួយគ្នានេះ កម្ពុជា​ក៏នឹងអាច​ប្រមូល​ចំណូល​ពន្ធអាករ​កាន់តែ​ច្រើន​ឡើង​ជាចំណូល​ជាតិ ដោយអនុលោម​ទៅតាម​ច្បាប់​សារពើពន្ធ​កម្ពុជា ពីការ​ធ្វើអាជីវកម្ម​ពាណិជ្ជកម្ម​សេវាកម្ម​របស់​សមាជិក​អាស៊ាន​ផ្សេងទៀត​នៅកម្ពុជា។

យោងតាមអង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន ​ហៅកាត់ថា​ JETRO គិតតាំងពីដើមឆ្នាំ មកដល់​ត្រឹម​ដំណាច់​ខែសីហា ​ឆ្នាំ២០២០នេះ ទឹកប្រាក់​នៃការនាំចេញ​ទៅជប៉ុន​របស់​កម្ពុជា​ជាង ១ពាន់​លាន​ដុល្លារ ខណៈជប៉ុន​នាំចូល​មកកម្ពុជា​វិញ​ប្រមាណ​ជាង ៣០០លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្កររបស់កម្ពុជាឆ្នាំ២០២០ កំពុងមាននិន្នាការកើនឡើង ខណៈថៃ និងវៀតណាមកំពុងស្រុតចុះ

ព័ត៌មាន
ឆ្នាំ២០២០នេះ និន្នាការនៃការនាំចេញអង្កររបស់កម្ពុជា កំពុងបង្ហាញសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ តួយ៉ាង នៅរយៈពេល១០ខែ ដំបូងនៅឆ្នាំ២០២០ កម្ពុជា…

ធនាគារពិភពលោក៖ ការផ្ញើប្រាក់ពីបរទេសរបស់ពលករចំណាកស្រុក អាចនឹងធ្លាក់ចុះ ១៤% នៅក្នុងឆ្នាំ ២០២១

ព័ត៌មាន
ធនាគារពិភពលោក បានធ្វើការព្យាករថា ប្រាក់បញ្ញើពីបរទេស ដោយពលករចំណាកស្រុក ទូទាំងសកលលោក នឹងមានការធ្លាក់ចុះដល់ទៅ ១៤% នៅក្នុងឆ្នាំ ២០២១ខាងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ