វិស័យទេសចរណ៍

តើពិធីបុណ្យចូលឆ្នាំចិនអាចជាឱកាសសម្រាប់កម្ពុជាទទួលបានទេសចរបរទេសបន្ថែមដែរឬទេ?


ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានក្លាយជាពិធីបុណ្យមួយដ៏មានប្រជាប្រិយភាពនៅក្នុងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលមានជនជាតិចិននិងអ្នកជាប់សែស្រឡាយចិនរស់នៅ។ រៀងរាល់ពិធីបុណ្យចិនម្តងៗ យើងសង្កេតឃើញថា ទាំងជនជាតិចិន និងទាំងប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន តែងតែធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅកម្ពុជា។
វិស័យទេសចរណ៍
ដោយ

យ៉ាងណាមិញ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា ពិធីបុណ្យចូលឆ្នាំចិន នឹងក្លាយជាឱកាសសម្រាប់វិស័យទេសចរណ៍កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវទេសចរជនជាតិចិន។ តែយ៉ាងណាក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា បច្ចុប្បន្នសន្ទុះភ្ញៀវទេសចរចិនចេញដើរកម្សាន្តនៅក្រៅប្រទេសហាក់នៅមានកម្រិតតិចតួចនៅឡើយ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ កត់សម្គាល់ថា ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កម្ពុជាតែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានានា ដែលផ្ដល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។ ទោះបីពិធីបុណ្យចូលឆ្នាំចិនមិនមែនជាប្រពៃណីរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នពិធីបុណ្យនេះបានក្លាយជាប្រពៃណីមួយទៅហើយសម្រាប់ពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន ហើយពួកគេតែង តែធ្វើដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក។ នេះជាការកត់សម្គាល់របស់អ្នកនាំពាក្យរូបនេះ ដែលបានបង្ហាញក្តីរំពឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសអ្នកជាប់សែស្រឡាយចិនយ៉ាងច្រើនកុះករ នឹងធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានានៅកម្ពុជា ដែលវានឹងចូលរួមចំណែកជួយស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ជាពិសេសជួយលើកកម្ពស់សេដ្ឋកិច្ច។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ហាក់បង្ហាញក្តីរំពឹងខ្ពស់ចំពោះពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឆ្នាំនេះក្នុងការរួមចំណែកជួយស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិនឱ្យមកកម្សាន្តនៅកម្ពុជា។

តែយ៉ាងណាអ្នកជំនាញរូបនេះមិនទាន់អាចវាយតម្លៃបានទេថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ កម្ពុជានឹងអាចទទួលទេសចរបរទស ពិសេសទេសចរចិនកម្រិកណានោះទេ។ អ្នកជំនាញរូបកត់សម្គាល់ឃើញថា នៅមុនវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរចិន ស្ថិតក្នុងលំដាប់លេខរៀងទី១ ក្នុងចំណោមទេសចរបរទេសដែលបានចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅឆ្នាំ២០២៣ ទេសចរចិនចូលមកកម្សាន្តនៅកម្ពុជា ហាក់មានចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងទេសចរមកពីប្រទេសថៃ និងវៀតណាម។

​ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ការប្រាររព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់​ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន អាចផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមាន គឺវាជួយជំរុញកំណើនភ្ញៀវទេសចរ និងស្តារវិស័យទេសចរណ៍ រីឯផលអវិជ្ជមានវាអាចធ្វើឱ្យប៉ះពាល់ការចំណាយរបស់ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលមានជីវភាពខ្សត់ខ្សោយ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍អាចស្ទុះងើបឡើងវិញបាន កម្ពុជាមិនត្រូវពឹងផ្អែកតែនៅរដូវបុណ្យទាននោះទេ ពោលគឺត្រូវបង្កើនការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។

​សូមបញ្ជាក់ថា នៅរយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរបរទេសចំនួនជាង ៥លាន៤សែននាក់ កើនឡើងជិត ១៤០% បើធៀបទៅនឹងឆ្នាំ២០២២។ ខណៈចំនួនប្រជាពលរដ្ឋកម្ពុជាដែលចេញក្រៅប្រទេសមានជាង ១លាន៨សែននាក់។ យ៉ាងណាមិញ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប ៥លាន៤សែននាក់ ដែលបានមកកម្សាន្តនៅប្រទេសកម្ពុជា ឆ្នាំ២០២៣នោះ គឺភ្ញៀវទេសចរមកពីប្រទេសថៃ ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមភ្ញៀ ដែលមានចំនួនជាង ១លាន៨សែននាក់, ទេសចរវៀតណាម មានចំនួនជាង ១លាននាក់, និងទេសចរជនជាតិចិន មានចំនួនជាង ៥៤ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះជាង៤០% នៅឆ្នាំ២០២៣?

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទ្រព្យសកម្មសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះជាង៤០% នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២…

ក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងហោះហើរត្រង់ទៅមកវៀងចន្ទន៍-ភ្នំពេញនៅខែមីនា ខាងមុខ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានក្រុមហ៊ុនអាកាសចរណ៍ឡា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ