លោក រីយ៉ូតា កាដូហ្គាគី (Ryota Kadogaki) សហស្ថាបនិក និងជានាយកប្រតិបត្តិសកលនៃក្រុមហ៊ុន Monolith ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់ក្រុមហ៊ុនគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិឯកជនមានមូលដ្ឋាននៅប្រទេសជប៉ុន បានទម្លាយឱ្យដឹងថា នៅឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិឯកជនចិន កាន់តែច្រើនឡើងៗ ចង់ទិញយកអាជីវកម្មខ្នាតតូចៗនៅក្នុងប្រទេសជប៉ុន។
យោងតាមក្រសួងពាណិជ្ជកម្មចិន បង្ហាញថា បណ្ដាវិនិយោគិនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានបង្កើនការវិនិយោគផ្ទាល់នៅបរទេសរហូតដល់១៦,២% ឬស្មើនឹងជាង៨៣ពាន់លានដុល្លារអាម៉េរិកនៅក្នុងរយៈពេល៧ខែឆ្នាំនេះ។ ក្រសួងនេះនិយាយទៀតថា ការវិនិយោគទាំងនោះបានគ្របដណ្តប់លើអាជីវកម្មជាង៦.១០០ប្រភេទនៅក្នុងប្រទេស និងតំបន់សរុបចំនួន១៥២។
លោក រីយ៉ូតា កាដូហ្គាគី (Ryota Kadogaki) ក៏ដូចជាអ្នកជំនាញផ្សេងៗទៀតបានលើកឡើងស្រដៀងៗគ្នាថា វិនិយោគិនចិន កាន់តែច្រើនសម្លឹងឱកាសវិនិយោគនៅក្រៅប្រទេស គឺដោយសារកត្តាចម្បងមួយចំនួនដូចជា ទី១៖ កត្តាកំណើនក្នុងស្រុកយឺត៖ ដោយមើលឃើញថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន កាន់តែយឺត វិនិយោគិនចិន ក៏ស្វែងរកឱកាសវិនិយោគថ្មីៗនៅក្រៅប្រទេសដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។
ទី២៖ អត្ថប្រយោជន៍ផ្នែករូបិយប័ណ្ណ៖ ប្រាក់យ៉េន របស់ជប៉ុន ដែលចុះថោករួមទាំងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកំពុងក្លាយជាកត្តាទាក់ទាញជំរុញឱ្យវិនិយោគិនចិន ទិញយកអាជីវកម្មនៅក្នុងប្រទេសនានាដូចជាប្រទេសជប៉ុន ជាដើម។ ទី៣៖ ការធ្វើពិពិធកម្មទ្រព្យសកម្ម៖ វិនិយោគិនចិន ជាច្រើនកំពុងបង្កើតការិយាល័យ ឬ ទិញលំនៅឋាននៅកន្លែងនានាដូចជាហុងកុង សិង្ហបុរី ឬ ជប៉ុន ជាដើមដើម្បីស្វែងរកឱកាសពាណិជ្ជកម្មអន្តរជាតិ ខណៈនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសចិន។
ទី៤៖ ការគ្រប់គ្រងដើមទុនតឹងរ៉ឹង៖ ការគ្រប់គ្រងដើមទុនដ៏តឹងរ៉ឹងនៅក្នុងប្រទេសចិន បានធ្វើឱ្យវិនិយោគិនចិន ពិបាកក្នុងបញ្ជូនប្រាក់ចេញក្រៅប្រទេស ដូច្នេះពួកគេក៏ស្វែងរកមធ្យោបាយផ្សេងៗដូចជាការទិញយកអាជីវកម្មបរទេសជាដើម ដើម្បីងាយស្រួលបញ្ជូនប្រាក់ទៅក្រៅប្រទេស និងទី៥៖ ការពង្រីកពាណិជ្ជកម្មជាសកល៖ បន្ថែមពីលើការនាំចេញទំនិញ ឬ ការទិញអចលនទ្រព្យនៅក្រៅប្រទេស ក្រុមហ៊ុនចិន និងវិនិយោគិនចិន កំពុងបោះទុនវិនិយោគយ៉ាងសកម្មនៅក្រៅប្រទេស និងទិញយកអាជីវកម្មនៅក្នុងប្រទេសផ្សេងទៀតជាដើ៕
ដោយ: តែម សុខុម