Advertisement
Advertisement
សង្គ្រាម​បច្ចេកវិទ្យា

សង្គ្រាមបច្ចេកវិទ្យារបស់មហាអំណាចពិភពលោក ចាប់ផ្ដើមពុះកញ្ជ្រោលកាន់តែខ្លាំង!


ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មមិនទាន់បានរកដំណោះស្រាយឃើញផងនោះ សង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចយក្សៗរបស់ពិភពលោកក៏កំពុងចាប់ផ្ដើមកក្រើកពុះកញ្ជ្រោលកាន់ខ្លាំងឡើង។ តួយ៉ាង ថ្មីៗនេះ សហរដ្ឋអាមេរិកប្រកាសថានឹងមានការលុបចោលបណ្ដាញកម្មវិធីនិងកម្មវិធីទូរស័ព្ទដៃ ដែលបង្កើតឡើងដោយចិនបន្ថែមទៀត រួមទាំងសេវាផ្ទុកទិន្នន័យផងដែរ ដោយបានចោទថា បណ្ដាញកម្មវិធីនិសេវាទាំងអស់នោះ គឺធ្វើឲ្យមានហានិភ័យដល់សន្ដិសុខជាតិអាមេរិក។
សង្គ្រាមបច្ចេកវិទ្យារបស់មហាអំណាចពិភពលោក ចាប់ផ្ដើមពុះកញ្ជ្រោលកាន់តែខ្លាំង!
Advertisement

រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo បាន​បញ្ជាក់​នៅថ្ងៃទី ០៥ សីហាថា អាមេរិក​ចង់​ដាក់បម្រាម​លើ​កម្មវិធី App ដែលមិនមាន​សុវត្ថិភាព​របស់​ចិន​ទាំងឡាយណា ដែលមាន​នៅក្នុង​ App Store ទូរស័ព្ទ​ដៃ​របស់​អាមេរិក។

លោក Pompeo បញ្ជាក់ទៀត​ថា ក្រុមហ៊ុន​មេ​ដែលមាន​មូលដ្ឋាន​នៅ​​ចិន ដូចជា​ TikTok, WeChat និង​កម្មវិធីផ្សេងទៀត គឺបាន​គំរាម​កំហែង​យ៉ាងខ្លាំង​ដល់​ទិន្នន័យ​ឯកជន​របស់​ពលរដ្ឋអាមេរិក ។ ជាមួយគ្នានេះដែរ លោកក៏បាន​បញ្ជាក់ដែរថា អាមេរិក ក៏នឹង​ធ្វើការ​ហាមឃាត់​លើ​កម្មវិធី​ទូរស័ព្ទ​ ដែលបង្កើតដោយអាមេរិក ដោយ​មិនអនុញ្ញាត​ឲ្យ​ការដំឡើង ឬ​ដាក់​ឲ្យ​ដោនឡូត​ប្រើ​នៅលើ​ទូរស័ព្ទ​របស់ចិន និង​ឧបករណ៍​ Wireless របស់​ក្រុមហ៊ុន​យក្ស​ចិន Huawei និងក្រុមហ៊ុនចិន​ផ្សេងទៀត​នោះដែរ។

លោក Pompeo បន្ថែមទៀតថា រដ្ឋាភិបាល​អាមេរិក​នឹង​​កំណត់​សមត្ថភាព​របស់​អ្នកផ្ដល់​សេវា​​របស់ចិន ដើម្បី​ប្រមូល រក្សាទុក និង​ដំណើរការ​ទិន្នន័យ​ទាំងនោះ​នៅក្នុងសហរដ្ឋអាមេរិកវិញ​។ ក្នុងនោះ លោកក៏បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុនយក្សៗ​របស់ចិន​មួយចំនួន​ដូចជា Alibaba Baidu និង Tencent ផងដែរ។

ការលើកឡើងរបស់​មន្ត្រីជាន់ខ្ពស់អាមេរិកនេះ គឺធ្វើឡើង​នៅក្រោយពីថ្ងៃ បន្ទាប់ពី​លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សរបស់ចិន ByteDace លក់​កម្មវិធី​ TikTok នៅអាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​ Microsoft ឲ្យបាន​មុន​ពាក់កណ្ដាល​ខែ​កញ្ញាខាងមុខនេះ ឬក៏មិនដូច្នោះទេ​កម្មវិធីនេះ នឹងត្រូវ​បិទលែងឲ្យប្រើ​នៅអាមេរិកតែម្ដង។

មិនមែន​តែ​អាមេរិកនោះទេ ដែលកំពុង​ដាក់សម្ពាធ​កាន់តែខ្លាំង​ទៅលើ​អាជីវកម្ម​បច្ចេកវិទ្យា​របស់ចិន បើយើង​ក្រឡេក​ទៅមើល​ប្រទេស​ឥណ្ឌា​ឯណោះវិញ ក៏​មិនរណប​ជាមួយចិនដែរ ពោលតាំងពី​មាន​ការផ្ទុះកម្លាំង​តបតគ្នា​នៅតាមព្រំដែន ចិន និងឥណ្ឌា នាពេល​កន្លងទៅ​ថ្មីៗនេះ​​គេសង្កេត​ឃើញថា​ប្រទេស​ទាំងពីរនេះ កំពុង​មើលមុខគ្នា​មិនចំនោះឡើយ។ ជាក់ស្ដែង ថ្មីៗនេះ ឥណ្ឌា​ក៏មាន​ការ​ហាមឃាត់​លើ​កម្មវិធី App របស់ចិន​ជាច្រើន​មិនឲ្យ​ប្រើប្រាស់​នៅលើ​ទឹកដីរបស់ខ្លួន​ដែរ។

ស្របពេល​ដែល​ប្រទេស​មហាអំណាច​យក្សៗ​របស់ពិភពលោក​កំពុង​សម្ញែងឫទ្ធិ​ដាក់គ្នា​ក្នុងសង្គ្រាម​បច្ចេកវិទ្យានេះ គេសង្កេតឃើញថា​ប្រទេស​ដែល​ទទួលឥទ្ធិពល​ពាណិជ្ជកម្ម​ពីប្រទេស​ទាំងនេះ កំពុង​មានការព្រួយបារម្ភ​ខ្លាចក្រែង​រងផលប៉ះពាល់​ពីសង្គ្រាម​បច្ចេកវិទ្យានេះ។ តួយ៉ាង រាជរដ្ឋាភិបាល​ប្រទេសថៃ​នាពេល​ថ្មីៗនេះ បាន​ព្រមាន​ទៅកាន់​អ្នកនាំចេញ​របស់ខ្លួន​ឲ្យ​ប្រុងប្រយ័ត្ន និងត្រៀមខ្លួន​ជាមុន​ តាមដាន​ឲ្យបាន​ដិតដល់​លើបញ្ហា​សង្គ្រាម​បច្ចេកវិទ្យានេះ។

សាកល​វិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្ម​ថៃ កំពុងតែ​មានការ​ព្រួយ​បារម្ភខ្លាំង ជុំវិញ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្មរវាង ប្រទេសចិន និងឥណ្ឌា ដោយសារតែ ឥណ្ឌា បានប្រកាស​ហាមឃាត់​ការប្រើប្រាស់​កម្មវិធី​ចំនួន ៥៩ ដែលបង្កើត​ឡើង​ដោយ​ប្រទេសចិន បន្ថែមលើនេះ សង្គ្រាម​ពាណិជ្ជកម្ម​រវាង អាមេរិក និងចិន ក៏កំពុង​ប្រែក្លាយ​ទៅជា​ជម្លោះ​បច្ចេកវិទ្យា និងមាន​ការរឹតបន្តឹង​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​ថែមទៀត។

មន្រ្តីជាន់ខ្ពស់នៃ​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ លើកឡើងថា បើសិនជា កម្មវិធី​ផលិត​ដោយ​ប្រទេសចិន ត្រូវបាន​ហាមឃាត់​ពិតមែន អាជីវកម្ម​ថៃជាច្រើន​ដែលប្រើប្រាស់​កម្មវិធី​របស់​ចិន នឹង​ត្រូវរងគ្រោះ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការកក់បន្ទប់ស្នាក់នៅស្ទុះងើបឡើង ខណៈថ្ងៃឈប់សម្រាកជិត១០ថ្ងៃកៀកជិតមកដល់

ព័ត៌មាន
អាជ្ញាធរទេសចរណ៍បានអះអាងថា ការកក់បន្ទប់ស្នាក់នៅនៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍បាននិងកំពុងស្ទុះងើបឡើងជាបណ្ដើរៗវិញហើយ ខណៈដែលថ្ងៃឈប់សម្រាកជ...

រោងភាពយន្ដ និងរោងសម្តែងសិល្បៈ អាចបើកឡើងវិញបានហើយ តែត្រូវគោរពតាមលក្ខខណ្ឌ៣យ៉ាង

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ០៦ ខែសីហានេះ បានសម្រេចអនុញ្ញាតជាគោលការណ៍ឲ្យរោងភាពយន្ដ និងរោងសម្ដែងសិល្បៈ អាចបើកដំណើរការឡើងវិញបានហើយ ក្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ