លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កម្ចីបែបនេះគឺមិនស្របច្បាប់ទេ ហើយបើមានបញ្ហាកើតឡើង វានឹងលំបាកក្នុងការធ្វើអន្ដរាគមន៍ ព្រោះ ក្រុមហ៊ុនទាំងនោះគ្មានអាជ្ញាប័ណ្ណ និងគ្មានទីតាំងច្បាស់លាស់។
លោកមានប្រសាសន៍តាមរយៈសារព័ត៌មាន ខ្មែរថាមស៍ យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនទាំងនោះ មិនមានការការពារអតិថិជន ឬគ្មានគោលការណ៍ការងារកូនបំណុល មិនដូចជា ក្រុមហ៊ុនស្របច្បាប់ដែលត្រូវបានទទួលស្គាល់ដោយធនាគារជាតិនោះទេ។ ដូច្នេះ ប្រជាជនគួរតែប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនរបៀបនេះ»។
ទាក់ទងនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអត្ថាធិប្បាយថា ក្រុមហ៊ុនឲ្យខ្ចីលុយតាមអនឡាញនេះ កំពុងមានវត្តមាននៅកម្ពុជាហើយ ប៉ុន្ដែ មានមិនច្រើនប៉ុន្មាននោះទេ។
លោកពន្យល់យ៉ាងដូច្នេះថា៖ «បើធនាគារជាតិចេញប្រកាស គួរតែបង្ហាញឈ្មោះក្រុមហ៊ុនណាស្របច្បាប់ ក្រុមហ៊ុនណាមិនស្របច្បាប់ ព្រោះពលរដ្ឋពួកគាត់មិនដឹងនោះទេ។ បើប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន តែមិនបង្ហាញឈ្មោះក្រុមហ៊ុន សូម្បីខ្ញុំធ្វើការលើវិស័យហ្នឹង ក៏ខ្ញុំមិនដឹងដែរ។ មិនខុសពីរដ្ឋាភិបាលប្រកាសឲ្យពលរដ្ឋកុំហូបបន្លែគីមី តែពលរដ្ឋម៉េចនឹងដឹងថា បន្លែណាមានឬគ្មានជាតិគីមីនោះ។ ហើយបើមានក្រុមហ៊ុនមិនស្របច្បាប់ បិទចោលទៅ កុំបណ្ដោយឲ្យពួកហ្នឹងរកស៊ីខុសច្បាប់ទៀត»។
លោក ង៉ែត ជូ បានបន្ថែមថា៖ «ក្រុមហ៊ុនដែលឲ្យលុយខ្ចីតាមអនឡាញ ពួកហ្នឹងផ្តល់កម្ចីកាប់ដាវ គាត់ឲ្យអតិថិជនខ្ចីដោយងាយស្រួលនិងមិនមានឯកសារស្មុគស្មាញច្រើនទេ ប៉ុន្តែ ការប្រាក់ថ្លៃខ្លាំងណាស់ ថ្លៃជាងមីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយជាការប្រាក់ខ្ពស់ហួសការកំណត់របស់ធនាគារជាតិទៀតផង។ សម្រាប់ខ្ញុំ បើមិនបានផ្តល់អាជ្ញាប័ណ្ណជារឿងល្អហើយ។ ធនាគារជាតិត្រូវចាត់វិធានការបិទចោល បើបិទចោល យើងអត់បារម្ភថា ពលរដ្ឋប្រើកម្ចីហ្នឹងទៀតនោះទេ ព្រោះ ក្រុមហ៊ុនបែបនេះ គ្មានបានជួយជីវភាពពលរដ្ឋអីនោះទេ មានតែធ្វើឲ្យពលរដ្ឋកាន់តែក្រទៅៗ ដោយសារការប្រាក់ថ្លៃណាស់ ហើយ ខូចកេរ្តិ៍ឈ្មោះស្ថាប័នគេមានវិជ្ជាជីវៈ ដែលគេឲ្យខ្ចីទៅរកស៊ី និងមានគោលការណ៍ច្បាស់លាស់ និងការប្រាក់ទាប។ តែក្រុមហ៊ុនគាត់នោះ អាចខ្ចីពេលយប់ក៏បាន ខ្ចីពេលថ្ងៃក៏បាន ខ្ចីពេលណាក៏បាន ធ្វើឲ្យមនុស្សគ្មានវិន័យហិរញ្ញវត្ថុអស់ហើយ…»។
លោក យុន សុវណ្ណា នាយប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ ខេមបូណូមីស ថា កន្លងមក ការផ្តល់កម្ចីតាមអនឡាញមានការផុសឡើងច្រើន គ្រាន់តែមានចំនួនប៉ុន្មាន? លោកមិនទាន់មានស្ថិតិនោះទេ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការផ្តល់កម្ចីតាមរយៈអនឡាញ មានងាយស្រួលដោយមិនចាំបាច់ស្រាវជ្រាវប្រវត្តិរូប ឬធ្វើការវាយតម្លៃហានិភ័យរបស់អតិថិជនមុនពេលឲ្យខ្ចីនោះទេ។ ប៉ុន្ដែជាទូទៅ កម្ចីរបៀបនេះ មានការប្រាក់ខ្ពស់»។
លោកបន្ថែមថា៖ «បញ្ហាសំខាន់ គឺយើងត្រូវពិនិត្យថា ទីមួយ តើគ្រឹះស្ថាននោះទទួលបានអាជ្ញាប័ណ្ណដែរទេ? ទីពីរ តើស្ថាប័នហ្នឹងយកចិត្តទុកដាក់លើសិទ្ធិ និងការគាំពារដល់អតិថិជនឬអត់? និងទី៣ យើងត្រូវមើលទៅលើតម្លៃការប្រាក់ និងតម្លាភាពថា តើស្ថាប័នហ្នឹងមានតម្លៃ និងបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយមុនឲ្យយើងខ្ចីដែរឬទេ?»។
នាយកប្រតិបត្តិសមាគមដដែល បានស្នើឲ្យប្រតិបត្តិករទាំងអស់ដែលជាសមាជិករបស់ខ្លួន ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាដល់អតិថិជន ដោយផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់អតិថិជន ខណៈអតិថិជនវិញ ក៏គួរតែស្វែងយល់ឲ្យបានច្បាស់អំពីស្ថាប័នដែលខ្លួនខ្ចីប្រាក់ និងមើលស្ថានភាពខ្លួនឯងជាមុនសិន ដោយគួរតែគិតថា កម្ចីមិនមែនជាអំណោយទេ តែកម្ចីជាបំណុល ដែលតម្រូវឲ្យសងត្រឡប់វិញ។
សូមបញ្ជាក់ដែរថា បច្ចប្បន្ន នៅកម្ពុជា មានធនាគារពាណិជ្ជចំនួន៣៩ ធនាគារឯកទេសចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៧៦ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចំនួន១២។ នេះបើតាមលោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីពេលកន្លងមក៕