កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជិត ៣.០០០ រូប មកពីជាង ១៣០ ប្រទេស ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃបរិវត្តកម្មភូមិសាស្ត្រសេដ្ឋកិច្ច យ៉ាងស៊ីជម្រៅ និងការរីកចម្រើនបច្ចេកវិទ្យាយ៉ាងគំហុក។ កិច្ចប្រជុំនេះបានទទួលស្វាគមន៍ថ្នាក់ដឹកនាំនយោបាយចំនួន ៤០០ រូប (ក្នុងនោះរួមមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជិត ៦៥ រូប) ព្រមទាំងនាយកប្រតិបត្តិ (CEO) និងប្រធានក្រុមហ៊ុនជិត ៨៣០ រូប រួមជាមួយតំណាងសង្គមស៊ីវិល បញ្ញវន្ត អ្នកដឹកនាំវប្បធម៌ និងអ្នកបង្កើតការផ្លាស់ប្តូរសកល។ របៀបវារៈនៃកិច្ចពិភាក្សាបានផ្ដោតសំខាន់លើអាទិភាពសកលនានា រួមមាន៖ ភាពធន់នៃសេដ្ឋកិច្ច សន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ បរិវត្តកម្មថាមពល និងបច្ចេកវិទ្យា ព្រមទាំងកំណើនប្រកបដោយចីរភាព ក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ។
ទន្ទឹមនឹងកិច្ចប្រជុំប្រចាំឆ្នាំនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធី Asia Leaders Series 2026 ដែលជាវេទិកាជួបជុំកម្រិតខ្ពស់ និងផ្តាច់មុខសម្រាប់ថ្នាក់ដឹកនាំធុរកិច្ចដែលមានឥទ្ធិពលបំផុតចំនួន ៥០ រូបមកពីគ្រប់វិស័យ ដើម្បីពិភាក្សាជាលក្ខណៈបុគ្គលលើបញ្ហាពាណិជ្ជកម្ម នវានុវត្តន៍បច្ចេកវិទ្យា និងយុទ្ធសាស្ត្រគ្រប់គ្រងអាជីវកម្ម ក្នុងបរិបទនៃភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសកល។
ក្នុងអំឡុងសប្តាហ៍នៃកិច្ចប្រជុំនោះ អ្នកឧកញ៉ា សៀ ឬទ្ធី បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាជាសេរី ទាំងក្នុងក្របខ័ណ្ឌសាធារណៈ និងឯកជន ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់ និងសកលលោក អំពីបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់ទីផ្សារកំពុងរីកចម្រើន សមាហរណកម្មអាស៊ាន និងការដាក់ចេញនូវយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង។ កិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយបណ្តាអ្នករៀបចំគោលនយោបាយ និងថ្នាក់ដឹកនាំធុរកិច្ចជាន់ខ្ពស់ក្នុងតំបន់អាស៊ាន បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ WorldBridge Group ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។
ចំណុចដ៏សំខាន់បំផុតនៃការចូលរួមនេះ គឺវត្តមានរបស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅក្នុង "កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន" (Governors Meeting: Supply Chain and Transport) ដែលជាវេទិកាប្រមូលផ្តុំនូវថ្នាក់ដឹកនាំឧស្សាហកម្មលំដាប់ពិភពលោក ដើម្បីពិភាក្សាពីបញ្ហាប្រឈមនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល បង្កឡើងដោយវិបត្តិនយោបាយ ដែនកំណត់នៃហេដ្ឋារចនាសម្ព័ន្ធ ហានិភ័យអាកាសធាតុ និងបញ្ហាសន្តិសុខ។ ក្នុងនាមជាតំណាងដ៏សំខាន់មកពីទីផ្សារកំពុងរីកចម្រើន អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រ ពីការផ្តោតលើតែការកាត់បន្ថយថ្លៃដើម មកជាការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានស្ថិរភាព សុវត្ថិភាព និងភាពធន់ (Resilience)។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ពីតួនាទីមិនអាចខ្វះបាននៃ ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ការវិនិយោគរយៈពេលវែងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ព្រមទាំងការអភិវឌ្ឍបណ្តុំឧស្សាហកម្មចម្រុះ (Industrial Clusters) ដែលជាដំណោះស្រាយជាក់ស្តែងក្នុងការលុបបំបាត់ភាព រអាក់រអួលនៃចរន្តពាណិជ្ជកម្ម និងគាំទ្រដល់កំណើនប្រកបដោយចីរភាព។
វត្តមានរបស់អ្នកឧកញ៉ានៅក្នុងវេទិកា WEF26 គឺជាសក្ខីភាពដែលបង្ហាញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងក្របខ័ណ្ឌអាស៊ាន និងសេដ្ឋកិច្ចសកល។ ទន្ទឹមនឹងនេះ វាក៏បានពង្រឹងនូវឧត្តមភាព និងជំហររបស់ WorldBridge Group ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការទាក់ទាញការវិនិយោគ។