
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ដើម្បីចូលរួមលើកកម្ពស់ និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជន ធនាគារ ហត្ថា និងសាធារណជនឱ្យទទួលបាននូវធានារ៉ាប់រងទូទៅដូចជា៖ ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងអគ្គិភ័យ និងធានារ៉ាប់រងសុខភាព ក៏ដូចជាពង្រឹងកិច្ចការពារដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យើងពិតជាមានមោទនៈភាពតាមរយៈការសហការភាពជាដៃគូយុទ្ធសាស្ត្រប៊េងកាសួរេននេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថា នឹងរួមគ្នាបង្កើនការយល់ដឹងអំពី អត្ថប្រយោជន៍ធានារ៉ាប់រង ផ្តល់ដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់ប្រជាជនកម្ពុជា។

លោក Jeffrey Chew, អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រឹងភាពជាដៃគូរបស់យើងជាមួយធនាគារ ហត្ថា កិច្ចសហការនេះអនុញ្ញាតឱ្យយើងប្រើប្រាស់ជំនាញរបស់យើង ដើម្បីផ្តល់ការការពារធានារ៉ាប់រងដ៏មានតម្លៃដល់អតិថិជនរបស់ធនាគារ ហត្ថា។ លោក Jeffrey Chew មានប្រសាសន៍បន្ថែមថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្តល់ដំណោះស្រាយធានារ៉ាប់រងដ៏ល្អឥតខ្ចោះដល់អតិថិជនធនាគារហត្ថាប៉ុណ្ណោះទេ ធានារ៉ាប់រងពិតមានតួនាទីសំខាន់ក្នុងការចង្អុលនៃស្ថិតស្ថេរ សុវត្ថិភាពហិរញ្ញវត្ថុ កាត់បន្ថយផលប៉ះពាល់ពីព្រឹត្តិការណ៍ដែលកើតឡើងដោយមិនបានរំពឹងទុក និងការពារសន្តិភាពផ្លូវចិត្តកាន់តែច្រើន និងប្រសិទ្ធភាពជូនដល់អតិថិជន”។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានបង្ហាញនូវការទុកចិត្តខ្ពស់ចំពោះដៃគូនេះ ដោយអោយដឹងថាវានឹងជំរុញវិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនបន្ថែមទៀត។ លោកបានលើកឡើងថា “យើងពិតជាមានក្តីសោមនស្សក្នុងភាពជាដៃគូរអាជីវកម្មជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព ដើម្បីផ្ដល់ប្រយោជន៍ និងជម្រើសន្ថែមទៀតជូនដល់អតិថិជនរបស់ធនាគារ ហត្ថា ទាំងអស់ និងសាធារណៈទូទៅ តាមរយៈការផ្តល់នូវសេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអគ្គិសភ័យ និងធានារ៉ាប់រងយានយន្ត ដែលក្រុមហ៊ុនទាំងពីរបានហការជាមួយជួយគ្នានៅថ្ងៃនេះ។ ភាពជាដៃគូនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុទូលំទូលាយដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាអោយបានល្អបំផុត។”

ដើម្បីអបអរក្នុងការដាក់សម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មប៊េងកាសួរេននេះ អតិថិជន ធនាគារ ហត្ថា ទាំងអស់ ដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងយានយន្តឯកជន ពីក្រុមហ៊ុន ហ្វីលីព ចេណឺរល អ៊ីនសួរេន ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ។ លើសពីនេះទៅទៀត អតិថិជនដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងតាមរយៈធនាគារ ហត្ថា នឹងទទួលបាននូវតម្លៃពិសេស។








