Advertisement
កសិករ​ខ្មែរចាញ់​ក្ដី​នៅតុលាការថៃ ជុំវិញ​ទំនាស់ដីធ្លីជាមួយក្រុមហ៊ុនថៃ

កសិករ​ខ្មែរ​ចាញ់​ក្តី​នៅ​តុលាការ​ថៃ រឿង​បណ្តឹង​ជាមួយ​ក្រុមហ៊ុន​ស្ករដ៏ធំបំផុត​នៅថៃ


អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី៥ ខែកក្កដា​នេះ​ថា កសិករ​ខ្មែរ​បាន​ចាញ់​ក្តី​នៅ​តុលាការ​ស៊ីវិល​ថៃ ជុំវិញ​បណ្តឹង​របស់​ពួកគាត់​ដែល​បាន​ប្តឹង​ក្រុមហ៊ុន​ស្ករ​ ស ឈ្មោះ មីតផុន (Mitr Phol) ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស បន្ទាប់ពី​រង​ចោទ​ប្រកាន់​ថា បាន​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី​របស់​ពួក​គាត់។
តុលាការ​ស៊ីវិលទីក្រុង​បាងកក ប្រទេសថៃ។ រូបភាព៖ Wikipedia
ដោយ
Advertisement

តំណាង​​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ឆ្នាំ២០១៨ នៅ​តុលាការ​ថៃ ប្រឆាំង​នឹង​ក្រុមហ៊ុន​ថៃ មីតផុន (Mitr Phol) ដែល​ជា​អ្នក​ផ្គត់ផ្គង់​ស្ករ​ធំ​ជាង​គេ​បំផុត​នៅ​ទូទាំង​អាស៊ី។ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​ ឈ្មោះ Inclusive Development International (IDI) ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក។

យោងតាម​អង្គការ​សិទ្ធិ​មនុស្ស​ដដែល​ ពាក្យ​បណ្តឹង​នោះ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣​ពាន់​នាក់ ហើយ​ជា​ពាក្យ​បណ្តឹង​ដំបូង​គេ ប្រឆាំង​ក្រុមហ៊ុន​ថៃ​ចំពោះ​ទង្វើ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ដោយ​ចោទ​ប្រកាន់​ថា បាន​បង្ខំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ចេញ​ពី​ដី​ពួកគាត់​នៅ​ចន្លោះ​ពីឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០០៩ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​អំពៅ។ 

នាយក​ប្រតិបត្តិ​អង្គការ IDI លោក ដេវីដ ប្រេដ បាន​និយាយ​ថា តុលាការ​ថៃ​បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចាញ់​ក្តី ហើយ​ថា ពួកគាត់​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នោះ។

លោក ដេវីដ ប្រេដ បាន​និយាយ​ដូច្នេះ​ថា ៖ «តុលាការ​បាន​បដិសេធ​សំណើ​របស់​ដើម​បណ្តឹង​ដើម្បី​ឲ្យ​ដំណើរការ​ពាក្យ​បណ្តឹង​ស៊ីវិ​លនេះ ដោយ​មិន​បាន​ផ្តល់​ការអះអាង​ផ្លូវ​ច្បាប់​ណា​មួយ ដែល​ខ្លួន​និយាយ​ថា វា​នឹង​ពិបាក​ពេក​ព្រោះ​ជា​ករណី​ឆ្លង​ដែន។»

លោក ដេវីដ ប្រេដ បាន​បន្ត​ដូច្នេះ​ថា ៖ «តុលាការ​ក្រុង​បាងកក បាន​ធ្វើ​សេចក្តី​សម្រេច​នេះ ខុស​ទាំង​ស្រុង។ ក៏​ប៉ុន្តែ សេចក្តី​សម្រេច​ចិត្ត​នេះ នឹង​ត្រូវ​ប្តឹង​ឧទ្ធរណ៍​បន្ត​ ហើយ​យើង​នឹង​មិន​បោះបង់​ទេ រហូត​ទាល់​តែ​ មីតផុន មាន​ការ​ទទួល​ខុសត្រូវ បើ​ទោះ​បី​ជា​មាន​ន័យ​ថា ត្រូវ​ធ្វើ​បណ្តឹង​ស៊ីវិល​ចំនួន​៧០០ ក៏ដោយ។»

ក្រុមហ៊ុន មីតផុន កន្លង​មក ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ន័យ​ស្មោះត្រង់ ហើយ​បាន​អះអាង​ថា ខ្លួន​ទទួល​បាន​ដី​សម្បទាន​ស្រប​តាម​ច្បាប់ ដោយ​មាន​ការធានា​ពី​អាជ្ញាធរ​ថា សម្បទាន​ទាំង​នោះ​បាន​មក​ដោយ​ស្រប​ច្បាប់​និង​ប្រកប​ដោយ​តម្លាភាព។

ក្រុមហ៊ុន មីត​ផុន ក៏​ធ្លាប់​បាន​និយាយ​ផង​ដែរ​ថា នៅ​ពេល​ដែល​ខ្លួន​បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០១៤ ដោយសារ​កត្តា​ផ្សេងៗ​នោះ ខ្លួន​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​អាជ្ញាធរ​ថា ដី​ទាំង​នោះ​គួរ​ប្រគល់​ត្រឡប់​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​វិញ។

ក្រុមហ៊ុន មីតផុន ជា​ក្រុមហ៊ុន​ផលិត​ស្ករ​ធំ​ជាង​គេ​បំផុត​ទី​៥ នៅ​លើ​ពិភពលោក ហើយ​ដែល​មាន​ការ​ផ្គត់ផ្គង់​ធំ​លំដាប់​ទី​២ នៅ​ទីផ្សារ​ចិន​ផងដែរ។ ចំណូល​របស់ មីតផុន ក្នុង​ឆ្នាំ​២០១៨ ត្រូវ​បាន​គេរំពឹង​ថា នឹង​មាន​ចំនួន ៩០​ពាន់​លាន​លាន​បាត៕

Advertisement



អត្ថបទបន្ទាប់


អេស៊ីលីដា ចាប់ដៃគ្នាជាមួយ លីហួរ ពង្រីកប្រតិបត្តិការសេវាផ្ទេរប្រាក់ កាន់តែទូលំទូលាយ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនលីហួរ ផេប្រូ ភីអិលស៊ីបានប្រកាសភាពជាដៃគូរវាងគ្នា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់របស់ស្ថាប័នទាំងព...

គណៈកម្មការមូលបត្រកម្ពុជាសម្រេចផ្តល់អាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទី១នៅកម្ពុជា

ព័ត៌មាន
គណៈកម្មការមូលត្រកម្ពុជា (គ.ម.ក)កាលពីពេលថ្មីៗនេះ បានសម្រេចផ្ដល់អាជ្ញាបណ្ណផ្លូវការ ដល់ក្រុមហ៊ុន Cambodian Investors Capital Partners P...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ