នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលចូលកាន់តំណែងកាលពីខែកញ្ញា កន្លងទៅ បានលើកឡើងថា បញ្ហារុករករួមគ្នានូវធនធានរ៉ែប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) នៅតំបន់ត្រួតស៊ីគ្នា (OCA) ក្នុងឈូងសមុទ្រថៃ គឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយអាទិភាពកំពូលទាំង១០របស់រដ្ឋាភិបាលលោកស្រី ខណៈដែលប្រទេសថៃ កំពុងស្វះស្វែងបង្កើនធនធានរ៉ែប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) បម្រុង ដែលកំពុងធ្លាក់ចុះ និងដើម្បីទប់តម្លៃអគ្គិសនី និងប្រេងឥន្ធនៈនាំចូលដែលបន្តហក់ឡើងមិនឈប់។
ប្រទេសជិតខាងទាំងពីរកាលពីដើមឆ្នាំនេះ បានព្រមព្រៀងគ្នាថា នឹងវិលចូលតុចរចាឡើងវិញដើម្បីឈានទៅដល់ការចាប់ផ្ដើមរុករកប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) នៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA) លាតសន្ធឹងលើទំហំ២៦.០០០គីឡូម៉ែត្រការ៉េ ដែលគេជឿថា មានធនធានឧស្ម័នធម្មជាតិរហូតដល់ទៅប្រមាណ២៨៣ពាន់លានម៉ែត្រគូប និងប្រេងឆៅប្រមាណ៣០០លានបារ៉ែល។
ដំណើរការចរចានេះនឹងមិនងាយស្រួលនោះឡើយ ដោយសារតែកន្លងមកប្រទេសទាំងពីរធ្លាប់មានភាពតានតឹងនឹងគ្នាផ្នែកការទូត និងភាពរសើបជុំវិញអធិបតេយ្យភាព។ ដំណើរការចរចាបានជាប់គាំងចាប់តាំងពីឆ្នាំ២០០១ ជាពេលដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា ការបែងចែកការកាន់កាប់ដែនអធិបតេយ្យចាំបាច់ត្រូវមានការដោះស្រាយក្នុងពេលដំណាលគ្នានឹងការរុករកធនធានរ៉ែប្រេង និងឧស្ម័នធម្មជាតិរាវ (LNG)។
ប៉ុន្តែក្រោយមកភាគីថៃ យល់ថា ប្រទេសទាំងពីរគួរតែចាប់ផ្តើមការរុករកប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ជាមុនសិន ហើយចាំដោះស្រាយបញ្ហាដែនអធិបតេយ្យតាមក្រោយ។
ទាក់ទិននឹងបញ្ហានេះ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Bloomberg ថា កម្ពុជា នៅតែប្តេជ្ញាវិលចូលតុចរចាលើបញ្ហានេះជាមួយប្រទេសថៃ។ លោកបានមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ត្រៀមខ្លួនរួចរាល់ កម្ពុជារីករាយនឹងបន្តការចរចា៕
ដោយ: តែម សុខុម