អត្ថបទក្រុមហ៊ុន

ការផ្តល់ឱកាសរៀនសូត្រដល់កុមារក្រីក្រជួយឱ្យលោកគ្រូ ឡុញ នាង ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពលរដ្ឋគំរូ Smart


ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រនិងការលើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយឱ្យលោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ការផ្តល់ឱកាសរៀនសូត្រដល់កុមារក្រីក្រជួយឱ្យលោកគ្រូ ឡុញ នាង ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពលរដ្ឋគំរូ Smart
ដោយ

ឥឡូវនេះ លោកគ្រូ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើលោក​គ្រូ​​​​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​​ជ័យលាភី លោក​គ្រូ​​​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ម៉ឺនដុល្លារ។

ជាគ្រូបង្រៀន​តាំង​ពី​ឆ្នាំ​១៩៨១ លោកគ្រូ​ឆ្លង​កាត់​បទ​ពិសោធ​និង​មានស្នាដៃ​ជាច្រើនក្នុង​វិស័យអប់រំ រហូត​ដល់​លោកគ្រូ​ត្រូវ​បាន​តែង​តាំង​ជា​​​នាយកវិទ្យាល័យសម្តេច​ តេជោ​ ហ៊ុន សែន ក្រាំងយ៉ូវ ក្នុង​ឆ្នាំ​១៩៩៩។

ក្នុង​តួនាទីជានាយក លោក​គ្រូ​ ឡុញ នាង និង​លោកគ្រូអ្នកគ្រូជាសហការី​របស់លោក​បាន​ផ្តួចផ្តើម​គំនិត​ជា​ច្រើន​​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ការ​អប់រំ​នៅក្នុងមូលដ្ឋាន​មាន​ភាព​រីកចម្រើន។

លោក​គ្រូ​ថ្លែងថា៖ “ដំបូង​ហ្នឹង​យើងបានសហការ​គ្នា​​រក​គន្លឹះ​យ៉ាង​ម៉េច​ដើម្បីរក​ឱ្យឃើញនូវ​បញ្ហា​ប្រឈមរបស់​សិស្ស និង​អាណា​ព្យាបាល​។” លោក​​បន្ថែម​ថា៖ “ទីមួយ​គឺ​កត្តាជីវភាពហ្នឹង​តែម្តង។ អញ្ចឹង គាត់​មក​រៀន​មិន​ពេញ​លេញ​​ដោយសារ​ជីវភាព​គាត់​នឹង​វា​ខ្វះខាត។ អញ្ចឹង​គាត់​អាច​រៀន​ព្រឹក ហើយ​ល្ងាច​គាត់ទៅ​ជួយ​ស្ទូង​ដក​ស៊ី​ឈ្នួលគេ​អ៊ីចឹងទៅ ហើយ​បើ​រៀន​ល្ងាច​ ពេល​ព្រឹកគាត់ទៅអញ្ចឹងទៅ”។

​គំនិត​ផ្តួតផ្តើម​ទាំង​នេះ​​រួមមានសិស្ស​​ខ្សោយ​និង​សិស្ស​​ក្រីក្រ​ដែល​មាន​​ប័ណ្ណ​ក្រីក្រ​ប្រភេទ​​១ និង​២ ដែល​បញ្ជាក់​ដោយ​​អាជ្ញាធរមូលដ្ឋាន នឹង​ទទួល​បាន​ការ​រៀន​គួរ និង​ផ្ញើកង់​នៅ​សាលា​រៀន​ដោយ​ឥត​គិតថ្លៃ អាណា​ព្យា​បាល​សិស្ស​​ដែល​ទទួល​មណរភាព​នឹងទទួលបាន​ប្រាក់ ១០​ម៉ឺ​រៀល ជួយ​ឧបត្ថម្ភ​សិស្ស​ពី ១០ ទៅ ១៥​នាក់​ក្នុង​មួយ​ខែតាមរយៈការ​ទិញសម្ភារ​សិក្សា និង​កង់សម្រាប់​ពួកគេ លើកទឹក​ចិត្ត​សិស្ស​មិន​ឱ្យ​បោះ​បង់​ការ​សិក្សា និង​ជួយ​ការងារ​សហគមន៍​មួយ​ចំនួន​ទៀង​ផង​ដែរ​​។

កុមារា ណន វ៉ាន់ដា  អាយុ ១៦​ឆ្នាំ​ គឺជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​លោកគ្រូ ឡុញ នាង។ សព្វថ្ងៃ វ៉ាន់ដា ​ជាសិស្ស​ថ្នាក់ទី​១១ នៃ​វិទ្យាល័យ​សម្តេច តេជោ ហ៊ុន សែន ក្រាំង​យ៉ូវ។

កុមារា​ដែល​​កើតមក​មានតែ​ដៃម្ខាង​ពី​កំណើត​ម្នាក់នេះ ​​​​ ​ជួប​ប្រទះ​ការ​លំបាក​ខ្លាំង​នៅក្នុងជីវភាព​គ្រួសារ ខ្វះសម្ភារ​​សិក្សា​ និង​មធ្យោ​បាយ​​​ធ្វើដំណើរ​ទៅសាលា។

អង្គុយ​ក្រោម​ផ្ទះ​តូច​មួយដែល​សាងសង់​ក្រោមគម្រោង​របស់​អង្គការសប្បុរសធម៌ វ៉ាន់ដា ថ្លែងថា៖ “ខ្ញុំ​ធ្លាប់​គិត​ថា ម៉ែ​គាត់​អត់​លុយ​ឱ្យ​ទៅ​រៀន​ចឹង ខ្ញុំចង់តែឈប់រៀន។ [ខ្ញុំគិត​បែប​នេះ] ចង់​រាល់​ឆ្នាំ។ ពេលខ្លះ អត់​លុយ​ចឹង មានអារម្មណ៍ថា ចង់​ឈប់​រៀន​ទៅ កាត់​បន្ថយការ​ចំណាយ​គាត់​​ ហើយ​សល់​លុយ​ខ្លះ”។

តែ​ឥឡូវ​នេះ វ៉ាន់ដា មាន​ភាព​ធូរ​ស្រាល​ខ្លះ បន្ទាប់​ពី​កុមារា​រូប​នេះ​ទទួល​បាន​ការ​រៀនគួរ​ដោយ​មិន​អស់​ប្រាក់​ សម្ភារ​​សិក្សា​មួយ​ចំនួន និង​ទទួលបាន​កង់​មួយ​សម្រាប់​ជិះ​ទៅ​រៀន​​​ពី​​លោកគ្រូ ឡុញ នាង។ ប្អូន​ស្រី​របស់ វ៉ាន់ដា គឺ​កុមារី ណន រក្សា អាយុ ១៤​ឆ្នាំ ជាសិស្ស​ថ្នាក់ទី​៩ ក៏​ទទួលបាន​ការ​ឧបត្ថម្ភ​ពីលោកគ្រូ​ ឡុញ នាង ផង​ដែរ។

អ្នកនាង អុល យូរ៉ា គឺជា​អតីត​សិស្ស​ក្រីក្រ​​​ដែល​ធ្លាប់​​​ទទួលបានជំនួយ​ពីក្រុម​ការងាររបស់​លោកគ្រូ ឡុញ នាង។ ស្រ្តី​​​​វ័យ ៣០​ឆ្នាំ​រូប​នេះ​បានរំឭករឿង​រ៉ាវ​អតីតកាល​ថា កាល​អ្នក​នាង​​រៀននៅថ្នាក់ទី៩ ក្នុង​ឆ្នាំ​២០០៨ អ្នក​នាង​​ជួប​ការ​លំបាក​ខ្លាំង​ខាង​ផ្នែកជីវភាព និង​រស់នៅជា​មួយ​ជីដូន ដោយសារ​​​​ម្តាយបានទទួលមរណភាពហើយម្ដាយគាត់ក៏បានលែងលះ​គ្នា​ជា​មួយ​ឪពុក​តាំង​ពី​អ្នកនាង​នៅ​​តូច ដែលនេះជាហេតុធ្វើឲ្យគាត់ចង់ឈប់រៀន​​ព្រោះមិនដឹងថាគួរទៅរស់នៅជាមួយអ្នកណា។

ដោយ​ឃើញស្ថានភាព​បែបនេះ ក្រុម​ការងារ​របស់លោកគ្រូ ឡុញ នាង បាន​ទៅជួប​គាត់​​ដើម្បី​លួងលោម និង​លើក​​ទឹក​ចិត្ត និង​ជំរុញ​ឱ្យ​គាត់​បន្តការសិក្សា​ ដោយមានការ​ផ្តល់ជូន​ជា​ថវិកា និងសម្ភារ​សិក្សា​​​រហូត​ដល់​អ្នកគ្រូ​បាន​បញ្ចប់​វិទ្យាល័យ និង​​ប្រឡង​ជាប់​ក្លាយជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សា។ សព្វ​ថ្ងៃ​អ្នកនាងប​ង្រៀននៅ​សាលា​បឋមសិក្សាឱង្ការាម។

អ្នកនាង​ថ្លែងថា៖ “សម្រាប់​ខ្ញុំ ការ​ជួយជ្រោម​ជ្រែង​នេះមានទំហំ​ធំធេង។ ខ្ញុំ​អាច​រៀន​មកដល់​ថ្ងៃនេះ ដោយសារ​មានការ​ជ្រោម​ជ្រែង​ខ្លាំង​ណាស់​ពី​គណៈគ្រប់គ្រង​សាលា”។

​ក្រៅពី​ប្រើប្រាស់​​​ប្រាក់​អាហារូករណ៍ ១៨​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​សិស្ស ៩០នាក់​ (សិស្ស​ថ្នាក់ទី៧ ទី ៨ និងទី ៩) ក្នុង​មួយ​ឆ្នាំ ដែល​ក្រសួង​ផ្តល់ជូន​​សិស្សក្រីក្រ ថវិកា​ដែល​ក្រុម​ការងារ​របស់​លោកគ្រូ ឡុញ នាង ប្រើប្រាស់​សម្រាប់​សកម្មភាព​​​សប្បុរសធម៌​នេះ គឺ​បាន​មក​ពី​ប្រាក់​​ចំណូល​ពីការ​ផ្ញើ​កង់ម៉ូតូ​ វិភាគទាន​ទីតាំង​អាហារដ្ឋាន​នៅ​ក្នុង​សាលា និង​ប្រាក់​ពី​សប្បុរសជន​​​​ក្នុង​និងក្រៅ​សហគមន៍ ជា​ពិសេស​​ពី​អតីត​សិស្ស​ដែល​បានបញ្ចប់ការ​សិក្សា​ពីសាលា​នេះ។

​បើទោះជា​​លោកគ្រូ ឡុញ នាង បាន​​​ចូលនិវត្តន៍​​ក្នុងពេល​ថ្មីៗ​នេះ​ទៅ​​ហើយ​ក្តី តែ​​លោកថ្លែងថា លោក​នាយក​ថ្មី​​​នឹង​បន្ត​​អនុវត្តសកម្មភាព​សប្បុរសធម៌ទាំង​នេះ។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូលមើល​វីដេអូអំពី​លោក​គ្រូ​ ឡុញ នាង សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖ https://fb.watch/5kzs1Odxf6/

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណេញ​មិន​ធ្លាប់​មាន! បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​រហូត​ដល់​១១% ជាមួយ​តម្លៃ​ផ្ទះ​ដ៏ពិសេស!

ព័ត៌មាន
ការដ្ឋានគម្រោង និងសំណង់របស់បុរី ប៉េង ហួត នៅតែបន្តដំណើរការយ៉ាងមមាញឹក ដោយរក្សាបាននូវគុណភាព និងប្រណីតភាពជូនដល់អតិថិជនដែលជាឱកាសដ៏ល្អសម្…

វ៉ាក់សាំង Sinopharm របស់ចិន​ដែល​កម្ពុជា​ប្រើ ឥឡូវនេះ ទទួលបាន​ការអនុញ្ញាត​ពី​ WHO ហើយ

ព័ត៌មាន
អង្គការ​សុខភាពពិភព​លោក (WHO) បាននិយាយ​នៅថ្ងៃសុក្រ ទី៧ ខែឧសភា ថា ខ្លួន​បាន​អនុញ្ញាត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ នូវ​វ៉ាក់សាំង​កូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ