អង្ករ​សរីរាង្គ

អង្ករ​សរីរាង្គ​ខ្មែរ​កំពុង​​មាន​តម្រូវការ​ខ្ពស់​​លើ​ទីផ្សារ​​ពិភពលោក


កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អំណោយផល​ល្អ​បំផុត​សម្រាប់​វិស័យកសិកម្ម ដ្បិតប្រទេសមួយនេះ មានអាកាសធាតុល្អ និងដីមានជីវជាតិល្អ ព្រមទាំងមានពលរដ្ឋភាគច្រើន គឺជាកសិករ។ ជាក់ស្តែង គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករបានចំនួនជាង៣៧ម៉ឺនតោន ដែលក្នុងនោះ ជាប្រភេទអង្ករក្រអូប អង្ករស​ និងអង្ករចំហុយ។ នេះ​បើយោងតាម​របាយការណ៍​ថ្មី​បំផុត​មួយ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម។
Amru Rice ចុះMoUជាមួយសហគមន៍ខេត្តកំពង់ធំនាំស្រូវក្រអូប៨ពាន់តោនទៅទីផ្សារអន្តរជាតិ
ដោយ

ដោយ​ឡែក ការ​នាំចេញ​អង្ករ​សរីរាង្គ​របស់​កម្ពុជា​វិញ ត្រូវ​បាន​លោក សម វិទូ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម ហៅ​កាត់​ថា CEDAC អះអាង​ថា ក្នុង​មួយ​ឆ្នាំ អង្ករ​សរីរាង្គ​ខ្មែរ បាន​ចរាចរ​លក់​ទៅ​ក្រៅ​ប្រទេស​មាន​ប្រមាណ ១​ម៉ឺន​តោន ដោយ​ក្នុង​នោះ មាន​ក្រុមហ៊ុន Amru Rice និង​ក្រុមហ៊ុន Cambodia Organic Farm Enterprise និង​ក្រុមហ៊ុន​ផ្សេង​ទៀត ធ្វើការ​នាំ​ចេញ។

ថ្លែង​ប្រាប់​សារព័ត៌មាន ខេមបូណូមីស នៅ​កណ្តាល​វាលស្រែ​ក្នុង​ទិវា​ស្រូវ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ប្រធាន​អង្គការ​សេដាក​រូប​នេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «បច្ចុប្បន្ន សេដាក មាន​ក្រុម​កសិករ​ផលិត​ស្រូវ​សរីរាង្គ (ស្រូវ​បែប​ប្រពល​វប្បកម្ម) គិត​ជា​ផ្ទៃដី​ប្រមាណ ៦ ទៅ ៧​ពាន់​ហិកតា សម្រាប់​ទូទាំង​ប្រទេស។ សេដាក មិន​ប្រមូល​ទិញ​នោះ​ទេ តែ​យើង​រៀបចំ​ក្រុម​កសិករ​ឲ្យ​ច្បាស់​លាស់​ដើម្បី​ផលិត​ស្រូវ​សរីរាង្គ ហើយ យើង​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​រក​ទីផ្សារ​ជូន​កសិករ»។

លោក សម វិទូ បាន​ពន្យល់​ថា ការ​ធ្វើ​ស្រែ​តាម​បែប​ប្រពល​វប្បកម្ម គឺ​តម្រូវ​ឲ្យ​កសិករ​ជ្រើស​រើស​ពូជ​ស្រូវ​ល្អ ស្ទូង​ស្រូវ​មួយ​ដើមៗ មិន​ប្រើ​ប្រាស់​ជី​គីមី ពោល គឺ​អនុវត្ត​តាម​គោលការណ៍​ធម្មជាតិ។ បើ​តាម​ប្រធាន​អង្គការ​សេដាក​រូប​នេះ ការ​ធ្វើ​ស្រែ​តាម​បែប​ប្រពល​វប្បកម្ម ធ្វើ​ឲ្យ​កសិករ​មាន​ចំណូល​កើន​ឡើង​ ៤​ដង បើ​ប្រៀបធៀប​នឹង​ការ​ធ្វើ​ស្រែ​ធម្មតា និង​មាន​តម្រូវការ​ខ្ពស់ ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ។  

លោក សម វិទូ ប្រធាន​អង្គការ សេដាក។

ទាក់ទង​នឹង​ទីផ្សារ​អង្ករ​សរីរាង្គ​នេះ លោក យ៉ង ភារម្យ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Cambodia Organic Farm Enterprise  ដែល​ប្រមូល​ទិញ​ស្រូវ​សរីរាង្គ​ពី​កសិករ​របស់​អង្កការ សេដាក ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ បាន​ប្រាប់ ខេមបូណូមីស ក្នុង​ទិវា​ស្រូវ​ខាង​លើ​ថា ក្នុង​រដូវ​ប្រមូល​ផល​ពី​ឆ្នាំ​២០១៦​-២០១៧ ក្រុមហ៊ុន​របស់​លោក​បាន​នាំ​ចេញ​អង្ករ​សរីរាង្គ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ហុងកុង បាន​ចំនួន​ជាង​១​ពាន់​តោន ហើយ​នៅ​ក្នុង​រដូវ​ប្រមូល​ផល ២០១៧​-២០១៨​នេះ ក្រុមហ៊ុន​គ្រោង​នាំចេញ​អង្ករ​សរីរាង្គ​ប្រភេទ​បាយ​រឹង (អង្ករ​នាង​ក្រហម) ជាង​៣​ពាន់​តោន និង​អង្ករ​ក្រអូប​ជាង ១​ពាន់​តោន ទៅ​ផ្សារ​អាមេរិក អឺរ៉ុប និង​ហុងកុង។  

បើ​តាម​លោក យ៉ង ភារម្យ ក្រុមហ៊ុន​របស់​លោក​ទិញ​ស្រូវ​ក្រអូប​សរីរាង្គ​ពី​កសិករ​ក្នុង​តម្លៃ ១៤៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ស្រូវ​នាង​ក្រហម (បាយរឹង) ទិញ​ក្នុង​តម្លៃ ១១៥០​រៀល ដោយ​នាំ​ទៅ​សហគមន៍​អឺរ៉ុប អាមេរិក និង​ហុងកុង ក្នុង​តម្លៃ​អង្ករ​មួយ​គីឡូក្រាម​ពី ៣ ទៅ ៧​ដុល្លារ។ ស្រូវ​ដែល​ក្រុមហ៊ុន​ប្រមូល​ទិញ​មាន​ច្រើន​ជាង​គេ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​បន្ត​បន្ទាប់ មាន​នៅ​ខេត្ត​កំពង់ស្ពឺ កំពត កំពង់ឆ្នាំង ព្រៃវែង និង​បាត់ដំបង ជាដើម។

អ្នក​ជំនាញថា ការធ្វើ​ស្រែ​សរីរាង្គ​តាម​បែប​ប្រពល​វប្បកម្ម ធ្វើ​ឲ្យ​កសិករ​បាន​ចំណូល​ខ្ពស់​ជាង​ស្រែ​ធម្មតា ដល់​ទៅ ៤ដង។

ដូច​គ្នា​ដែរ កន្លងមក លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​ Amru Rice បាន​ថ្លែង​ប្រាប់ ខេមបូណូមីស ថា ក្រុមហ៊ុន Amru Rice បាន​ជំរុញ​កសិករ​ជិត ៣​ពាន់​នាក់ ប្រមាណ ១៩​សហគមន៍ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ឲ្យ​ផលិត​ស្រូវ​សរីរាង្គ។ លោក​ឧកញ៉ា បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​នាំ​អង្ករ​សរីរាង្គ​ទៅ​កាន់​តែ​ទីផ្សារ​អន្តរជាតិ បាន​ពី ២៥០០ ទៅ ៣០០០តោន។ 

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ក្រុមហ៊ុន​បាន​ផ្តល់​ពូជ​សុទ្ធ​ល្អ​ដែល​តម្រូវការ​ទីផ្សារ​មាន បណ្តុះ​បណ្តាល​បច្ចេកទេស វិធី​មើល​គុណភាព​ស្រូវ និង​ទុក​ដាក់​ស្រូវ​ឲ្យ​បាន​ល្អ ពង្រឹង​​សហគមន៍ និង​ផ្តល់​វិញ្ញាបន​បត្រ​ជូន​កសិករ។ បើ​កសិករ​ចូល​ក្រុម​ធ្វើ​ស្រែ​សរីរាង្គ គឺ​ទទួល​បាន​ផល​ខុស​គ្នា ១​តោន​រហូត ៨០ ទៅ ១០០​ដុល្លារ បើ​ធៀប​នឹង​កសិករ​ដែល​ធ្វើ​ស្រូវ​ធម្មតា»។

បើ​តាម លោក​ឧកញ៉ា សុង សារ៉ុន គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០១៧ ក្រុមហ៊ុន Amru Rice នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​សរុប​បាន​ប្រមាណ​ជិត ៣​ម៉ឺន​តោន ក្នុង​នោះ ២​ម៉ឺន​៥​ពាន់​តោន គឺ​នាំ​ចេញ​ទៅ​ប្រទេស​ជិត ២០​ប្រទេស នៅ​​ក្នុង​អឺរ៉ុប៕

None



អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ លើក​ពាន​មាស​ផ្នែក​គុណភាព​និង​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​ពី​ចក្រភព​អង់គ្លេស

ពាន​រង្វាន់​ម្កុដ​មាស​ផ្នែក​គុណភាព​និង​ភាព​ជា​អ្នក​ដឹកនាំ​ ពី​ចក្រភព​អង់គ្លេស ត្រូវ​បាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ដែល​មាន​…

អ្នក​ជំនាញ​កសិកម្ម៖ កសិផល​សរីរាង្គ​នឹង​ក្លាយ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​ការ​ប្រកួត​ប្រជែង

លំហូរ​ចូល​នៃ​បន្លែ ផ្លែ​ឈើ ដែល​មាន​សារជាតិ​គីមី ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ