សេដ្ឋី​អចលនទ្រព្យ

ឧកញ៉ា លី ហួរ លើក​ពាន​មាស​ផ្នែក​គុណភាព​និង​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​ពី​ចក្រភព​អង់គ្លេស


ពាន​រង្វាន់​ម្កុដ​មាស​ផ្នែក​គុណភាព​និង​ភាព​ជា​អ្នក​ដឹកនាំ​ ពី​ចក្រភព​អង់គ្លេស ត្រូវ​បាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ដែល​មាន​លោក​ឧកញ៉ា លី ហួរ ជា​ប្រធាន ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​វា​ជា​ការ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​សមាគម ក៏​ដូចជា​មុខមាត់​របស់​កម្ពុជា​ផង​ដែរ។
លោក​ឧកញ៉ា លី ហួរ (រូប​កណ្ដាល) ទទួល​ពាន​រង្វាន់​ម្កុដ​មាស​ផ្នែក​គុណភាព​និង​ភាព​ជា​អ្នក​ដឹកនាំ​ ពី​ចក្រភព​អង់គ្លេស ក្នុង​នាម​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​កម្ពុជា។
ដោយ

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប បាន​អះអាង​ថា ការ​ទទួល​បាន​ពាន​រង្វាន់​មាស​នេះ​គឺ​មិន​ត្រឹម​តែ​ជា​មោទនភាព​របស់​សមាគម​តែ​មួយ​នោះ​ទេ តែ​ជា​ការ​លាត​ត្រដាង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់​អ្នក​សាងសង់​លំនៅដ្ឋាន​នៅ​កម្ពុជា និង​បង្ហាញ​ពី​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​កម្ពុជា ទៅកាន់​ពិភពលោក​ផងដែរ ស្រប​ពេល​ដែល​វិស័យ​នេះ​បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​ផុស​ផុល។

ថ្លែង​ប្រាប់​សារព័ត៌មាន ខេមបូណូមីស កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា លី ហួរ បាន​លើក​ឡើង​ថា ត្បិត​ថា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ទើបតែ​មាន​អាយុ​កាល​ប្រមាណ​២​ឆ្នាំ​ក៏​ដោយ ប៉ុន្ដែ លោក​ពិត​ជា​នឹក​ស្មាន​មិន​ដល់​នោះ​ឡើយ ដែល​ស្ថាប័ន​អន្តរជាតិ​នៃ​ចក្រភព​អង់គ្លេស​មួយ​នេះ បាន​មក​ធ្វើការ​សិក្សា​និង​វាយ​តម្លៃ​ពី​សមត្ថភាព​របស់​សមាគម រហូត​ដល់​ផ្ដល់​ពាន​រង្វាន់​ម្កុដ​មាស ផ្នែក​គុណភាព និង​ភាព​ជា​អ្នក​ដឹកនាំ​នេះ។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ដែល​សុខៗ​ទទួល​បាន​លិខិត​អញ្ជើញ​ថា សមាគម​យើង​ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​នេះ។ ព្រោះ​ថា យើង​មិន​បាន​ដឹង​មុន​ទេ​ថា គេ​បាន​ធ្វើការ​ផ្ដល់​ជា​ពាន​រង្វាន់​នេះ”។

ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​កម្ពុជា និង​ជា​ពាណិជ្ជករ​ជោគជ័យ​មួយ​រូបនៅ​កម្ពុជា។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​អ្វី​ដែល​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នេះ? លោក​ឧកញ៉ា​ដែល​កំពុង​មាន​ក្រុមហ៊ុន​ធំៗ​ជិត​១០​នៅ​ក្នុង​ដៃ​រូប​នេះ បាន​លើក​ឡើង​ថា មុន​នឹង​ឈាន​ទៅ​ទទួល​បាន​ពាន​នេះ ស្ថាប័ន​ដែល​បាន​ផ្ដល់​ពាន​រង្វាន់​នេះ បាន​សម្លឹង​ឃើញ​ពី​កត្តា​សំខាន់ៗ ៥​យ៉ាង​របស់​សមាគម​ក្នុង​ការ​ប្រតិបត្តិ​ការងារ​នា​ពេល​កន្លង​មក រួមមាន៖

  1. សមាជិក​របស់​សមាគម​ទាំងអស់​សុទ្ធតែ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ និង​បាន​រួម​ចំណែក​ក្នុង​ការ​ចែក​រំលែក​ផ្ដល់​បទ​ពិសោធន៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។
  2. សមាគម​មាន​រចនា​សម័្ពន្ធ​គ្រប់គ្រង​ច្បាស់​លាស់។
  3. ការ​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​សមាគម គឺ​មាន​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ផ្នែក​គុណភាព​សំណង់ តាមរយៈ​ការ​សាងសង់​ប្រកប​ដោយ​បច្ចេកទេស។
  4. ការ​សាងសង់​លំនៅដ្ឋាន​ប្រកប​ដោយ​សោភ័ណ​ភាព ត្រូវ​បាន​សមាគម​សម្រិត​សម្រាំង និង​រចនា​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត​ទាក់​ទាញ។
  5. សមាគម​តែង​សាងសង់​នូវ​លំនៅដ្ឋាន ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ជាមួយ​គ្នា​នេះ​ដែរ តាម​អ្វី​ដែល​ជា​ចក្ខុ​វិស័យ​របស់​លោក​ឧកញ៉ា លី ហួរ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​កម្ពុជា នឹង​បន្ត​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្ថែ​​ទៀត ពិសេស​គឺ​ការ​សាងសង់​លំនៅដ្ឋាន​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ប្រជា​ពលរដ្ឋ។ ក្នុង​នោះ សមាគម​នឹង​ផ្ដោត​សំខាន់​លើ​អតិថិជន​ដែល​ជា​អ្នក​មាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម ស្រប​ពេល​ដែល​ក្នុង​១​ឆ្នាំៗ តម្រូវការ​លំនៅដ្ឋាន​នៅ​កម្ពុជា​មាន​ប្រមាណ ២៥០០០​ខ្នង ទៅ ៣០០០០​ខ្នង។ ដូច្នេះ សមាគម​នឹង​បន្ត​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងឡាយ​ដែល​អតិថិជន​មាន​តម្រូវការ ពិសេស ដើរ​ស្រប​ទៅ​តាម​ទីផ្សារ និង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ 

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជា​ម្ចាស់​ក្រុមហ៊ុន​ចំនួន ៧ ដែល​កំពុង​តែ​ប្រតិបត្តិការ​អាជីវកម្ម​យ៉ាង​សកម្ម​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា។ ក្រុមហ៊ុន​ទំាង​៧​នោះ មាន​ដូចជា ក្រុមហ៊ុន លី ហួរ ប្តូរ​ប្រាក់ និង​លក់​គ្រឿង​អលង្ការ ក្រុមហ៊ុន លីហួរ ហាង​បញ្ចាំ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​បុរី​វិមាន​ភ្នំពេញ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​លីហួរ ក្រុមហ៊ុន ទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្ម​ដំណាំ​កៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួល​រថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ)។ 

បើ​តាម​ការ​បង្ហើប​ពី​លោក​ឧកញ៉ា លី ហួរ នៅ​រយៈពេល​ខាង​មុខ​ដ៏​ខ្លី​នេះ លោក​ឧកញ៉ា​ក៏​គ្រោង​នឹង​បើក​គម្រោង​អភិវឌ្ឍន៍​ធំៗ​ចំនួន​២​ទៀត តែ​លោក​ឧកញ៉ា មិន​ទាន់​បង្ហាញ​ថា​ជា​គម្រោង​អ្វី​នៅ​ឡើយ​ទេ ដោយ​សុំ​លាក់​ទុក​សិន។ លើស​ពី​នេះ លោក​ឧកញ៉ា​ក៏​ត្រៀម​នឹង​បើក​ក្រុមហ៊ុន​ថ្មីៗ​មួយ​ចំនួន​ទៀត​ផង​ដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ទទួល​បាន​ពិន្ទុ​ធ្លាក់​ចុះ​លើ​ភាព​​ទាក់ទាញ​ផ្នែក​ច្បាប់​នៃ​ការ​​វិនិយោគ​ក្នុង​វិស័យ​ប្រេង

ព័ត៌មាន
របាយការណ៍​ពិភព​លោក​លើ​វិស័យ​ប្រេង ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ធំ​មួយ​របស់​ប្រទេស​​កាណាដា បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង…

អង្ករ​សរីរាង្គ​ខ្មែរ​កំពុង​​មាន​តម្រូវការ​ខ្ពស់​​លើ​ទីផ្សារ​​ពិភពលោក

ព័ត៌មាន
កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អំណោយផល​ល្អ​បំផុត​សម្រាប់​វិស័យកសិកម្ម ដ្បិតប្រទេសមួយនេះ មានអាកាសធាតុល្អ និងដីមានជីវជាតិល្អ ព្រមទាំងមានពលរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ