ដោយឡែក បើមើលទៅលើ ចំនួនអាជីវកម្មដែលបានបិទទ្វារវិញមានដល់ទៅជាង ៣៦០អាជីវកម្ម ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២២ ធ្លាក់ចុះជាង៨% ខណៈដែលកម្មករចំនួនជាង១ម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ ធ្លាក់ចុះជិត៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍។
ប្រធាននាយកដ្ឋានការងារឧស្សាហកម្មថៃលោក វ៉ានឆៃ ផានុបឆៃ បាននិយាយថា តួលេខនេះឆ្លុះបញ្ចាំងពីសេដ្ឋកិច្ច ដែលប្រសើរឡើង បន្ទាប់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរោងចក្រតូចៗ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។ លោកបន្តថា ឧស្សាហកម្មម្ហូបអាហារ គឺជាអាជីវកម្មពេញនិយមបំផុតក្នុងចំណោមរោងចក្រថ្មីៗ ដែលបានបង្កើតឡើង បន្ទាប់ពីនោះគឺរោងចក្រកែច្នៃឈើ និងដែក។ រោងចក្រថ្មីៗទាំងនេះ បានផ្តល់ការងារដល់កម្មករជាង ៣ម៉ឺននាក់។ នេះបើតាមការលើកឡើងពីនាយកដ្ឋានការងារឧស្សាហកម្មថៃ ។ លោក Wanchai ជឿជាក់ថា ចំនួនរោងចក្រថ្មី រួមជាមួយនឹងការពង្រីកសមត្ថភាពផលិតកម្មរបស់ពួកគេនៅក្នុងឆ្នាំសារពើពន្ធ ២០២២ នឹងមិនតិចជាងចំនួនរោងចក្រនៅក្នុងឆ្នាំចុងក្រោយនោះទេ ប៉ុន្តែការរំពឹងទុកនឹងត្រូវបានកំណត់ដោយសារការរងផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
ប្រទេសថៃជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលរងការប៉ះពាល់យ៉ាងខ្លាំងពីការឆ្លងរាតត្បាតកូវីដ-១៩ ហើយសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសនេះ ក៏ជួបការលំបាកក្នុងការនាំចេញ ហើយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកក៏មានការបិទអាជីវកម្មជាច្រើនផងដែរ។ បច្ចុប្បន្ននេះ ប្រទេសថៃកំពុងរៀបចំសកម្មភាពសេដ្ឋកិច្ចឲ្យបានល្អប្រសើរឡើងវិញ បើទោះបីការឆ្លងរាតត្បាតកូវីដ-១៩ នៅតែបន្តមានយ៉ាងណាក្តី។
យ៉ាងណាក៏ដោយចុះ ប្រធាននាយកដ្ឋានការងារឧស្សាហកម្ម លោក Wanchai បន្ថែមថា រោងចក្រជាច្រើនមិនបានបំពេញតាមស្តង់ដារបរិស្ថាននោះទេ ជាពិសេសការលើកឡើងពីកង្វល់ជុំវិញការបញ្ចេញកាកសំណល់គ្រោះថ្នាក់ទៅក្នុងបរិស្ថាន។ ហើយអាជ្ញាធរកំពុងអនុវត្តវិធានការផ្លូវច្បាប់បន្ថែមទៀត ចំពោះម្ចាស់រោងចក្រដែលបំពានច្បាប់។ លោក Wanchai បានប្រាប់ថា នាយកដ្ឋាននឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរោងចក្រ ដែលបោះចោលកាកសំណល់ឧស្សាហកម្មដោយសម្ងាត់ និងអ្នកដែលបញ្ចេញទឹកសំណល់ដោយគ្មានការញ៉ែកកាកសំណល់ឲ្យបានត្រឹមត្រូវជាដើម៕
អត្ថបទ៖ ម៉ុន សុកែវ