បើការអះអាងរបស់អ្នកគ្រប់គ្រងនៃក្រុមហ៊ុន OCIC មួយរូបបានអះអាងដោយស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មជ្ឈមណ្ឌលកម្សាន្ដ Phnom Penh Fantasy World បានជួលដីទំហំជាងមួយហិកតា ក្នុងចំណោមផ្ទៃដីសរុបជាង៥ហិកតា ពីសួនដាយណូស័ររបស់ក្រុមហ៊ុន OCIC ដោយបានកំណត់កុងត្រាក្នុងរយៈពេលវែងមួយ តែមជ្ឈមណ្ឌលកម្សាន្ដ Phnom Penh Fantasy World នេះមិនមែនជារបស់ក្រុមហ៊ុន OCIC ទេ។
មជ្ឈមណ្ឌលកម្សាន្ដ Phnom Penh Fantasy គឺបានបើកដំណើរការសាកល្បង នៅថ្ងៃទី ២២ ខែឧសភា ចំពេលដែលវិធានការរឹតបន្ដឹងការជួបជុំនៅបន្ដនៅឡើយ។
អ្នកគ្រប់គ្រងនៅក្រុមហ៊ុន OCIC បានអះអាងទៀតថា ចំពោះការបើកសាកល្បងរបស់មជ្ឈមណ្ឌលកំសាន្ត Phnom Penh Fantasy World នាពេលថ្មីៗនេះ គឺជាការសម្រេចរបស់ថៅកែរបស់មជ្ឈមណ្ឌលកម្សាន្ដនេះ មិនមានពាក់ព័ន្ធសួនដាយណូស័រ ដែលបានជួលដីឲ្យនោះទេ។ ទោះយ៉ាងណា លោកថា ការសាកល្បងរបស់ Phnom Penh Fantasy Worldនេះ គ្រាន់តែចង់បានមតិយោបល់ពីសាធារណជន ដើម្បីកែលម្អចំណុចខ្វះខាតរបស់ខ្លួនតែប៉ុណ្ណោះ។
ចំណែកកញ្ញា ធារ៉ា អ្នកគ្រប់គ្រងផ្នែករដ្ឋបាលនៃមជ្ឈមណ្ឌលកម្សាន្ដ Phnom Penh Fantasy World បានប្រាប់ខេមបូណីមីសថា បន្ទាប់ពីបើកសាកល្បងរយៈពេលប៉ុន្មានថ្ងៃ មានសាធារណជនចូលទស្សនាខ្ទង់ពាន់នាក់ ដែលធ្វើឲ្យកញ្ញាយល់ថា ការបើកជាផ្លូវការរបស់ Phnom Penh Fantasy Worldនាពេលខាងមុខ នឹងជោគជ័យជាក់ជាមិនខាន។
ចំពោះទំហំទឹកប្រាក់នៃការវិនិយោគមជ្ឈមណ្ឌលកម្សាន្ដនេះ កញ្ញាអះអាងថា មិនអាចប្រាប់បានទេ គ្រាន់តែដឹងថា ការវិនិយោគខ្ទង់លានដុល្លារ ហើយថៅកែ គឺជាជនជាតិចិន ដែលមានបទពិសោធន៍លើជំនួញប្រភេទនេះ នៅឯប្រទេសចិនរួចមកហើយ ទើបមកបើកសាខាបន្ថែមនៅកម្ពុជានេះ។
កញ្ញាបានបញ្ជាក់ថា ការបើកសាកល្បងនេះគឺទទួលបានការអនុញ្ញាតពីអាជ្ញាធរ និងខាងសុខាភិបាលរួចរាល់ហើយ ដោយសន្យាថា នឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត រាល់វិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់មហាសេដ្ឋីអ្នកឧកញ៉ា ពុង ឃាវសែ បានគ្របដណ្តប់លើផ្ទៃដីប្រមាណជាង ២០០ ហិកតា ដែលហ៊ុមព័ទ្ធទៅដោយលំនៅដ្ឋានប្រណីត អាគារពាណិជ្ជកម្មទំនើបៗ ការប្រមូលផ្តុំឃ្លាំងរថយន្តទំនើបធំៗ ដែលអមដោយទីក្រុងម្ហូបអាហារនិងតំបន់កម្សាន្ដច្រើន ជាងគេនៅរាជធានីភ្នំពេញនៅក្បែរនោះផងដែរ៕