
ទោះបីតម្លៃស្រូវបានហក់ឡើងថ្លៃបន្តិចក្តី តែក្រុមកសិករអះអាងថា តម្លៃស្រូវក្នុងកម្រិតនេះអាចផ្តល់ប្រាក់ចំណេញដល់ពួកគេតិចតួចបំផុត ពោលគឺលុះត្រាតែតម្លៃស្រូវអាចហក់ឡើងដល់ចន្លោះពី៩០០រៀលទៅ១,០០០រៀលក្នុងមួយគីឡូក្រាមទើបអាចផ្តល់ប្រាក់ចំណេញដល់ពួកគេ។
លោក គឹម ពុយ កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ បានលើកឡើងថា ដោយសារតម្រូវការអង្ករក្នុងស្រុកមានការកើនឡើង បានជួយឱ្យតម្លៃស្រូវ OM នៅតំបន់របស់លោក ដែលបានធ្លាក់ចុះកន្លងមក បានហក់ឡើងថ្លៃមកវិញបន្តិចន្លោះពី៨៧០ដល់៨៨០រៀលក្នុង១គីឡូក្រាម ខណៈកាលពីមុនអាចលក់បានជាង៧០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ ទោះបីតម្លៃស្រូវបានហក់ឡើងថ្លៃបន្តិចក្តី តែកសិកររូបនេះ អះអាងថា តម្លៃនេះមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់ពួកគេនៅឡើយទេ ពោលគឺលុះត្រាតែតម្លៃស្រូវអាចហក់ឡើងដល់ចន្លោះពី៩០០រៀលទៅ១,០០០រៀលក្នុងមួយគីឡូក្រាមទើបអាចផ្តល់ប្រាក់ចំណេញដល់ខ្លួន។
បើតាមការអះអាងរបស់កសិកររូបនេះ ការដែលតម្លៃស្រូវក្នុងកម្រិតនេះមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់ខ្លួនដោយសារជីថ្នាំកសិកម្មមានតម្លៃខ្ពស់ ពោលគឺជីកសិកម្មបច្ចុប្បន្នមានតម្លៃរហូតដល់ជាង១៦ម៉ឺនរៀលក្នុង១បាវ។ ជាមួយគ្នានេះ លោកសំណូមពរឱ្យរដ្ឋាភិបាលជួយរកវិធីបញ្ចុះតម្លៃជី ដើម្បីកសិករអាចមានលិទ្ធភាពផលិតស្រូវទទួលបានទិន្នផលល្អលក់បានក្នុងតម្លៃសមរម្យ។
ស្រដៀងគ្នានេះដែរ លោក បូ រី កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ ម្នាក់ទៀត បានលើកឡើងថា ស្រូវប្រភេទអូអឹមនៅតំបន់របស់លោកបច្ចុប្បន្នអាចលក់បានក្នុងតម្លៃជាង៨០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយអាចជួយឱ្យរូបលោក និងកសិករឯទៀតទទួលបានប្រាក់ចំណេញតិចតួច។ បើតាមកសិកររូបនេះ នៅឆ្នាំក្រោយលោកមានបំណងចង់ផលិតពូជស្រូវក្នុងស្រុក ក៏ប៉ុន្តែលោកហាក់មានភាពលំបាកក្នុងការស្វែងរកពូជ និងមិនទាន់យល់ដឹងច្បាស់ពីបច្ចេកទេសដាំពូជស្រូវក្នុងស្រុក។ ទន្ទឹមនឹងនេះ លោកស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហានេះ។
ដោយឡែក លោក វង្ស វិ កសិករធ្វើស្រែម្នាក់នៅខេត្តព្រៃវែង បានលើកឡើងថា ស្រូវអូអឹមនៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃប្រមាណ៨៣០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយអាចផ្ដល់ប្រាក់ចំណេញតិចតួចដល់កសិករ។ បើតាមការអះអាងរបស់កសិកររូបនេះ មូលហេតុដែលធ្វើឱ្យស្រូវ OM នៅតំបន់របស់លោកឡើងថ្លៃបន្តិចនេះ ក៏ដោយសារស្រែមួយចំនួនរបស់កសិករមួយកំពុងរងការជន់លិចដោយសារទឹកជន់ ដែលរំខានដល់ការប្រមូលផលរបស់ពួកគេ។
គួរបញ្ជាក់ថា ក្រោយតម្លៃស្រូវ OM មានការធ្លាក់ចុះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញផែនការមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហានេះ ក៏ដូចជាជួយលើកកម្ពស់ទីផ្សារស្រូវអង្ករនៅកម្ពុជា។ យន្តការមួយក្នុងចំណោមយន្តការជាច្រើន ក្រសួងកសិកម្មនឹងសហការជាមួយរោងម៉ាស៊ីនដែលទទួលបានហិរញ្ញប្បទានពីរដ្ឋជួយប្រមូលទិញស្រូវពីកសិករឲ្យចំគោលដៅដែលកំពុងខ្វះទីផ្សារ៕
អត្ថបទ ៖ ជា ម៉ារ៉ា