ម្ចាស់យីហោកាហ្វេកូនខ្មែរមួយនេះ អះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកសាងកេរ្តិ៍ឈ្មោះ «កាហ្វេខ្មែរពិត ពីដែនដីមណ្ឌលគិរី មិនយកគ្រាប់កាហ្វេបរទេស មកបន្លំខ្មែរនោះទេ»។
លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) បានបញ្ជាក់ថា «ក្រមសីលធម៌ចម្បងរបស់ គិរីកាហ្វេ គឺភាពស្មោះត្រង់ជាមួយជាតិ និងអតិថិជន។ រាល់គ្រាប់កាហ្វេដែលយើងខ្ញុំយកមកលីញលក់ គឺជារបស់ខេត្តមណ្ឌលគិរីពិតៗ។ យើងខ្ញុំប្រកាន់ជំហរម៉ឺងម៉ាត់ មិនយកគ្រាប់កាហ្វេបរទេស មកបន្លំធ្វើជាកាហ្វេខ្មែរឡើយ។ នេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការលើកស្ទួយផលិតផលខ្មែរពិតប្រាកដ»។
ក្នុងនាមជាសមាជិករបស់សមាគមបណ្តាញកសិករតេជោ លោក ជិន ជ័យាបុត្រ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ គីរីកាហ្វេ នឹងបន្តឈរជើងជាមួយបងប្អូនកសិករ ដោយប្តេជ្ញាចិត្តបន្តទិញកាហ្វេពីបងប្អូនជនជាតិដើមភាគតិច ឱ្យអស់ពីលទ្ធភាព ក្នុងតម្លៃទីផ្សារ ដើម្បីឱ្យកាហ្វេមណ្ឌលគិរី អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាព និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករឱ្យកាន់តែធូរធារ និងរឹងមាំ។
ក្រៅតែពីការធានាឈរជើងទិញកាហ្វេពីកសិករហើយនោះ ក្រុមហ៊ុនក៏បានគាំទ្រផ្នែកឥណទានកសិកម្ម សម្រាប់ពង្រីកការដាំដុះកាហ្វេ រួមមានការផ្គត់ផ្គង់ ជី, កូនពូជ, ថ្នាំកសិកម្ម និងសម្ភារៈបច្ចេកទេសផ្សេងៗ ដើម្បីជួយបងប្អូនមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ និងបង្កើនទិន្នផលផងដែរ។
សូមជម្រាបថា ប្រទេសកម្ពុជាមានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២០ ០០០ តោនក្នុងមួយឆ្នាំ តែការផលិតជាក់ស្តែងបានប្រមាណតែ ២ ០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការគ្រាប់កាហ្វេជិត ១៨ ០០០តោនក្នុងមួយឆ្នាំបន្ថែមទៀត ដែលជាឱកាសល្អសម្រាប់កសិករមានបំណងចង់ដាំដំណាំកាហ្វេ៕