រ៉ែកម្រ

ក្រុម G7 បង្កើតសម្ពន្ធភាពរ៉ែកម្រ និងវេទិកាថ្មី ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន


មេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហការ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន សម្រាប់ប្រភពផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗ។ ផែនការយុទ្ធសាស្ត្រនេះ រួមមាន ការបង្កើតប្រព័ន្ធឃ្លាំងស្តុកទុក និងការបង្កើតវេទិកាថ្មីមួយ ដើម្បីសហការជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក្នុងការគ្រប់គ្រងវិបត្តិទីផ្សារ។
រ៉ែកម្រ
ដោយ

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បណ្តាប្រទេសលោកខាងលិចកំពុងប្រណាំងប្រជែងគ្នាយ៉ាងក្តៅគគុក ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់លោហៈ និងរ៉ែកម្រ ដែលជាវត្ថុធាតុដើមយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់វិស័យការពារជាតិ បច្ចេកវិទ្យាជាន់ខ្ពស់ និងថាមពលកកើតឡើងវិញ។ កាលពីឆ្នាំមុនទីក្រុងប៉េកាំង បានធ្វើឱ្យខ្សែច្រវាក់ផលិត​កម្មសកលរង្គោះរង្គើយ៉ាងខ្លាំង តាមរយៈការរឹតបន្តឹងការនាំចេញមេដែក ដែលបានស្តែងឱ្យឃើញពីហានិភ័យដ៏ស្មុគស្មាញនៃការសេពគប់លើប្រភពផ្គត់ផ្គង់តែមួយ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រុម G7 បានកំណត់គោលដៅទម្លាក់ការនាំចូលរ៉ែកម្រ និងមេដែកពីខាងក្រៅប្លុកឱ្យមកនៅក្រោម ៦០% ត្រឹមឆ្នាំ២០៣០ និងបន្តរុញទម្លាក់ឱ្យដល់៥០% ឱ្យបានឆាប់បំផុត។ ក្នុងជំហានដំបូង ពួកគេនឹងសាកល្បងលើរ៉ែយុទ្ធសាស្ត្រចំនួន២ប្រភេទ គឺលីចូម និងនីកែល។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគមើលឃើញថា គោលដៅនេះជារឿងដ៏លំបាក ដ្បិតបច្ចុប្បន្នប្រទេសចិនកំពុងតែក្ដោបក្ដាប់ផលិតកម្មកែច្នៃរ៉ែកម្រ និងផលិតកម្មមេដែកពិភពលោករហូតដល់ទៅ៩០% នៃទិន្នផលសរុបទៅហើយ។

ទន្ទឹមនឹងការបង្កើតវេទិការួមជាមួយស្ថាប័ន IEA ដើម្បីតាមដានទីផ្សារ ក្រុម G7 ក៏បានប្តេជ្ញាចិត្តបង្កើនការស្តុកទុកនៅក្នុងប្រទេសរៀងៗខ្លួន។ ជាក់ស្តែងសហរដ្ឋអាម៉េរិក បានដាក់ឱ្យដំណើរការទុនបម្រុងរ៉ែកម្រតម្លៃ១២ពាន់លានដុល្លារ ចំណែកឯសហភាពអឺរ៉ុប ក៏បានគ្រោងទុករួចជាស្រេចនូវរ៉ែកម្រ ទុងស្តេន និងហ្គាលីញ៉ូម សម្រាប់ការស្តុករួមគ្នាជាប្រវត្តិសាស្ត្រលើកដំបូង។ ក្រៅពីនេះ ក្រុម G7 ក៏បានសន្យារួមគ្នាបង្កើនសមត្ថភាពកែច្នៃរ៉ែកម្រឡើងវិញឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងសម្ទុះតម្រូវការចាប់ពីឆ្នាំ២០៣០ តទៅផងដែរ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ក្រុមហ៊ុន VESPA ប្រកាសជ្រើសរើសតំណាងចែកចាយទូទាំងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន Vespa ដែលជាប្រ៊ែនម៉ូតូស្កូតឺលំដាប់ប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រពង្រីកទីផ្សារទូទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ