ប្រភពអនាមិកចេញពីវិមានរដ្ឋាភិបាលថៃ បានទម្លាយឱ្យដឹងថា បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីអំឡុងខែកុម្ភៈ ដើមឆ្នាំនេះ នៅមិនទាន់មានការលើកសំណើសុំចរចាបន្ថែមទៀតនៅឡើយទេ។
បន្ទាប់ពីដំណើរទស្សនកិច្ចនោះ ក្រុងបាងកក និងក្រុងភ្នំពេញ បានព្រមព្រៀងគ្នាបន្តការចរចាលើតំបន់ត្រួតស៊ីគ្នា (OCA) ដែលបានជាប់គាំងចាប់តាំងពីបញ្ហានេះត្រូវបានលើកឡើងមកចរចាក្នុងឆ្នាំ២០០១។
លោក គូរូជីត ណាកនថាប (Kurujit Nakornthap) នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងកាតថៃ (PTIT) បានលើកឡើងថា ប្រសិនបើភាគីថៃ និងភាគីកម្ពុជា ធ្វើការរួមគ្នាដើម្បីធានាបាននូវការចរចាប្រកបដោយជោគជ័យ ប្រទេសទាំងពីរនឹងទទួលបាននូវប្រភពថាមពលថ្មីមួយដែលអាចផ្តល់សន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ។
លោកបានបង្ហាញការជឿជាក់ថា ការខ្វែងគំនិតគ្នាជុំវិញដែនសមុទ្ររវាងថៃ និងកម្ពុជា អាចដោះស្រាយបានតាមរយៈការចរចា។
លោកបានបន្តទៀតថា ប្រទេសថៃ ក៏ធ្លាប់មានជម្លោះដែនដីស្រដៀងគ្នាជាមួយប្រទេសវៀតណាម ផងដែរ ហើយថា បញ្ហានេះត្រូវបានដោះស្រាយនៅខែសីហា ឆ្នាំ១៩៩៧ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍផលិតកម្មឧស្ម័ននៅឯសមុទ្ររយៈពេល៥ឆ្នាំក្រោយមក។ ទន្ទឹមនឹងនេះ លោកជឿជាក់ថា ការចរចាជាមួយភាគីកម្ពុជា ក៏អាចទទួលបានជោគជ័យដូចគ្នានឹងការចរចាជាមួយវៀតណាមដែរ ពោលគឺអាស្រ័យលើការប្តេជ្ញាចិត្តរបស់អាជ្ញាធរថៃ ក្នុងការជំរុញឱ្យមានការចរចាជាមួយភាគីកម្ពុជា។
គួររំឭកថា ប្រទេសថៃ មិនបានអភិវឌ្ឍន៍ការដ្ឋានប្រេង និងឧស្ម័នថ្មីអស់រយៈពេលជាង១៥ឆ្នាំមកហើយ ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការថយចុះការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដែលចុងក្រោយនឹងបង្ខំឱ្យប្រទេសនេះនាំចូលឧស្ម័នធម្មជាតិរាវ (LNG) កាន់តែច្រើនបន្ថែមទៀត។ ឧស្ម័នធម្មជាតិរាវ (LNG) បានគ្របដណ្ដប់រហូតដល់ទៅ៦០% នៃឥន្ធនៈដែលត្រូវបានប្រើប្រាស់សម្រាប់ការផលិតថាមពលនៅក្នុងប្រទេសថៃ។
ប្រសិនបើប្រទេសថៃ ពឹងផ្អែកកាន់តែខ្លាំងលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) វានឹងធ្វើឱ្យតម្លៃឧស្ម័នធម្មជាតិរាវ (LNG) ក្នុងទីផ្សារប្រែប្រួល ដែលទីបំផុតនឹងជំរុញឱ្យតម្លៃអគ្គិសនីក្នុងប្រទេសនេះហក់ឡើងខ្ពស់៕
ដោយ: តែម សុខុម