ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក និងជាគូប្រជែងដ៏មានសក្តានុពលមួយរបស់ចិន បានក្លាយជាទីទាំងដ៏មានសក្តានុពលបំផុតមួយក្នុងការស្រូបទាញក្រុមហ៊ុនជប៉ុន។ ការស្ទង់មតិអាជីវកម្មមួយ ដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន (JETRO) បានបង្ហាញថា ឥណ្ឌាបានឈរកំពូលតារាងក្នុងចំណោមប្រទេសនានាលើពិភពលោក ដែលក្រុមហ៊ុនជប៉ុនគ្រោងនឹងពង្រីកផលិតកម្មរបស់ពួកគេក្នុងរយៈពេលពី១ទៅ២ឆ្នាំខាងមុខ។
របាយការណ៍ស្ទង់មតិបានបង្ហាញថា ជាង៨០%នៃចំនួនវិនិយោគិនជប៉ុន ដែលបានចូលរួមឆ្លើយ សុទ្ធតែបង្ហាញការចាប់អារម្មណ៍លើប្រទេសឥណ្ឌា ក្នុងការពង្រីកប្រតិបត្តិការផលិតកម្មរបស់ពួកគេ ខណៈប្រទេសចិនវិញទទួលបានការជឿទុកចិត្តពីវិនិយោគិនជប៉ុន ធ្លាក់ចុះជិត២២% ដែលជាកម្រិតធ្លាក់ចុះទាបបំផុតតាំងពីឆ្នាំ២០០៧ មក។ ក្រៅពីចិន ទំនុកចិត្តរបស់វិនិយោគជប៉ុនចំពោះទីផ្សារវិនិយោគនៅក្នុងប្រទេសថៃ ក៏មានការធ្លាក់ចុះផងដែរ ដោយសារស្ថានការណ៍នយោបាយមិនមានស្ថិរភាព។
ក្រៅពី JETRO ធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា (JBIC) ក៏បានបង្ហាញពីទស្សនវិស័យវិជ្ជមានរបស់អ្នកវិនិយោគិនជប៉ុន នៅឥណ្ឌា ផងដែរ។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៤ ធនាគារនេះ បានអះអាងថា ជិត៥៩%នៃក្រុមហ៊ុនជប៉ុន បានមើលឃើញថា ប្រទេសឥណ្ឌាជាគោលដៅវិនិយោគ ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេល៣ឆ្នាំខាងមុខ។
កន្លងមកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្លាប់បានអះអាងថា នៅឆ្នាំ២០២៦ ខាងមុខនេះ ឥណ្ឌានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ បន្ទាប់ពីសហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ ហើយរហូតដល់ឆ្នាំ២០២៨ ឥណ្ឌាអាចផ្តួលអាល្លឺម៉ង់មួយទៀត៕
ដោយៈ សរ សុជាតិ