មួក​ត្នោត​ខ្មែរ

មួក​ត្នោត​ខ្មែរ​លក់​ដាច់​ខ្លាំង​ក្នុង​ពិធី​បុណ្យ​អុំទូក


បើ​ទោះ​បី​មេឃ​មិន​សូវ​ក្តៅ​ខ្លាំង​ក៏​ដោយ ប៉ុន្តែ មួក​ត្នោត​ខ្មែរ នៅ​តែ​ទទួល​បាន​ការពេញ​និយម​ខ្លាំង​ពី​ពលរដ្ឋ​នៅ​មាត់​ទន្លេ​ចតុមុខ ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក។
កញ្ញា សុខ ស្រីល័ក្ខ អាយុ ២៩ឆ្នាំ អង្គុយ​លក់​មួក​ត្នោត​ នៅ​មាត់​ទន្លេ នៅថ្ងៃទីមួយ​នៃ​ពិធី​បុណ្យ​អុំ​ទូក។ រូបភាព៖ សូរ ចាន់ណា
ដោយ

កញ្ញា សុខ ស្រីល័ក្ខ អាយុ​២៩​ឆ្នាំ ដែល​កំពុង​អង្គុយ​លក់​មួក​ត្នោត បាន​ប្រាប់ ខេមបូណូមីស ថា នៅ​ព្រឹក​ថ្ងៃ​ទី​មួយ​នេះ​នៃ​ពិធី​បុណ្យ​អុំ​ទូក ថា កញ្ញា​លក់​ដាច់​គ្រាន់​បើ​ដែរ ទោះ​បី​មេឃ​មិន​ក្តៅ​ខ្លាំង​ក៏​ដោយ។

ជា​អ្នក​ខេត្ត​កណ្តាល ស្រីល័ក្ខ បាន​រៀបរាប់​ថា៖ «ខ្ញុំ​រំពឹង​ថា ថ្ងៃ​ទីមួយ​នេះ ខ្ញុំ​នឹង​អាច​លក់​មួក​ដាច់​បាន​១០០​មួក ព្រោះ​ឆ្នាំ​ទៅ ខ្ញុំ​ក៏​លក់​ដាច់​បាន​ប៉ុណ្ណឹង​ដែរ»។ 

បើតាម​កញ្ញា សុខ ស្រីល័ក្ខ មួក​ត្នោត​ទាំង​នេះ កញ្ញា​ទិញ​ពី​ម៉ូយ​នៅ​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ ក្នុង​មួក​១​មាន​តម្លៃ​១៥០០​រៀល។ កញ្ញា​រម្លឹក​ថា បុណ្យ​អុំទូក​កាល​ពី​ឆ្នាំ​មុន កញ្ញា​ទទួល​បាន​ចំណូល​៣០​ម៉ឺន​រៀល ពោល គឺ​កញ្ញា​យក​មួក​ត្នោត​ត្រឹមតែ​២០០​ប៉ុណ្ណោះ ដើម្បី​ដាក់​លក់​ក្នុង​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ។ 

អ្នក​ដើរ​លេង​បុណ្យ​អុំទូក ទិញ​មួក​ត្នោត​ពាក់​ការពារ​កម្ដៅ ធ្វើ​ឲ្យ​របរ​ងាយ​មួយ​នេះ​កាក់​កប​គួរសម។ (រូបភាព៖ សូរ ចាន់ណា)

កញ្ញា​សង្ឃឹម​ថា នៅ​ឆ្នាំ​នេះ កញ្ញា​នឹង​អាច​លក់​មួក​ត្នោត​អស់​ប្រហែល​៣០០​មួក ដែល​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រហែល​ជាង ១០០​ដុល្លារ។

នៅព្រឹក​ថ្ងៃ​ទី១​នៃ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អក​អំបុក ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​បាន​និង​កំពុង​សម្រុក​ចូល​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​មក​ទស្សនា​ការ​ប្រណាំង​ទូក។ ទន្ទឹម​គ្នា​នេះ កំដៅ​ថ្ងៃ ក៏​បាន​បញ្ចេញ​ពន្លឺ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​លក់​មួក​ត្នោត ចាប់​ផ្តើម​មាន​ប្រជាប្រិយ​ភាព​ខ្លាំង។ 

អ្នកស្រី ឈន សុខងូត អាយុ​៥៨​ឆ្នាំ ជា​អ្នក​លក់​មួក​ត្នោត​ មក​ពី​​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ អ្នកស្រី​ទិញ​មួក​ពី​កន្លែង​ផលិត​ចំនួន​៥០០​មួក ដោយ​អង្គុយ​លក់​មួក​ដោយ​ខ្លួន​ឯង​ផង និង​បោះដុំ​ឲ្យ​អ្នក​ដែល​ចង់​ទិញ​យក​លក់​បន្ត​ផង​ដែរ។ 

អ្នក​លក់​មួក​ត្នោត​ សង្ឃឹមថា នឹង​លក់​បាន​ច្រើន​នៅ​ឆ្នាំ​នេះ។ (រូបភាព៖ សូរ ចាន់ណា)

អ្នកស្រី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បើ​មេឃ​ក្តៅ អាច​លក់​អស់​១០០​មួក តែ​បើ​មេឃ​ត្រជាក់​លក់​មិន​អស់​ទេ តែ​មីង បោះ​ដុំ​ឲ្យ​គេ​ដែរ​ហ្នឹង។ ឆ្នាំ​ទៅ មីង​លក់​អស់​ជាង​៣០០​មួក តែ​ឆ្នាំ​នេះ​ទិញ​មួក​មក​ច្រើន»។

ការលក់​មួក​ត្នោត ជា​មុខ​របរ​ងាយ​ស្រួល និង​លក់​ដាច់​ខ្លាំង​តែ​ក្នុង​កន្លែង​ពិធី​បុណ្យទាន​ធំៗ និង​មាន​កំដៅ​ថ្ងៃ​ខ្លាំង។ 

របរ​មួយ​នេះ ក៏​អាច​ផ្តល់​ប្រាក់​ចំណូល​ដល់​សិស្ស​និស្សិត​យ៉ាង​សម្បើម​ផង​ដែរ ប្រសិន​បើ​ពួក​គេ​ឆ្លៀត​យក​ពិធី​បុណ្យនេះ ដើម្បី​លក់​មួក​ត្នោត ពីព្រោះ វា​ជា​របរ​ងាយ​ស្រួល ដែល​មិន​ត្រូវការ​សម្ភារ និង​ភាព​ច្នៃ​ប្រឌិត​អ្វី​ច្រើន​ឡើយ គឺ​គ្រាន់​តែ​ចេះ​ពពាយ​នាយ ឬ​អង្គុយ​លក់​តែ​ប៉ុណ្ណោះ៕                  

None



អត្ថបទបន្ទាប់


អ្នក​ដឹក​ជញ្ជូន​​ទំនិញ​ឆ្លង​កាត់​​ថៃ​អាច​នឹង​ប៉ះពាល់ នៅ​ពេល​ច្បាប់​គយ​ថ្មីថៃ​ចូល​ជា​ធរមាន

ប្រសិន​បើ​អ្នក​ជា​អ្នក​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​កម្ពុជា ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ថៃ អ្នក​អាច​នឹង​រង​ផល​ប៉ះពាល់​នៅ​ពេល​ខាង​មុខ​នេះ នៅ…

វៀតណាម​រក​ចំណូល​ពី​ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​បានច្រើន​ជាង​នាំ​ចេញ​ប្រេងឆៅ

កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ប្រទេស​វៀតណាម​រក​ចំណូល​ពី​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ បាន​ច្រើន​ជាង​ចំណូល​ពីការ​នាំ​ចេញ​ប្រេង​ឆៅ​ទៅទៀត។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ