ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ឲ្យដឹងថ្មីៗនេះថា ជាគោលការណ៍ក្នុងការការពារអ្នកប្រើប្រាស់ ខាងក្រសួង ក៏បាននិងកំពុងរៀបចំឲ្យមានក្រុមការងារមួយ ដើម្បីជួយស្វែងរកយុតិ្តធម៌ផ្នែកច្បាប់ ដល់អ្នកប្រើប្រាស់ទាំងអស់ឡាយ ដែលទទួលរងផលប៉ះពាល់ ដូចជាការពុល ឬប្រតិកម្ម ដោយសារការប្រើប្រាស់ផលិតផល ដែលមិនមានស្ដង់ដារ ឬមានផ្ទុកសារធាតុគីមីធ្ងន់ធ្ងរ។
បើតាម ឯកឧត្តម ចម ប្រសិទ្ធ ប្រសិនបើរកឃើញថា ការពុលនោះ ពិតជាមានទាក់ទងនឹងផលិតផលនោះមែន នោះម្ចាស់អាជីវកម្មនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ឬស្មើនឹងទោសព្រហ្មទណ្ឌ ទោះបីជាម្ចាស់អាជីវកម្មនោះមានចេតនា ឬអចេតនាក៏ដោយ។
ឯកឧត្តម បន្ថែមទៀតថា ក្រុមការងារដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មនោះ នឹងដើរតួជាតំណាងជនរងគ្រោះ ដែលជាអ្នកប្រើប្រាស់ ដើម្បីធ្វើការប្ដឹងតទល់នឹងម្ចាស់អាជីវកម្មផលិតតែម្ដង ព្រោះនៅបណ្ដាប្រទេសមួយចំនួន ក៏មានតំណាងសមាគមអ្នកប្រើប្រាស់នេះដែរ។ ការរឹតបន្ដឹងបែបនេះ ឯកឧត្តម ចម ប្រសិទ្ធ រំពឹងថា នឹងធ្វើឲ្យអ្នកផលិតមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផលិតរបស់ខ្លួន ពិសេសការពង្រឹងខ្លួនទៅជាការផលិតមានអនាម័យ និងតាមស្ដង់ដារ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងថា ស្ដង់ដារ គឺផ្ដោតសំខាន់ទៅលើសង្វាក់ផលិតកម្មដែលមានអនាម័យខ្ពស់ និងមិនមានប្រើប្រាស់នូវសារធាតុគីមីខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។ បើគិតមកទល់ពេលនេះ កម្ពុជាបានសម្រេចអនុម័តស្ដង់ដារគុណភាពផលិតផល មានជាង ៦០០ស្ដង់ដារហើយ ដែលក្នុងនោះ មានភាគច្រើនជាផលិតផលម្ហូបអាហារ។
បើតាមឯកឧត្តម រដ្ឋមន្ត្រីរូបនេះ ដើម្បីរក្សាបាននូវស្ដង់ដារផលិតម្ហូបហារនេះ ពាណិជ្ជករ និងកសិករ ត្រូវតែធ្វើជាដៃដ៏ល្អ ឬដូចជាដៃគូជីវិតនឹងគ្នាយ៉ាងដូច្នោះដែរ ដើម្បីអាចផលិតបាននូវផលិតផល ដែលមានស្ដង់ដារគុណភាពខ្ពស់។
បន្ថែមពីនេះ ឯកឧត្តម ក៏បានក្រើនរំឭកផងដែរ ដល់អ្នកដែលមិនទាន់មានស្ដង់ដារផលិត ត្រូវចាប់ផ្ដើមគិតគូរពីឥឡូវតទៅ បើសិនជាចង់ឈរជើងនៅលើទីផ្សារបានយូរអង្វែង ព្រោះអ្នកប្រើប្រាស់កាន់តែមានចំណេះដឹង និងស្វែងរកផលិតផលដែលមានគុណភាព។
ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកផលិតមិនព្រមកែប្រែការផលិតរបស់ខ្លួនឲ្យ មានអនាម័យ មានស្ដង់ដារ អ្នកនោះនឹងគ្មានអនាគតទេ។ ហើយក៏កុំបន្តោសគេ ដែលមិនព្រមជួយខ្លួន ព្រោះខ្លួនឯងមិនបានជួយខ្លួនផង។ ការជួយខ្លួនឯងនេះ ផ្ដើមដំបូងឡើង គឺមានឆន្ទៈក្នុងការយកប្រព័ន្ធផលិតមួយដែលស្អាត ហើយចាប់ផ្ដើមកែប្រែសង្វាក់ផលិតកម្មរបស់ខ្លួនឲ្យមានអនាម័យ និងទិញវត្ថុធាតុដើមដែលមានអនាម័យ និងគុណភាព នោះផលិតផលដែលយើងផលិតបានមក គឺមានគុណភាព និងអនាម័យ និងអាចឈានទៅរកស្ដង់ដារបានហើយ។ ផលិតផលហ្នឹងហើយ ដែលធ្វើឲ្យយើងដណ្ដើមទីផ្សារបានទៅថ្ងៃក្រោយទៀត»។
ជាមួយគ្នានេះ លោក លាង ឡេង នាយកគ្រប់គ្រងសហគ្រាស លាង ឡេង បានលើកឡើងថា ការបង្កើតឡើងនូវស្ដង់ដារសម្រាប់ផលិតផល គឺពិតជាជួយច្រើនណាស់ ដល់ការកសាងនូវម៉ាកសញ្ញាផលិតផល ដែលជាទំនុកចិត្តរបស់អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះ វាក៏ជួយឲ្យផលិតផលងាយក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។
សូមជម្រាបដែរថា ដើម្បីបង្កើនផលិតភាព និងគុណភាពផលិតផលក្នុងស្រុក កន្លងមក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានណែនាំម្ចាស់សហគ្រាសឲ្យអនុវត្តស្ដង់ដារផលិតសម្រាប់ផលិតផលរបស់ខ្លួនផងដែរ ដើម្បីជៀសវាងការផ្ដល់ការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជា គេហកិច្ចល្អ៥យ៉ាង ឬហៅថា ស៥ , គោលការណ៍ខាយហ្សិន, ស្ដង់ដារ GMP, ហាសាប (HACCP) និង ISO 22000 ជាដើម៕